អន្តរជាតិ
ចិន​ ធ្វើសមយុទ្ធក្បែរតៃវ៉ាន់ ឆ្លើយតបការឈប់សំចតនៅអាម៉េរិករបស់​អនុប្រធានាធិបតីតៃវ៉ាន់
19, Aug 2023 , 2:39 pm        
រូបភាព
យោធាចិន ប្រកាសធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃទី១៩ ខែសីហា ដើម្បីឆ្លើយតបនឹងការឈប់សំចតរបស់មេដឹកនាំតៃវ៉ាន់អាម៉េរិក។

 
ដូចអ្វីដែលគេរំពឹងទុក ចិនពិតជារៀបចំសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់មែនក្រោយការឈប់សំចតរបស់អនុប្រធានាធិបតីតៃវ៉ាន់ William Lai នៅអាម៉េរិកក្នុងដំណើរទស្សនកិច្ចនៅប៉ារ៉ាហ្កាយ។ បើតាមការប្រកាសរបស់ទីបញ្ជាការដ្ឋានភូមិភាគខាងកើតរបស់យោធាចិន សមយុទ្ធលើកនេះមានការល្បាតផ្លូវអាកាស និងផ្លូវទឹកជុំវិញកោះតៃវ៉ាន់។
 
«នេះជាការព្រមានម៉ឺងម៉ាត់ចំពោះកម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់ដែលចូលដៃចូលជើងជាមួយកម្លាំងខាងក្រៅ។» សេចក្ដីប្រកាសដដែលបន្តបែបនេះ។
 
មុនការប្រកាសនេះ ក្រសួងការបរទេសចិននាថ្ងៃទី១៨​ ខែសីហាក៏ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់​ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បន្ទាប់ពីលោក Lai ធ្វើដំណើរ​តាម​ជើង​យន្តហោះឆ្លងកាត់ និងឈប់នៅទីក្រុងញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ។
 
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មានប្រចាំ​ថ្ងៃ​បាន​សង្កត់ធ្ងន់ថា ក្រុងប៉េកាំងថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាម៉េរិក​ក្នុងការរៀបចំ​ការ​ឈប់សំចតសម្រាប់លោក Lai។ ក្រុងប៉េកាំងមើលឃើញថា នេះជាការ​បញ្ជូន​សញ្ញា​ដែល​ខុស​ឆ្គង​យ៉ាង​ធ្ងន់ធ្ងរដែលមានបំណងបញ្ជាក់ពីឯករាជ្យភាពតៃវ៉ាន់។
 
លោក Wang ក៏រំលឹក ឡើងវិញពីគោលការណ៍ចិនតែមួយដែលជាបទដ្ឋានមូលដ្ឋានទទួលស្គាល់​ដោយសហគមន៍អន្តរជាតិ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើត និងការអភិវឌ្ឍទំនាក់ទំនងចិន-អាម៉េរិក៕
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com