សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទីវៀតណាម​នឹង​កើនឡើង​ដោយសារតម្រូវការខ្ពស់ពីអាម៉េរិក
27, Aug 2023 , 4:00 pm        
រូបភាព
រូបភាពពី Vinacas ។
រូបភាពពី Vinacas ។
ការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាមត្រូវបានព្យាករថា នឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទីបី ដោយសារមានតម្រូវការខ្ពស់ពីដៃគូនាំចូលដូចជាអាម៉េរិក និងសហភាពអឺរ៉ុប។ នេះបើតាមទូរទស្សន៍វៀតណាម VTV ។

 
ការនាំចេញគ្រាប់ស្វាយចន្ទីវៀតណាម ត្រូវបានរំពឹងថានឹងកើនឡើងដោយសារមានតម្រូវការនាំចូលពីអាម៉េរិក និងសហភាពអឺរ៉ុបកើនខ្ពស់ជាងមុន។  បច្ចុប្បន្នរោងចក្រក្នុងស្រុកបានចុះហត្ថលេខាលើការបញ្ជាទិញគ្រាប់ស្វាយចន្ទីថ្មីៗជាច្រើន ដែលនាំឱ្យតម្រូវការទំនិញនេះបានចាប់ផ្តើមកើនឡើងម្តងទៀត។ សកម្មភាពផលិតកម្មបានប្រព្រឹត្តទៅយ៉ាងសកម្ម ដែលក្រុមហ៊ុនជាច្រើនកំពុងបង្កើនសមត្ថភាពដំណើរការ ដើម្បីរក្សាការបញ្ជាទិញដែលបានចុះហត្ថលេខាតាំងពីខែខាងមុខ។
 
ការកែលម្អគុណភាព ការធ្វើពិពិធកម្មផលិតផល និងការប្រើប្រាស់ឱកាសទីផ្សារបានល្អ នឹងជួយឱ្យវិស័យគ្រាប់ស្វាយចន្ទីរបស់វៀតណាមបន្តរីកចម្រើន។ គ្រាប់ស្វាយចន្ទី គឺជាផលិតផលកសិកម្មមួយក្នុងចំណោមផលិតផលកសិកម្មដែលមានតម្លៃនាំចេញជាង ១ពាន់លានដុល្លារក្នុងរយៈពេល ៧ខែឆ្នាំនេះ។
 
ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងខែកក្កដា ឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាមសម្រេចបានចំនួន ៥៤ ៦៧៥ តោន ដែលមានតម្លៃជាង ៣០៤.៣ លានដុល្លារអាមេរិក ធ្លាក់ចុះ ៧,៥ភាគរយគិតជាបរិមាណ និង ១០,២ភាគរយគិតជាចំណូលធៀបនឹងខែមិថុនាឆ្នាំនេះ។
 
ក្នុងរយៈពេល ៧ខែឆ្នាំនេះ ការនាំចេញគ្រាប់ស្វាយចន្ទីសម្រេចបាន ៣៣៤ ៨៧០តោន ដែលនាំមកនូវទឹកប្រាក់ជាង ១,៩៤ពាន់លានដុល្លារកើនឡើង ១៣,៣ភាគរយជាបរិមាណ និង ៩,៧ភាគរយជាតម្លៃធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ តម្លៃនាំចេញជាមធ្យមក្នុងរយៈពេល៧ខែឆ្នាំនេះឈានដល់ ៥៨០៥ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
​អាម៉េរិក គឹ​ជា​ទីផ្សារ​នាំ​ចូលគ្រាប់ស្វាយចន្ទីវៀតណាម​ធំ​ជាង​គេ​។ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់អាម៉េរិកក្នុងខែកក្កដាបានឈានដល់ ១៤ ៣៨៥តោន ជាមួយនឹងចំណូលជាង ៧៩,៥លានដុល្លារ ធ្លាក់ចុះ ១២,២ភាគរយជាបរិមាណ និង១៥ភាគរយជាតម្លៃបើធៀបនឹងខែមិថុនា ឆ្នាំ២០២៣។ 
 
ជារួមរយៈពេល ៧ខែឆ្នាំនេះ ការនាំចេញគ្រាប់ស្វាយចន្ទីវៀតណាមទៅអាម៉េរិកបានឈានដល់ ៨៨ ៩០៣តោន ដែលមានតម្លៃជាង ៥១២លានដុល្លារកើនឡើង ០,៧ភាគរយជាបរិមាណ និង ០,៣២ភាគរយជាតម្លៃធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ 
 

Tag:
 វៀតណាម
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com