សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្រូវការប្រើប្រាស់ទាបនៅចិនជំរុញឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះ
22, Aug 2023 , 8:29 pm        
រូបភាព
បុគ្គលិក​ម្នាក់​ចាក់​សាំង​រថយន្ត​នៅ​ស្ថានីយ​ប្រេង​មួយ​នៅទីក្រុង Handan ខេត្ត Hebei ភាគ​ខាងជើង​ប្រទេស​ចិន ។ រូបភាព Xinhua ។
បុគ្គលិក​ម្នាក់​ចាក់​សាំង​រថយន្ត​នៅ​ស្ថានីយ​ប្រេង​មួយ​នៅទីក្រុង Handan ខេត្ត Hebei ភាគ​ខាងជើង​ប្រទេស​ចិន ។ រូបភាព Xinhua ។
ភាពមិនច្បាស់លាស់ពីដំណើរសេដ្ឋកិច្ចចិន បានជំរុញឱ្យតម្លៃប្រេងឆៅពិភពលោកថយចុះ ។ ប្រេងឆៅ Brent មានតម្លៃ៨៤,៤៦ដុល្លារ ខណៈ WTI មានតម្លៃ៨០,៧២ដុល្លារក្នុងមួយប៉ារ៉ែល។

 
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះនៅក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី២១ ខែសីហា នៅពេលដែលទីផ្សារលែងមានការរំពឹងទុកខ្ពស់អំពីតម្រូវការនៅចិន។ នៅពេលបិទការជួញដូរ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ០,៤ភាគរយមកនៅត្រឹម ៨៤,៤៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅ WTI របស់អាម៉េរិកបានធ្លាក់ចុះ ០,៦៥ភាគរយនៅតម្លៃ ៨០,៧២ដុល្លារក្នុងមួយបារ៉ែល។ 
 
ជុំវិញការរំពឹងទុកនៃតម្រូវការនៅចិននេះ លោក John Kilduff អ្នកជំនាញនៃក្រុមហ៊ុនគ្រប់គ្រង Again Capita បានលើកឡើងថា ចិនមិនរំពឹងទិញប្រេងបន្ថែមឡើយ ព្រោះកាលពីដើមឆ្នាំ ប្រទេសនេះបាននាំចូលប្រេងឆៅយ៉ាងច្រើនសម្រាប់ស្តុកទុក។ 
 
យោងតាមទិន្នន័យគយចិន ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតទៅកាន់ចិនក្នុងខែកក្កដាបានធ្លាក់ចុះ ៣១ភាគរយបើធៀបនឹងខែមិថុនា ខណៈដែលរុស្ស៊ីនៅតែជាប្រទេសផ្គត់ផ្គង់ប្រេងឆៅច្រើនជាងគេដល់ប្រទេសអាស៊ីមួយនេះ ។ អ្នកវិភាគព្យាករថា ការនាំចូលប្រេងឆៅរបស់ចិនពីអារ៉ាប៊ីសាអូឌីតនឹងបន្តធ្លាក់ចុះក្នុងត្រីមាសទីបី។
 
ការស្តុកប្រេងឆៅរបស់ចិនបានកើនឡើងដល់កម្រិតខ្ពស់នៅឆ្នាំនេះ ដោយសារក្រុមហ៊ុនចម្រាញ់ប្រេងបានកាត់បន្ថយការទិញប្រេងឡើងវិញ បន្ទាប់ពីតម្លៃប្រេងឆៅបានកើនឡើងលើសពី ៨០ដុល្លារក្នុងមួយបារ៉ែល ក្រោមឥទ្ធិពលនៃកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មដោយអង្គការនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន OPEC+។
 
កាលពីសប្តាហ៍មុន Brent និង WTI ទាំងពីរបានធ្លាក់ចុះ២ភាគរយ ក្រោយពីការកើនឡើងរយៈពេល ៧សប្តាហ៍ជាប់ៗគ្នា ស្របពេលមានការព្រួយបារម្ភថាកំណើនសេដ្ឋកិច្ចធ្លាក់ចុះ របស់ចិននឹងទប់ស្កាត់តម្រូវការប្រេង។ ទន្ទឹមនេះ លទ្ធភាពដែលធនាគារកណ្តាលអាម៉េរិក (Fed) នឹងបន្តដំឡើងអត្រាការប្រាក់ ក៏បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ទស្សនវិស័យ​សម្រាប់​តម្រូវ​ការ​ប្រេងផងដែរ។
 

Tag:
 ចិន
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com