អន្តរជាតិ
Politico៖ លោក បៃឌិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រក្នុងទស្សនកិច្ចនៅវៀតណាម
19, Aug 2023 , 12:09 pm        
រូបភាព
អាម៉េរិក និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រអំឡុងទស្សនកិច្ចប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅពាក់កណ្តាលខែកញ្ញា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ​Politico នៅថ្ងៃទី១៨ ខែសីហា។

 
កិច្ចព្រមព្រៀងអាម៉េរិក-វៀតណាម នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មីដែលនឹងជួយវៀតណាមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់របស់ខ្លួនរួមទាំងការផលិតសឺមីកុងឌុចទ័រ និង​បញ្ញា​សិប្បនិម្មិត។ 
 
យ៉ាងណាមិញ គម្រោងទស្សនកិច្ចនៅវៀតណាម មិនទាន់កំណត់ជាក់លាក់នៅឡើយ។ លោក ចូ បៃឌិន ក៏កំពុង​ថ្លឹងថ្លែង​ចំពោះដំណើរ​ទស្សនកិច្ច​នៅ​ខែ​កញ្ញា​ទៅ​​វៀតណាម ដែលអាចធ្វើស្របគ្នានឹងការចូលរួមប្រជុំអាស៊ាននៅឥណ្ឌូណេស៊ី និងកិច្ចប្រជុំ G20 នៅឥណ្ឌា។
 
នៅដើមខែសីហា លោក បៃឌិន បង្ហើបថា លោកនឹងធ្វើដំណើរទៅកាន់វៀតណាមក្នុងពេលដ៏ខ្លី ដោយសារប្រទេសនេះចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយអាម៉េរិក និងក្លាយជាដៃគូដ៏​សំខាន់​។ 
 
គួរបញ្ជាក់ថា នៅក្នុងជំនួបមួយកាលពីខែមេសា នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានសម្តែងពីបំណងចង់​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់​តែស៊ីជម្រៅ ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងទំនាក់ទំនង​ជាមួយ​ដៃគូ​ក្នុង​តំបន់​អាស៊ីដើ​ម្បីទប់ទល់នឹងចិនដែលមានឥទ្ធិពលតែខ្លាំងឡើង៕
 

Tag:
 អាម៉េរិក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com