ជាតិ
១៩ឆ្នាំមកនេះអាជ្ញាធរអប្សរាដាំកូនឈើបានជាង២លានដើម 
លោក ហង់ ពៅ និងគ្រួសារដាំដើមឈើនៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី១៦ សីហា ឆ្នាំ២០២៣។ រូបភាព៖ ថោង ប្រណី
×![]()
សៀមរាប៖ ក្នុងឆ្នាំ២០២៣នេះ គឺមានរយៈពេល១៩ឆ្នាំហើយដែលអាជ្ញាធរជាតិអប្សរាបានបង្កើត នាយកដ្ឋានទឹក និងព្រៃឈើ (ឈ្មោះនៅពេលនោះ) គឺនៅខែ សីហា ឆ្នាំ២០០៤។ ១៩ឆ្នាំមកនេះ ស្ថាប័ននេះបានដាំដើមឈើក្នុងរមណីយដ្ឋានអង្គរបានជាង២លានដើម ដើម្បីរក្សាទេសភាពវប្បធម៌ ក្នុងតំបន់បេតិកភណ្ឌមនុស្សជាតិ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានថ្លែងដោយក្ដីមោទនដែលស្ថាប័ននេះមានលទ្ធភាព ដាំដើមឈើបានច្រើន។ យ៉ាងណាលោកអគ្គនាយកយល់ថា ចំនួននេះមិនច្រើនប៉ុន្មានទេក្នុងរយៈពេល១៩ឆ្នាំ ហើយបេសកកម្មរបស់អាជ្ញាធរនឹងបន្តធ្វើយ៉ាងណាដាំ និងជំរុញការដាំកូនឈើ កាន់តែច្រើនថែមទៀត។
លោក ហង់ ពៅ បញ្ជាក់ថា ជាង២លានដើម គឺមិនរាប់ដើមឈើដែលបានចែករាយដល់ពលរដ្ឋនៅតំបន់ដទៃ ដែលសុំយកទៅដាំទេ។ ហើយត្រឹមពេលដ៏ខ្លីគិតជាចុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានរៀបចំផ្ទៃដី និងដាំដើមឈើបានជាង ៤៧,០០០ដើម គឺនៅលើផ្ទៃរបស់ប្រជាពលរដ្ឋ ដែលចេញទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង។ ការចាកចេញរបស់ពួកគេ ក្រោយរដ្ឋាភិបាលរៀបចំ គោលនយោបាយដោយមានក្រុមការងារតម្រង់ទិសរៀបចំតំបន់រមណីយដ្ឋានអង្គរឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ក្នុងតំបន់អង្គរ។ នេះជាការលើកឡើងរបស់លោក ហង់ ពៅ។
ថ្លែងចំពោះមុខមន្រ្តី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាប្រមាណ៣០០នាក់នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត នាឱកាសដាំដើមឈើអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី១៦ សីហា អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលជាអ្នកជំនាញទឹក បានបន្តរំឭកពីគុណសម្បត្តិរបស់ដើមឈើក្នុងតំបន់អង្គរ។ លោកពន្យល់ថា ទឹក ព្រៃឈើ និងប្រាសាទមិនអាចខ្វះគ្នាបានទេ។ លោកពន្យល់ថា៖« បញ្ហាប្រាសាទរបស់យើងទាក់ទងនឹងស្ថេរភាពរបស់ប្រាសាទ ហើយស្ថេរភាពប្រាសាទទាក់ទងនឹងទឹកក្រោមដី ទឹកក្រោមដីនេះបើសិនយើងដាំដើមឈើ តួនាទីទីមួយកាត់បន្ថយនូវរំហួត ទីពីរ ដើមឈើបញ្ចេញនូវសំណើម ទីបី កាត់បន្ថយល្បឿនខ្យល់ដែលអាចប៉ះពាល់ប្រាសាទ…»។
នាឆ្នាំនេះអាជ្ញាធរជាតិអប្សរាបានកាត់បន្ថយការចែកចាយដើមឈើដល់ប្រជាពលរដ្ឋទូទៅ ដ្បិតមានតម្រូវការដាំច្រើននៅតំបន់ជុំវិញ។ លោក ហង់ ពៅ បានបន្តលើកទឹកចិត្តដល់ពលរដ្ឋទូទៅ ចូលរួមដាំដើមឡើងវិញនៅតំបន់អង្គរ គឺនៅតាមផ្ទៃដីដែលបានរៀបចំរួចដោយពួកគេអាចស្នើសុំដាំជាក្រុមៗបាន។ លោក ហង់ ពៅ លើកឡើងដូច្នេះថា«សូមអំពាវនាវមហាជនមកជាលក្ខណៈគ្រួសារអាចមកដាំបាននិងចង់ឱ្យពលរដ្ឋមានអនុវស្សាវរីយបន្សល់ទុកដើមឈើយ៉ាងតិចមួយដើមក្នុងតំបន់អង្គរដែរ»។
សូមបញ្ជាក់ថា ដើមឈើដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាដាំនាឱកាស ខាងលើសរុប ១០១៨ដើម នៅបរិវេណអតីតការដ្ឋានជួសជុលមុខប្រាសាទអង្គរវត្ត ដែលត្រូវបានរៀបចំ និងរើសម្ភារដាក់ទៅទីតាំងថ្មី។ លោក ហង់ ពៅ ចាត់ទុកថាទីតាំងនេះគឺល្អបំផុតនៅខាងមុខប្រាសាទអង្គរវត្ត៕
Tag:
រមណីយដ្ឋានអង្គរ
ហង់ ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com