អន្តរជាតិ
លោក យូន ថា កិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាម៉េរិកនិងជប៉ុនសំខាន់ សម្រាប់ទំនាក់ទំនងត្រីភាគី
15, Aug 2023 , 6:39 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល អះអាងថា កិច្ចប្រជុំកំពូលនាពេលខាងមុខជាមួយមេដឹកនាំអាម៉េរិក និងជប៉ុន នឹងកំណត់ព្រឹត្តិការណ៍ថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីដើម្បីឆ្លើយតបការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីសំណាក់កូរ៉េខាងជើង។

 
ថ្លែងក្នុងពិធីប្រារព្ធ​ខួប​នៃ​ការ​រំដោះ​កូរ៉េខាងត្បូង​ពី​ការ​គ្រប់គ្រង​អាណានិគម​របស់​​ជប៉ុននាថ្ងៃទី១៥ ខែសីហា លោក យូន សុកយ៉ល ក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ តាមរយៈការពង្រឹងសមត្ថភាពឈ្លបយកការណ៍ និងការចែករំលែកទិន្នន័យតាមពេលវេលាជាក់ស្តែងស្តីពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
 
«កិច្ចប្រជុំកំពូលខាងមុខនេះនឹងកំណត់ព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីដែលវានឹងរួមចំណែកដល់សន្តិភាព និងវិបុលភាពនៃឧបទ្វីបកូរ៉េ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ លោក យូន បាននិយាយបែបនេះ។ 
 
តាមគម្រោង លោក យូននឹងចូលរួមជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នៅក្នុងកិច្ចប្រជុំកំពូលនៅនិវេសនដ្ឋានប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland នៅថ្ងៃទី១៨ ខែសីហា។ មេដឹកនាំទាំង៣ នឹងរំពឹងជជែកលើគំនិតផ្តួចផ្តើមរួមគ្នានានាលើវិស័យបច្ចេកវិទ្យា ការអប់រំ និងការពារជាតិ។
 
គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០២២ មក លោក យូន បានខិតខំកែលម្អទំនាក់ទំនងរវាងកូរ៉េខាងត្បូងនឹងជប៉ុន ដោយលោកយល់ថាប្រទេសទាំងពីរជាដៃគូដែលចែករំលែកតម្លៃសកល និងបន្តផលប្រយោជន៍រួមជាមួយគ្នា៕ 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com