ជាតិ
ក្រសួងសុខាភិបាល គ្រោងពង្រាយអ្នកជំនាញជំងឺផ្លូវចិត្ត តាមមណ្ឌលសុខភាព
22, Aug 2023 , 7:59 pm        
រូបភាព
 កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលក្នុងវិស័យសុខភាពផ្លូវចិត្ត» នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា។ រូបភាព៖ ឈុំ ចន្ថា
កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលក្នុងវិស័យសុខភាពផ្លូវចិត្ត» នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា។ រូបភាព៖ ឈុំ ចន្ថា
ភ្នំពេញ៖ បច្ចុប្បន្ន ជំងឺផ្លូវចិត្តបានកើតលើមនុស្សស្ទើរគ្រប់វ័យ ដោយសារកត្តាជាច្រើនដូចជា បញ្ហាគ្រួសារ និងសង្គមជាដើម។ ពាក់ព័ន្ធរឿងនេះ ក្រសួងសុខាភិបាល មានគម្រោងពង្រាយអ្នកជំនាញសុខភាពផ្លូវចិត្ត តាមមណ្ឌលសុខភាព ដើម្បីផ្ដល់ការព្យាបាល និងថែទាំបឋម ដល់ពលរដ្ឋមូលដ្ឋាន។



ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលក្នុងវិស័យសុខភាពផ្លូវចិត្ត» នៅសណ្ឋាគារសុខាភ្នំពេញ ​កាលពីថ្ងៃទី២១ ខែសីហា លោក ហុក គឹមចេង អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល បានលើកឡើងថា បញ្ហាផ្លូវចិត្តដែលកើតលើប្រជាជនកម្ពុជាកំពុងកើនឡើង ខណៈការផ្ដល់សេវាព្យាបាល ឬប្រឹក្សាពីអ្នកជំនាញ មិនទាន់គ្រប់គ្រាន់ ដោយសារកង្វះខាតធនធានមនុស្ស។ 
 
ផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ២០២៣-២០៣៣ កម្ពុជា មានគម្រោងដាក់ពង្រាយអ្នកជំនាញជំងឺផ្លូវចិត្ត តាមមណ្ឌលសុខភាព ដើម្បីផ្ដល់ការព្យាបាល និងថែទាំដល់ពលរដ្ឋដែលចាំបាច់។ ទន្ទឹមនេះ ក្រសួងសុខាភិបាល ក៏គិតគូរដល់ការបណ្ដុះបណ្ដាលធនធានម​នុស្សផងដែរ។ 
 
លោក ប្រាប់ថ្លែងដូច្នេះថា៖«យើងត្រូវបណ្ដុះបណ្ដាលធនធានមនុស្ស ហើយពង្រាយធនធានទាំងនេះ តាមពេលសមស្របណាមួយ សម្រាប់ផ្ដល់សេវាសុខភាពដល់ប្រជាជនក្នុងសហគមន៍។ បញ្ហានេះសំខាន់ណាស់ ហើយខ្ញុំក៏គាំទ្រដែរក្នុងការគិតគូរឱ្យអ្នកផ្ដល់ប្រឹក្សា និងព្យាបាលក្នុងវិស័យសុខភាពផ្លូវចិត្ត នៅមណ្ឌលសុខភាព»។ 
 
លោក ហុក គឹមចេង បន្ថែមថា ទោះបី មិនមានឧបករណ៍ ឬមន្ទីរពិសោធន៍គ្រាប់គ្រាន់ ប៉ុន្តែ មណ្ឌលសុខភាព គឺជាផ្នែកមួយសំខាន់ក្នុងការជួយព្យាបាលបឋមដល់អ្នកពាក់ព័ន្ធនឹងជំងឺផ្លូវចិត្ត ឬបញ្ហាសតិអារម្មណ៍ ដែលបង្កពីការសេពគ្រឿងញៀន ជាដើម។ ការងារនេះ ក៏តម្រូវឱ្យមានការចូលរួមពីមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត តាមរយៈការពង្រាយរថយន្តសង្រ្គោះបន្ទាន់ ដើម្បីបញ្ចូនអ្នកជំងឺធ្ងន់ធ្ងរពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក ទៅមូលដ្ឋានសុខាភិបាលដែលមានជំនាញខ្ពស់។ 
 
មន្រ្តីជាន់ខ្ពស់សុខាភិបាលរូបនេះ សង្ឃឹមថា នាពេលខាងមុខ ពលរដ្ឋកម្ពុជាទទួលបានសេវាព្យាបាល និងប្រឹក្សាជំងឺផ្លូវចិត្តកាន់តែច្រើន តាមរយៈពង្រឹងធនធានមនុស្ស, ឧបករណ៍ បរិក្ខា និងឱសថ ជាដើម។ 
 
លោក ថ្លែងថា៖«រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល កំពុងតែខិតខំ។ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមក្នុងការគ្រប់កណ្ដប់សេវាព្យាបាលជូនពលរដ្ឋនៅពេលខាងមុខ។ មានសង្ឃឹមនេះ ដោយសារយើងកំពុងពង្រឹងផ្នែកសុខាភិបាល ជាពិសេស ធនធានមនុស្ស ឧបករណ៍ និងបរិក្ខា និងឱសថ»។ 
 
យោងតាមរបាយការណ៍ចេញដោយអង្គការសុខភាពពិភពលោក (WHO) មុនវិបត្តិកូវីដ១៩ កាលពីឆ្នាំ២០១៩ អត្រាអ្នកកើតជំងឺធ្លាក់ទឹកចិត្តនៅកម្ពុជាមានប្រមាណ១លាននាក់។ ដោយឡែក នៅលើពិភពលោកវិញ មានមនុស្សប្រមាណ១ពាន់លាននាក់ជួបបញ្ហាផ្លូវចិត្ត។
 
លោក យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា អ្នកមានបញ្ហាផ្លូវចិត្តភាគច្រើន កើតចេញពីការធ្លាក់ទឹកចិត្ត និងតឹងថប់អារម្មណ៍។ ជំងឺនេះ អាចកើតលើក្មេងចាប់អាយុ១៤ឆ្នាំឡើង ហើយអ្នកដែលកើតជំងឺផ្លូវចិត្តនឹងអាចស្លាប់មុនអាយុពី១០ទៅ២០ឆ្នាំ៕ 
 
 

Tag:
 ក្រសួងសុខាភិបាល
  សុខភាពផ្លូវចិត្ត
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com