សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនកាត់បន្ថយអត្រាការប្រាក់មកត្រឹម៣,៤៥ភាគរយ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច
22, Aug 2023 , 9:19 am        
រូបភាព
ប្រាក់យ័នចិន​ ។ រូបភាពពី AFP ។
ប្រាក់យ័នចិន​ ។ រូបភាពពី AFP ។
ធនាគារ​ប្រជាជន​ចិន (PboC) ​បាន​ទម្លាក់​អត្រា​ការប្រាក់​កម្ចី​រយៈពេល​មួយឆ្នាំ​របស់ខ្លួន​ដែលជា​អត្រា​ការប្រាក់​គោល​សម្រាប់​កម្ចី​សាជីវកម្ម​ពី ៣,៥៥ភាគរយមកត្រឹម ៣,៤៥ភាគរយ។

 
នៅថ្ងៃទី២១ ខែសីហា ធនាគារប្រជាជនចិន (PboC) បានទម្លាក់អត្រាការប្រាក់ជាមូលដ្ឋាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការធ្លាក់ចុះនៃសេដ្ឋកិច្ច។ PBoC បានបន្ទាបអត្រាប្រាក់កម្ចីរយៈពេលមួយឆ្នាំ (LPR) ដែលជាអត្រាការប្រាក់គោលសម្រាប់កម្ចីសាជីវកម្មពី ៣,៥៥ភាគរយ ទៅ ៣,៤៥ភាគរយ ខណៈដែលរក្សាអត្រា LPR រយៈពេល៥ ឆ្នាំ ចំពោះប្រាក់កម្ចីទិញផ្ទះត្រឹម៤,២ភាគរយ។
 
បន្ទាប់​ពី​កាត់​បន្ថយ​កាល​ពី​ខែ​មិថុនា អត្រា​ទាំង​ពីរបច្ចុប្បន្នស្ថិត​ក្នុង​កម្រិត​ទាប​បំផុត។ ការសម្រេចចិត្តរបស់ PBoC នាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់ធនាគារពាណិជ្ជ ក្នុងការជំរុញការផ្តល់ប្រាក់កម្ចី ក្នុងអត្រាការប្រាក់ដ៏គួរឱ្យទាក់ទាញបន្ថែម។
 
ការសម្រេចចិត្តរបស់ PBoC នឹងគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលសន្ទុះកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះខ្លាំង ដែលហាក់ដូចជាប្រឆាំងនឹងនិន្នាការនៃការដំឡើងអត្រាការប្រាក់ នៅបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដើម្បីគ្រប់គ្រងអតិផរណា។ 
 
ការទម្លាក់អត្រាការប្រាក់របស់ PboC នាពេលនេះ ស្របពេលដែលក្រុមហ៊ុនអចលនទ្រព្យ ខ្នាតយក្ស Country Garden ប្រឈមនឹងវិបត្តិ ដោយបង្កើនការព្រួយបារម្ភអំពីហានិភ័យ នៃការក្ស័យធនជាមួយនឹងផលប៉ះពាល់សំខាន់ៗ លើប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក។
 
បន្ថែមពីលើបញ្ហានៅក្នុងវិស័យអចលនទ្រព្យ កំណើនសេដ្ឋកិច្ចរបស់ចិន ក៏ត្រូវបានរារាំងដោយការប្រើប្រាស់ចុះខ្សោយ សន្តិសុខការងារទាប រួមទាំងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក៕
 

Tag:
 ចិន
  អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com