អន្តរជាតិ
បក្សឆ្ពោះទៅមុខ ប្រកាសមិនគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ
16, Aug 2023 , 10:39 am        
រូបភាព
គណបក្សឆ្ពោះទៅមុខដែលឈ្នះ ការបោះឆ្នោតជាតិថៃ នឹងមិនគាំទ្រអតីតដៃគូសម្ព័ន្ធមិត្ត​បក្ស​ភឿថៃ​ក្នុង​ការបោះឆ្នោតសភាជ្រើសតាំងនាយករដ្ឋមន្ត្រីបន្ទាប់នោះទេ ដោយសារមិនស្របឆន្ទៈរាស្រ្ត។

 
ការសម្រេចចិត្តមិនគាំទ្ររបស់គណបក្សឆ្ពោះទៅមុខដែលមានអាសនៈច្រើនជាងគេក្នុងសភាអាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំរបស់បក្សភឿថៃដើម្បីទទួលបានការគាំទ្រដែលត្រូវការដើម្បីបង្កើតរដ្ឋាភិបាល ហើយក៏អូសបន្លាយភាពជាប់គាំងផ្នែកនយោបាយថៃផង។
 
សម្ព័ន្ធភាពរវាងបក្សទាំង២ បានដួលរលំបន្ទាប់ពីការប៉ុនប៉ងមិនបានសម្រេចក្នុងការបោះឆ្នោតគាំទ្រ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក Pita Limjaroenrat ដល់ទៅពីរដងកាលពីខែមុន។ អគ្គលេខាធិការ​បក្សឆ្ពោះទៅមុខ លោក Chaithawat Tulaton បានប្រាប់សន្និសីទសារព័ត៌មានមួយថា សមាជិក​សភា​របស់គណបក្សមូលមតិជាឯកច្ឆ័ន្ទមិនគាំទ្របេក្ខភាពបក្សភឿថៃឡើយ។ 
 
«​ការ​បង្កើត​រដ្ឋាភិបាល​ឥឡូវ​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សំឡេង​ប្រជាជន​ទេ។ វាច្បាស់ណាស់ សមាជិក ព្រឹទ្ធសភា និងគណបក្សផ្សេងទៀតរារាំងបក្សឆ្ពោះទៅមុខ»។ លោក Chaithawat បញ្ជាក់បែបនេះ។
 
លើការសម្រេចចិត្តរបស់បក្សឆ្ពោះទៅមុខ មេដឹកនាំគណបក្សភឿថៃ Cholnan Srikaew និយាយថា គណបក្សរបស់លោកមិនភ្ញាក់ផ្អើលទេនោះឡើយ ហើយក៏គោរពការសម្រេចចិត្តមួយនេះ។ បក្ស​ភឿ​ថៃ​កំពុង​​ស្វែងរក​ការ​គាំទ្រ​សម្រាប់​លោក Srettha Thavisin ឱ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី។
 
គួរបញ្ជាក់ថា ថៃបានស្ថិតនៅក្រោមរដ្ឋាភិបាលបណ្ដោះអាសន្នរយៈពេល៥ខែកន្លងមក ហើយ​ការ​បោះឆ្នោតសភាបន្ទាប់លើនាយករដ្ឋមន្ត្រីមិនទាន់ត្រូវបានកំណត់ពេលនៅឡើយទេ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com