អន្តរជាតិ
ប៉េកាំង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថ្មីនៅក្វាតេម៉ាឡាគោរពគោលការណ៍​ចិន​តែមួយ
22, Aug 2023 , 7:29 pm        
រូបភាព
ក្រសួងការបរទេសចិននៅថ្ងៃទី២១ ខែសីហា បានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីរបស់ក្វាតេម៉ាឡាគួរតែជ្រើសរើសផ្លូវដើរឱ្យបានត្រឹមត្រូវដោយគោរពតាមគោលការណ៍ចិនតែមួយ។ ការអំពាវនាវនេះធ្វើឡើង ខណៈក្វាតេម៉ាឡាដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ រៀបចំជ្រើសរើសរដ្ឋាភិបាលថ្មី។



ក្វាតេម៉ាឡា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់​។  បច្ចុប្បន្នប្រទេសនេះកំពុងរៀបចំរដ្ឋាភិបាលអាណិត្តថ្មីដឹកនាំដោយលោក Bernardo Arevalo ជាប្រធានាធិបតី បើទោះបីជាបានបោះឆ្នោតហើយតាំងពីចុងខែមិថុនាក្តី។ 
 
ស្របពេលដែលក្វាតេម៉ាឡាកំពុងរៀបចំរដ្ឋាភិបាល​ថ្មី លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួងការបរទេសចិននៅថ្ងៃទី២១ ខែសីហា បានអំពាវឱ្យរដ្ឋាភិបាល​ថ្មី គោរពគោលការណ៍​ចិន​តែមួយ។ 
 
«ការ​បោះឆ្នោត​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ក្វាតេម៉ាឡា ដែល​ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ម្តងទៀតថា គោលការណ៍ចិនតែមួយ ជាបទដ្ឋានដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៃទំនាក់ទំនងអន្តរជាតិ និងឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ»។ លោក Wang បានលើកឡើងបែបនេះនៅសន្និសីទ​សារព័ត៌មាន​ទីក្រុង​ប៉េកាំងថ្ងៃទី២១ ខែសីហា មុនបន្តថា ការបង្កើតទំនាក់ទំនងការទូតជាមួយចិន ជាជម្រើសដ៏ត្រឹមត្រូវមួយស្របតាមនិន្នាការប្រវត្តិសាស្ត្រ និងការអភិវឌ្ឍ។ 
 
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានសង្កត់ធ្ងន់ថា ប្រជាជនក្វាតេម៉ាឡាក្នុងវិស័យផ្សេងៗបានសម្តែងនូវបំណងដើម្បីឱ្យក្វាតេម៉ាឡាបង្កើតទំនាក់ទំនងការទូតជាមួយចិន។ លោកក៏បានបន្ថែមថា ការឡាបង្កើតទំនាក់ទំនងការទូតជាមួយចិននេះ គឺជាការស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងសេចក្តីប្រាថ្នារបស់ប្រជាជនក្វាតេម៉ាឡា។ 
 
«យើងសង្ឃឹមថារដ្ឋាភិបាលថ្មីរបស់ក្វាតេម៉ាឡានឹងធ្វើការសម្រេចចិត្តត្រឹមត្រូវដែលបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រទេស និងប្រជាជនរបស់ខ្លួន»។ លោក Wang បានបន្ថែមបែបនេះ​ដោយជំរុញឱ្យក្វាតេម៉ាឡាគោរពគោលការណ៍​ចិន​តែមួយ។ 
 
កាលពីឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសក្វាតេម៉ាឡា លោក Mario Bucaro បាននិយាយថា ទំនាក់ទំនងរវាងក្វាតេម៉ាឡា-តៃវ៉ាន់មានភាពរឹងមាំ ខណៈនៅខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានធ្វើដំណើរទស្សនកិច្ចនៅក្វាតេម៉ាឡា៕
 
 

Tag:
 តៃវ៉ាន់
  ក្វាតេម៉ាឡា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com