អន្តរជាតិ
កូនស្រីអតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីនថា ឪពុកខ្លួន​នឹង​ត្រឡប់​ទៅ​ថៃ​វិញ​នៅ​ថ្ងៃ​ទី​២២ សីហា
20, Aug 2023 , 3:39 pm        
រូបភាព
លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ អះអាងថា លោក ថាក់ស៊ីន នឹងវិលត្រឡប់ចូលថៃវិញនៅថ្ងៃទី២២ ខែសីហា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីតែម្ដង។

 
មហាសេដ្ឋីវ័យ៧៤ឆ្នាំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានបណ្តេញចេញពីវអំណាចវនៅក្នុងរដ្ឋ​ប្រហារ​យោធាឆ្នាំ ២០០៦ ហើយបានចំណាយពេល១៥ឆ្នាំក្នុងការនិរទេសខ្លួនឯងចេញពីប្រទេសក្រោយរងការចោទប្រកាន់ជាច្រើនករណីដែលលោកអះអាងថា មានហេតុផលនយោបាយ។
 
«នៅថ្ងៃអង្គារ ២២ ខែសីហា ម៉ោង ៩ ព្រឹក ខ្ញុំនឹងទៅទទួលឪពុកខ្ញុំលោកថាក់ស៊ីន នៅ​អាកាសយានដ្ឋានដនមឿង»។ លោកស្រី Paetongtarn​ ដែល​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ​បាន​និយាយ​នៅ​លើបណ្ដាញសង្គម Instagram បែបនេះ ។
 
បន្ថែមពីនេះ លោកថាក់ស៊ីនបានប្រាប់កាសែត BBC ថៃ នាថ្ងៃទី១៩ ខែសីហាថា លោកប្រាកដនឹង​ត្រឡប់ទៅផ្ទះវិញលើកនេះព្រោះលោកចង់ឱ្យប្រទេសមានសន្តិភាព ហើយលោកក៏នឹកចៅ និងចង់​រស់នៅជាមួយគ្រួសារ។ 
 
ការវិលត្រឡប់ទៅវិញរបស់លោកនឹងធ្វើឡើងស្របពេលនឹងការបោះឆ្នោតជ្រើសតាំងនាយក រដ្ឋមន្ត្រី​នៅពេលរសៀលថ្ងៃទី២២ ខែសីហា។ លោក Srettha Thavisin បេក្ខជនពី​គណប​ក្ស​ភឿថៃ​ដែល​មាន​ទំនាក់ទំនងជាមួយលោក ថាក់ស៊ីន អាចក្លាយជានាយករដ្ឋមន្ត្រី ហើយវានឹងបញ្ចប់ភាព​មិន​ច្បាស់​លាស់ផ្នែកនយោបាយរាប់ខែចាប់តាំងពីការបោះឆ្នោតខែឧសភាមក៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com