ជាតិ
តើត្រី Piranha ពិតជាអាចស៊ីសាច់មនុស្សក្នុងរយៈពេលតែប៉ុន្មានវិនាទីមែន?
15, Aug 2023 , 2:39 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
 
យើងតែងតែឮគេនិយាយតៗគ្នាថា ត្រី Piranha អាចស៊ីសាច់មនុស្ស ឬគោក្របីក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ តើត្រីនេះមានប្រភពមកពីណា? ហើយវាពិតជាសាហាវដល់ថ្នាក់សាច់មនុស្ស ឬគោក្របីក្នុងរយៈពេលតែប៉ុន្មានវិនាទីពិតមែនដែរឬទេ?

 
ត្រី Piranha ជាពពួកត្រីទឹកសាប ដែលរស់នៅក្នុងទន្លេអាម៉េរិកខាងត្បូង ជាពិសេសនៅក្នុងអាងអាម៉ាហ្សូន។ ត្រីនេះ ជាធម្មតាមានប្រវែងពី៥ ទៅ១០អ៊ីង ហើយត្រូវបានគេស្គាល់ជាទូទៅថា ជាត្រីដែលមានចំណង់អាហារដ៏ខ្លាំងក្លា ជាមួយនឹងធ្មេញមុតស្រួច។ 
 
ត្រីនេះ មានច្រើនប្រភេទខុសៗគ្នា។ ប៉ុន្ដែភាគច្រើន​ នៅពេលដែលគេនិយាយពីភាពកាចសាហាវរបស់វា គឺគេសំដៅទៅលើប្រភេទម្យ៉ាងដែលមានឈ្មោះថា ត្រី Piranha ពោះក្រហម (Red-Bellied Piranha)។ 
 
ទស្សនាវដ្ដីបែបប្រវត្តិសាស្រ្ត Smithzonian ផ្សាយថា ប្រធានាធិបតីអាម៉េរិកទី២៦ Theodore Roosevelt ជាអ្នកចាប់ផ្ដើមនិយាយពីភាពកាចសាហាវរបស់ត្រី Piranha មុនគេ នៅក្នុងសៀវភៅកំណត់ប្រវត្តិ ដំណើរទៅកាន់ប្រេស៊ីលរបស់លោកនៅឆ្នាំ១៩១៣ ដែលមានចំណងជើងថា «Through the Brazilian Widerness»។ 
 
សៀវភៅនេះ ទាក់ទាញក្រុមហ៊ុនហូលីវូដ ឱ្យផលិតភាពយន្តពីត្រី Piranha ដែលជាត្រីកាចសាហាវតាមរយៈ​​ភាពយន្ដដូចជា Piranha (១៩៧៨) និង Piranha II: The Spawning (១៩៨១) ជាដើម។ 
 
ផ្ទុយទៅវិញ ធាតុពិតរបស់ត្រី Piranha មិនសាហាវដល់ថ្នាក់នេះទេ។ វាជាការពិតដែលត្រី Piranha ស៊ីសាច់មនុស្ស  ឬថនិកសត្វតូចៗជាអាហារ ប៉ុន្ដែសាច់ទាំងនោះ ត្រូវក្លាយទៅជាសាកសព ឬក៏ងាប់សិន ទើបត្រី Piranha ស៊ីជាអាហារ។ បន្ថែមពីលើនេះ ត្រី Piranha ខ្លះស៊ីគ្រាប់ពូជជាងសាច់។ រីឯខ្លះទៀត ស៊ីតែរុក្ខជាតិជាអាហារតែប៉ុណ្ណោះ។ 
 
គួរបញ្ជាក់ថា ត្រី Piranha គឺជាប្រភេទត្រីដែលរកស៊ីជាក្រុម ឬហែលជាក្រុមដើម្បីការពារខ្លួន ពីការវាយប្រហាររបស់សត្រូវ។ ត្រីនេះ ត្រូវបានសន្និដ្ឋានថាវាដូចទៅនឹងត្រីធម្មតាជាមួយនឹងធ្មេញធំហើយមុតស្រួច។ អ្វីដែលរឹតតែចាប់អារម្មណ៍នោះ គឺត្រីនេះ អាចបញ្ចេញសំឡេងដ៏ព្រឺព្រួច នៅពេលដែលជួបសត្រូវថែមទៀត។ 
 
ថ្វីបើត្រីនេះ ភាគច្រើនខ្លាចមនុស្សដូចត្រីតូចៗនានា វាក៏មាន​ករណី​ដែល​មនុស្ស​ត្រូវ​បាន​ត្រី Piranha ខាំ ប៉ុន្តែ​ភាគច្រើនកើតឡើង​ដោយចៃដន្យ ​ឬ​ការ​ប្រព្រឹត្ត​ខុសបច្ចេកទេស ​របស់​អ្នក​នេសាទ។ ទោះបីជាយ៉ាងក្ដី ករណីដែលថាមនុស្ស អាចនឹងត្រូវបានស៊ីទាំងរស់ ដោយត្រី Piranha មានភាគរយស្ដើងខ្លាំងបំផុត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com