អន្តរជាតិ
នាវាចម្បាំងដ៏ធំបំផុតរបស់អូស្ត្រាលី ចូលរួមសមយុទ្ធនៅហ្វីលីពីន
22, Aug 2023 , 4:29 pm        
រូបភាព
នាវាចម្បាំងដ៏ធំបំផុតរបស់អូស្ត្រាលីបានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយហ្វីលីពីន និងអាម៉េរិក​នៅ​សមុទ្រចិនខាងត្បូងនាថ្ងៃទី២១ ខែសីហា ដែលធ្វើឡើងស្របពេលដែលអាម៉េរិក និងដៃគូរបស់ខ្លួនពង្រឹងទំនាក់ទំ​នងផ្នែកការពារជាតិចំពោះមុខវត្តមានយោធាចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។

 
នាវា HMAS Canberra ជានាវាមួយក្នុងចំណោមនាវាជាច្រើនដែលចូលរួមក្នុងការធ្វើសមយុទ្ធយោធា Alon នៅហ្វីលីពីន។ Alon ជាភាសាតាកាឡុករបស់ហ្វីលីពីនដែលមានន័យថារលក។ ក្នុងសមយុទ្ធនេះ ទាហានជាង២,០០០នាក់មកពីអូស្ត្រាលី និងហ្វីលីពីនចូលរួមក្នុងសមយុទ្ធផ្លូវអាកាស សមុទ្រ និងផ្លូវ គោកចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ខែសីហា។ ទាហានជើងទឹកអាម៉េរិក ប្រហែល១៥០​នាក់​ក៏​ចូល​រួម​ដែរ។
 
សមយុទ្ធនេះ ធ្វើឡើងនៅភាគខាងត្បូងនៃកោះ Palawan របស់ហ្វីលីពីន ស្ថិតនៅចម្ងាយប្រហែល​២០០គីឡូម៉ែត្រពីប្រជុំកោះ Spratlys ដែលជាទីប្រទាញប្រទង់​រវាងទីក្រុងម៉ានីល និង​ទីក្រុង​ប៉េកាំង។
 
«ដូចហ្វីលីពីនដែរ អូស្ត្រាលីចង់បានតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាពដែលគោរព អធិបតេយ្យភាព និងដែលត្រូវបានដឹកនាំដោយច្បាប់»​។​ អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង ​ម៉ានីល លោកស្រី Hae Kyong Yu បាន​ថ្លែង​នៅ​ឯតំបន់Tarumpitao Point Airfield បែបនេះ។
 
មេបញ្ជាការ​នាវាអូស្ត្រាលី លោកស្រី Phillipa Hay​ បាន​ប្រាប់អ្នក​យក​ព័ត៌មាន​នៅ​លើ​នាវា HMAS Canberra ថា ការចូលរួមនេះស្ថិតក្នុងគម្រោងជាយូរមកហើយ ហើយវាជារឿងធម្មតា​ក្នុង​ការ​ហ្វឹក​ហាត់​ជាមួយដៃគូ។
 
សមយុទ្ធនេះកើតឡើងបន្ទាប់ពីនាវាល្បាតចិនរារាំងការផ្គត់ផ្គង់របស់ហ្វីលីពីនទៅកាន់កោះ Second Thomas Shoal ដែលជាផ្នែកមួយនៃប្រជុំកោះ Spratlys កាលពីថ្ងៃទី៥​ ខែសីហាដែលបង្កឱ្យ​មាន​ជម្លោះការទូតមួយប្រាវទៀត។ យោធាហ្វីលីពីន បាននិយាយថា ខ្លួននឹង​បញ្ជូនការផ្គត់ផ្គង់នេះដដែល៕
 

Tag:
 អូស្ត្រាលី
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com