អន្តរជាតិ
UN ថ្កោលទោសរុស្ស៊ីចំពោះ​ការ​វាយ​ប្រហារ​​ក្រុង​អ៊ុយក្រែនដែលសម្លាប់ជនស៊ីវិល៧នាក់
20, Aug 2023 , 7:39 pm        
រូបភាព
ការវាយប្រហារដោយមីស៊ីលរបស់រុស្សីទៅលើទីក្រុង Chernihiv ភាគខាងជើងនៃអ៊ុយក្រែន បាន​សម្លាប់មនុស្ស៧នាក់ និងរបួសជាង១០០នាក់នៅថ្ងៃទី១៩ ខែសីហា។ អង្គការសហប្រជាជាតិ (UN) បានបរិហារថា រឿងនេះជាការវាយប្រហារដ៏សាហាវមួយរបស់ក្រុងមូស្គូ។

 
ការវាយប្រហារបានកើតឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសាសនាគ្រិស្តអូតូដុកដោយប្រជាជនខ្លះបានចូលរួមក្នុងព្រះវិហារនាវេលាព្រឹកនៅក្នុងទីក្រុង Chernihiv ហើយក៏ក្លាយជារងគ្រោះដោយសារមីស៊ីលរុស្ស៊ីតែម្ដង។
 
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ UN សម្រាប់អ៊ុយក្រែន លោកស្រី Denise Brown បាននិយាយថា ទង្វើនេះសាហាវណាស់ក្នុងការវាយប្រហារទីលានសំខាន់នៃទីក្រុងធំមួយ នៅ​ពេល​ព្រឹក​ខណៈ​ពេល​ដែលមនុស្សម្នាក់ចេញធ្វើដំណើរ អ្នកខ្លះទៅព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យសាសនា​សម្រាប់​ប្រជាជន​អ៊ុយក្រែនជាច្រើន។
 
«ខ្ញុំថ្កោលទោសសកម្មភាពដដែលៗនៃការវាយប្រហាររបស់រុស្ស៊ីលើតំបន់ដែលមានប្រជាជនអ៊ុយក្រែន... ការវាយប្រហារសំដៅលើជនស៊ីវិល ឬទ្រព្យសម្បត្តិស៊ីវិលត្រូវបានហាមឃាត់យ៉ាង​តឹងរ៉ឹង​នៅ​ក្រោម​ច្បាប់មនុស្សធម៌អន្តរជាតិ»។ លោកស្រីសង្កត់ធ្ងន់បែបនេះ។
 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន Igor Klymenko អះអាងថា បន្ទាប់ពីប្រតិបត្តិការរុករក និង​ជួយ​សង្គ្រោះត្រូវបានបញ្ចប់ចំនួនអ្នកស្លាប់បានកើនឡើងដល់៧នាក់ និងរបួស១២៩នាក់ ដោយក្នុង​នោះ​មានកុមារ១៥នាក់ និងមន្ត្រីប៉ូលិស១៥នាក់ ។ បើតាមអភិបាលក្រុង Chernihiv ស្តីទី លោក Oleksandr Lomako ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍នេះផងដែរ។
 
បន្ថែមពីនេះ អគ្គនាយិកាអង្គការ UNESCO លោកស្រី Audrey Azoulay បានសរសេរ​លើ​បណ្ដាញ​សង្គមថា លោកស្រីលោកស្ដាយចំពោះជនរងគ្រោះទាំងអស់ និងការខូចខាត​នៃ​រោង​មហោ​ស្រព​មួយ​ផ្នែក កន្លែងវប្បធម៌ និងការអប់រំផ្សេងទៀត។ ឯក្រសួងវប្បធម៌​របស់​អ៊ុយក្រែន​បាន​និយាយថា មជ្ឈមណ្ឌលក្នុងទីក្រុង Chernihiv ដែលជាទីក្រុងដែលមានប្រវត្តិរាប់ពាន់ឆ្នាំជាទីតាំង​ដ៏​មានសក្ដា​នុ​ពលសម្រាប់ការតែងតាំងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕
 

Tag:
 UN
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com