សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប៉ាគីស្ថានសម្រេចផ្អាកការនាំចូលប្រេងឆៅពីរុស្ស៊ីជាបណ្តោះអាសន្ន
15, Aug 2023 , 12:19 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ប៉ាគីស្ថានសម្រេចផ្អាកការនាំចូលប្រេងឆៅពីរុស្ស៊ីជាបណ្តោះអាសន្ន ក្រោមហេតុផលថា ប្រេងឆៅរបស់រុស្ស៊ីចម្រាញ់បានប្រេងសាំងតិចជាងមុន តែផលិតប្រេងប្រភេទច្រើនជាង ២០ភាគរយទៅវិញ បើធៀបប្រេងឆៅពីបណ្តាប្រទេសអារ៉ាប់។

 
បើតាមសារព័ត៌មានប៉ាគីស្ថាន The News International ប្រទេសនេះបានបញ្ឈប់ការនាំចូលប្រេងឆៅពីរុស្ស៊ីជាបណ្ដោះអាសន្ន បន្ទាប់ពីដំណើរការចម្រាញ់បានផលិតប្រេងច្រើនជាងសាំង។
 
មកដល់ពេលនេះ រោងចក្រចម្រាញ់ប្រេងប៉ាគីស្ថានបានបដិសេធមិនម្រាញ់ប្រេងឆៅរុស្ស៊ីទាំងអស់ បើទោះបីជាមានការទទូចពីអតីតរដ្ឋមន្ត្រីថាមពលលោក Musadik Malik ក៏ដោយ។
តាមពិតទៅ នាវាដឹកប្រេងរុស្ស៊ីពីរគ្រឿងប៉ុណ្ណោះបានមកដល់កំពង់ផែ Karachi របស់ប៉ាគីស្ថាន កាលពីថ្ងៃទី១១ដល់ថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីនោះគ្មាននាវាដឹកប្រេងរុស្ស៊ីបានមកដល់ប៉ាគីស្ថានទេ។
 
បើតាមអ្នកជំនាញ ប្រសិនបើតម្លៃប្រេងឆៅ Brent និងប្រេងឆៅអារ៉ាប់បន្តឡើងថ្លៃ ខណៈតម្លៃប្រេងឆៅរុស្ស៊ីមិនកើនឡើង នោះជម្រើសដ៏ល្អគឺបន្តនាំចូលប្រេងឆៅរុស្ស៊ីអាចផ្តល់ផលប្រយោជន៍ដល់ប៉ាគីស្ថាន។ យ៉ាងណាមិញ ឱកាសសម្រាប់ស្ថានភាពក្នុងការធ្វើបែបនេះ គឺតិចតួចណាស់៕ 
 

Tag:
 ប្រេង
  រុស្ស៊ី
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com