អន្តរជាតិ
ចិនអះអាងថា សេដ្ឋកិច្ចរបស់ខ្លួននៅតែជាក្បាលម៉ាស៊ីនសំខាន់សម្រាប់កំណើនពិភពលោក
17, Aug 2023 , 12:19 pm        
រូបភាព
ក្រុងប៉េកាំងអះអាងថា សេដ្ឋកិច្ចរបស់ខ្លួននៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់​កំណើន​សេដ្ឋកិ​ច្ច​ពិភពលោក។ មហាអំណាចទី២មួយនេះ ក៏បានច្រានចោលចំពោះការអះអាងទាំងឡាយ​ណា​ដែល​ថា​ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ចិនអាចបង្កហានិភ័យដល់សេដ្ឋកិច្ចពិភពលោក។

 
ថ្លែងក្នុងសន្និសីទព័ត៌មាននៅទីក្រុងប៉េកាំងនៅថ្ងៃទី១៦ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បាននិយាយថា សេដ្ឋកិច្ចរបស់ចិននៅតែបន្តងើបឡើងវិញ និងឆ្ពោះទៅរកភាព ប្រសើរឡើងជាធម្មតា។ ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញនៅក្នុងខែកក្កដាថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនបានកើនឡើង៥,៥ភាគរយក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ។
 
លោក Wang បញ្ជាក់ផងដែរថា ចំនួននេះក៏ខ្ពស់ជាងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមរបស់ចិន៤,៥ ភាគរយក្នុងអំឡុងពេលបីឆ្នាំនៃជំងឺរាលដាលកូវីដ-១៩ ហើយច្រើនជាង៣ភាគរយនៃអត្រាកំណើន​ផលិតផលក្នុងស្រុកសរុបរបស់អាម៉េកនៅក្នុងឆមាសទីមួយក្នុងឆ្នាំនេះផងដែរ។
 
«ចិន​​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​សេដ្ឋកិច្ច​ដោយ​មាន​ចំណុច​ខ្លាំង​ទាំងគុណភាព ​និង​បរិមាណ»។ លោក Wang សង្កត់ធ្ងន់បែបនេះ រួចបន្តថា នៅ​ក្នុង​របាយការណ៍​ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បង្ហាញ​កាលពីខែកក្កដា សេដ្ឋកិច្ចរបស់ចិនត្រូវបានព្យាករណ៍នឹងកើនឡើង៥,២ភាគរយសម្រាប់ឆ្នាំ២០២៣ ហើយនឹងរួម​ចំណែកមួយភាគបីទៅកាន់កំណើនពិភពលោកនៅឆ្នាំ២០២៣។
 
កត្ដាដែលជំរុញកំណើនសេដ្ឋកិច្ចរបស់ចិនគឺ ការប្រើប្រាស់ជាក់ស្ដែងរបស់ប្រជាជន។ លើសពីនេះ អត្រារួមចំណែកនៃតម្រូវការ​ក្នុង​ស្រុកចំ​ពោះ​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ឈានដល់១១០,៨ភាគរយក្នុង​រយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើងចំនួន៥៩,៤ភាគរយ។ ឯអត្រារួម​ចំណែកនៃការប្រើប្រាស់ចុងក្រោយបានកើនឡើងដល់៧៧,២ភាគរយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com