អន្តរជាតិ
ចិន បន្ថែមថវិកាប្រហែល១៣៩លានដុល្លារសម្រាប់ការងារសង្គ្រោះគ្រោះមហន្តរាយ
20, Aug 2023 , 8:39 pm        
រូបភាព
ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រាអាសន្នចិន នាថ្ងៃទី១៩ ខែសីហាបានរៀបចំថវិកាចំនួន​១​ពាន់​លានយ័ន (ប្រហែល១៣៩លានដុល្លារអាម៉េរិក) សម្រាប់ការឆ្លើយតបនឹងការស្ដារឡើងវិញក្រោយការវាយប្រហារដោយខ្យល់ព្យុះ។ កញ្ចប់នេះជាផ្នែកនៃការគាំទ្ររបស់រដ្ឋាភិបាល​មជ្ឈិមសម្រាប់​ការងារ​ស​ង្គ្រោះគ្រោះមហន្តរាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

 
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រក្រសួងហិរញ្ញវត្ថុចិន មូលនិធិថ្មីនេះនឹងគាំទ្រជា​ចម្បង​លើការងារសង្គ្រោះសម្រាប់ប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយរួម​ទាំង​តំបន់ប៉េកាំង ធានជីន ហឺប៉ី និងនៅប៉ែកខាងជើងប្រទេសនៃខេត្តហីឡុងជាំង និងជីនលីន។
 
ក្រោមការផ្តល់មូលនិធិថ្មីនេះ ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ នឹងត្រូវបាន​តាំង​ទី​លំនៅថ្មីឱ្យបានត្រឹមត្រូវ ឯទីតាំងផលិតកម្មនៅក្នុងតំបន់រងផលប៉ះពាល់អាចវិល ទៅរកភាពធម្មតាវិញ​បានឆាប់តាមដែលអាចធ្វើទៅបាន។ លើសពីនេះ អ្នកស្រុកដែលរងផលប៉ះពាល់ខ្លះទៀត អាច​ត្រឡប់​ទៅផ្ទះវិញ ឬផ្លាស់ទៅផ្ទះថ្មីមុនរដូវរងាមកដល់។
 
ចាប់តាំងពីដើមរដូវទឹកជំនន់មក រដ្ឋាភិបាលចិនបានបែងចែកថវិកាជាង៩,៦៨ពាន់​លាន​យ័ន​លើ​មូល​និធិបង្ការ និងសង្គ្រោះទឹកជំនន់ផ្សេងៗទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយ។ 
 
ជាមួយគ្នានេះ​ ក្រសួងហិរញ្ញវត្ថុចិន ក៏បានបញ្ជាឱ្យមន្ទីរហិរញ្ញ​វត្ថុថ្នាក់ខេត្ត​ចែក​ចាយ​ថវិ​កា​ឱ្យ​បាន​ទាន់​ពេលវេលា ពង្រឹង​ការ​ត្រួត​ពិនិត្យ​ការប្រើប្រាស់មូលនិធិ និងផ្តល់អាទិភាពដល់ការការពារអាយុជីវិត និ​ង​ទ្រព្យសម្បត្តិ​ពលរដ្ឋ៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com