សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការប្រាក់កម្ចីទិញផ្ទះនៅអាម៉េរិកកើនខ្ពស់បំផុតក្នុងរយៈពេលជាង ២០ឆ្នាំ
20, Aug 2023 , 9:39 am        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក Freddie Mac Housing Finance Group បង្ហាញថាអត្រាកម្ចីទិញផ្ទះនៅអាម៉េរិកជាមធ្យមរយៈពេល ៣០ឆ្នាំបានកើនឡើងដល់ ៧,០៩ភាគរយក្នុងសប្តាហ៍នេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០០២។

 
អត្រាប្រាក់កម្ចីទិញផ្ទះនៅអាម៉េរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២០ឆ្នាំ ដោយបន្ថែមសម្ពាធដល់អ្នកប្រើប្រាស់ដែលកំពុងតស៊ូជាមួយអតិផរណានៅក្នុងប្រទេស។
 
បើតាមទិន្នន័យពី Freddie Mac Housing Finance Group អត្រាកម្ចីទិញផ្ទះជាមធ្យមរយៈពេល៣០ឆ្នាំបានកើនដល់៧,០៩ភាគរយនៅសប្តាហ៍នេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០០២។
 
នៅឆ្នាំ២០២០ សន្ទស្សន៍អត្រាការប្រាក់ទិញផ្ទះមានត្រឹមតែ៣ភាគរយ ខណៈឆ្នាំ២០២២ឡើងដល់៥,១៣ភាគរយ  ហើយសន្ទស្សន៍នេះបានកើនលើសពី ៧ភាគរយ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០២២ ។
 
ទីផ្សារលំនៅឋាននៅអាម៉េរិក បានរងការវាយប្រហារយ៉ាងខ្លាំងពីអត្រាការប្រាក់បានកើនឡើងឆាប់រហ័សក្នុងប៉ុន្មានខែថ្មីៗនេះ ដែលធ្វើឲ្យម្ចាស់ផ្ទះមានការស្ទាក់ស្ទើរក្នុងការលក់ ខណៈដែលអតិថិជនពិបាកសម្រេចចិត្តក្នុងការទិញ។
 
សេដ្ឋវិទូ Oren Klachkin នៃក្រុមហ៊ុន Oxford Economics (UK) បានវាយតម្លៃថា អត្រាការប្រាក់បច្ចុប្បន្នធ្វើឱ្យមានការលំបាកសម្រាប់អ្នកទិញផ្ទះដែលមានមានតម្លៃខ្ពស់ៗដែលពួកគេចង់បាន។ មូលហេតុគឺដោយសារតែការកើនឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ប្រភពឥណទានតឹងតែង ក៏ដូចជាការផ្គត់ផ្គង់អចលនទ្រព្យខ្វះខាត។
 
ការកើនឡើងអត្រាការប្រាក់អាចបន្តធ្វើឱ្យប៉ះពាល់តម្រូវការផ្ទះ ខណៈដែលអ្នកទិញជួបបញ្ហាជាមួយនឹងការកើនឡើងថ្លៃដើម និងចំនួនអចលនទ្រព្យដែលមានស្រាប់មិនគ្រប់គ្រាន់។
 
លោក Klachkin បានបន្តថា ម្ចាស់ផ្ទះជាច្រើនក៏ស្ទាក់ស្ទើរក្នុងការលក់ផ្ទះរបស់ពួកគេ ព្រោះខ្លាចត្រូវប្តូរទៅជាកម្ចីដែលមានការប្រាក់ខ្ពស់។ ការដំឡើងអត្រាការប្រាក់ដល់ ៨ភាគរយអាចកើនឡើងទ្វេដងនៃការចំណាយដែលម្ចាស់ត្រូវបង់ជារៀងរាល់ខែ។
 
ទិន្នន័យរបស់សមាគមជាតិនៃអចលនទ្រព្យអាម៉េរិក (NAR) បង្ហាញថា នៅក្នុងខែមិថុនា ឆ្នាំនេះ ការលក់ផ្ទះដែលមានស្រាប់បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២៣ ខណៈដែលតម្លៃលក់ជាមធ្យមបានប្រមាណ ៣៣ភាគរយនៃផ្ទះត្រូវលក់លើសពីតម្លៃបញ្ជី៕ 
 

Tag:
 អត្រាការប្រាក់
  អចលនទ្រព្យ
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com