អន្តរជាតិ
កូរ៉េខាងជើង រិះគន់​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលបើកកិច្ចប្រជុំស្ដី​ស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួន​ ​​
19, Aug 2023 , 9:39 pm        
រូបភាព
កូរ៉េខាងជើងបានរិះគន់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើប្រធានបទកំណត់​ត្រាសិទ្ធិមនុស្សរបស់រដ្ឋកុម្មុយនីស្តមួយនេះ។ ទីក្រុងព្យុងយ៉ាងអះអាងថា អាម៉េរិកបានប្រើ​ប្រាស់​អង្គការអន្តរជាតិមួយនេះសម្រាប់ការប្រឆាំងខ្លួន។

 
បណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ UN បានពិភាក្សាអំពីបញ្ហាបំពានសិទ្ធិមនុស្សនៅ កូរ៉េខាងជើងនាថ្ងៃទី​​១៧ ខែសីហា ហើយបាន​រិះគន់​របបដឹកនាំរបស់លោក ​គីម ជុង​អ៊ុន ​ចំពោះ​ការ​ប្រើ​ការ​គាបសង្កត់ ​និង​ភាព​ឃោរឃៅ​ដើម្បី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ជាជាងយកចិត្តទុកដាក់លើជីវភាពខ្លួន។
 
ចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង បានប្រឆាំងនឹងកិច្ចប្រជុំនេះ។
 
«យើងនឹងមិនអត់ឱនឱ្យអាម៉េរិក និងអ្នកដើរតាមដែលប្រឆាំងកូរ៉េខាងជើងដែលប្រើគម្រោង​បង្កាច់​បង្ខូចសិទ្ធិមនុស្ស ហើយនឹងការពារអធិបតេយ្យភាពរបស់រដ្ឋ ប្រព័ន្ធសង្គមនិយម និង​ផល​ប្រយោជន៍​សន្តិសុខ»។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់សម្តីអ្នកនាំពាក្យស្ថាប័នសិទ្ធិ​មនុស្ស​បែបនេះ។
 
នៅស្របពេលនេះ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនបានព្រមព្រៀងគ្នា នៅឯកិច្ចប្រជុំ Camp David នាថ្ងៃទី​ ១៨ ខែសីហាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និង សេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅខណៈប្រឈមមុខការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ មេដឹក​នាំទាំង៣ បានយល់ព្រមធ្វើសមយុទ្ធហ្វឹកហ្វឺនយោធាជារៀងរាល់ឆ្នាំ និងចែករំលែកព័ត៌មាន​ជាក់​ស្តែង​អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅចុងឆ្នាំនេះផងដែរ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com