អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហេតុអ្វីបានប្រទេសជាង៤០ ចង់ចូលរួមជាមួយក្រុម BRICS?
22, Aug 2023 , 9:29 pm        
រូបភាព
មេដឹកនាំទាំង៥ប្រទេសនៃក្រុម BRICS ។ រូបភាព AFP ។
មេដឹកនាំទាំង៥ប្រទេសនៃក្រុម BRICS ។ រូបភាព AFP ។
ក្រុម BRIC ​បង្កើត​នៅ​ឆ្នាំ ២០០៩ ដោយ​ផ្តល់​វេទិកា​សម្រាប់​ប្រទេស​ជា​សមាជិក​ដើម្បី​ប្រជែង​នឹង​សណ្តាប់​ធ្នាប់​ពិភពលោក​ដែល​ដឹកនាំ​ដោយ​អាម៉េរិក។ ក្រុមនេះបច្ចុប្បន្នមានសមាជិក ៥ប្រទេសគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ដែលរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១៥ របស់ខ្លួននៅទីក្រុងចូហានណេសប៊ឺក អាហ្វ្រិកខាងត្បូង ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ខែសីហា ។ ប្រទេស​ម្ចាស់​ផ្ទះ​អះអាង​ថា បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ៤០ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ក្នុង​ក្រុម​នេះ។

 
អក្សរកាត់ BRIC ដែលដំបូងឡើយមិនរាប់បញ្ចូលអក្សរ S ក្នុងនាមអាហ្រ្វិកខាងត្បូង ត្រូវបានបង្កើតដំបូងក្នុងឆ្នាំ២០០១ ដោយលោក Jim O'Neill ដែលជាប្រធានសេដ្ឋវិទូរបស់ ធនាគារ Goldman Sachs នៅក្នុងការសិក្សាអំពីសក្តានុពលកំណើនសេដ្ឋកិច្ចរបស់ប្រទេសចំនួន ៤ ក្នុងនោះមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។
 
បន្ទាប់មកក្រុម BRIC ត្រូវបានបង្កើតឡើងជាក្លិបក្រៅផ្លូវការមួយនៅក្នុងឆ្នាំ ២០០៩ ដោយផ្តល់វេទិកាមួយសម្រាប់រដ្ឋជាសមាជិកដើម្បីប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយអាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អាម៉េរិក។ ការបង្កើតក្រុមនេះត្រូវបានផ្តួចផ្តើមដោយរុស្ស៊ី។
 
រហូតមកដល់ពេលនេះ BRICS មិនមែនជាអង្គការពហុភាគីផ្លូវការដូចអង្គការសហប្រជាជាតិ ធនាគារពិភពលោក (WB) ឬអង្គការនៃប្រទេសនាំចេញប្រេង (OPEC) នោះទេ។ យ៉ាងណាមិញ មេដឹកនាំនៃប្រទេសជាសមាជិក BRICS មានកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ហើយប្រទេសនីមួយៗកាន់តំណែងជាប្រធានប្តូរវេនសម្រាប់រយៈពេលមួយឆ្នាំម្តង។
 
ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន គឺជាសមាជិកស្ថាបនិកនៃ BRIC ។ អាហ្រ្វិកខាងត្បូងដែលជាសមាជិកតូចបំផុតទាក់ទងឥទ្ធិពលសេដ្ឋកិច្ច និងទំហំប្រជាជន គឺជាប្រទេសដំបូងដែល BRIC បានពង្រីកសមាសភាពរបស់ខ្លួននៅឆ្នាំ ២០១០។ ដោយមានការចូលរួមពីអាហ្វ្រិកខាងត្បូង BRIC បានក្លាយជា BRICS ។
 
ក្រុមនេះបច្ចុប្បន្នមានច្រើនជាង ៤០ភាគរយនៃចំនួនប្រជាជនពិភពលោក និងមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក។ ក្រៅពីបញ្ហាភូមិសាស្ត្រនយោបាយ ក្រុមនេះក៏ផ្តោតលើបញ្ហាផ្សេងទៀតដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពង្រឹងការអភិវឌ្ឍន៍ពហុភាគី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។
 
លើសពីនេះ BRICS ធ្វើការលើគោលការណ៍ឯកភាព។ ប្រទេសទាំងអស់នៅក្នុង BRICS គឺជាសមាជិក G20 ដែលជាក្រុមប្រទេសទាំង២០ ដែលមានសេដ្ឋកិច្ចអភិវឌ្ឍ និងរីកចម្រើនធំបំផុតនៅលើពិភពលោក។
 
បើតាមអាហ្វ្រិកខាងត្បូងដែលជាប្រធានប្តូរវេននៃ BRICS ឆ្នាំ២០២៣នេះ បានអះអាងថា ប្រទេសជាង៤០ បានបង្ហាញពីបំណងចង់ចូលរួមក្នុងវេទិកានេះ។ ក្នុងចំណោមប្រទេសទាំងនេះ មានប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អាហ្សង់ទីន អាល់ហ្សេរី បូលីវី ឥណ្ឌូណេស៊ី អេហ្ស៊ីប អេត្យូពី គុយបា សាធារណរដ្ឋកុងហ្គោ កូម័រ ហ្កាបុង និងកាហ្សាក់ស្ថាន។
 
ប្រទេសទាំងនេះមើលឃើញ BRICS ជាជម្រើសមួយសម្រាប់ស្ថាប័នពិភពលោកដែលពួកគេយល់ថាត្រូវបានគ្រប់គ្រងដោយមហាអំណាចលោកខាងលិច។ ប្រទេសទាំងនោះសង្ឃឹមថាសមាជិកភាព BRICS នឹងជួយពួកគេឱ្យសម្រេចបាននូវអត្ថប្រយោជន៍ជាច្រើន រួមទាំងដើមទុនសម្រាប់ការអភិវឌ្ឍន៍ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។
 
ការមិនសប្បាយចិត្តរបស់ប្រទេសកំពុងអភិវឌ្ឍន៍ចំពោះសណ្តាប់ធ្នាប់ពិភពលោកបានកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ មួយផ្នែកដោយសារតែប្រទេសអ្នកមានបានស្តុកទុកវ៉ាក់សាំង ស្របពេលដែលប្រទេសជាច្រើនត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ។
 
អ៊ីរ៉ង់ ដែលជាម្ចាស់ស្តុកប្រេងប្រហែលមួយភាគបួននៅមជ្ឈិមបូព៌ាបានបង្ហាញក្តីសង្ឃឹមថា  យន្តការសមាជិកភាពនៃ BRICS នឹងត្រូវបានសម្រេចនៅពេលដ៏ឆាប់បំផុត។
 
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក និងជាមេដឹកនាំក្រៅផ្លូវការរបស់អង្គការ OPEC ស្ថិតក្នុងចំណោមប្រទេសជាងដប់ដែលបានចូលរួមក្នុងកិច្ចសន្ទនា «Friends of BRICS» នៅទីក្រុង Cape Town ក្នុងខែមិថុនាឆ្នាំនេះ។ ប្រទេសនេះបានទទួលការគាំទ្រពីសមាជិក BRICS ដែរ។
 
ទន្ទឹមនេះ អាហ្សង់ទីនក្នុងខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា ខ្លួនបានទទួលការគាំទ្រជាផ្លូវការពីចិនក្នុងការដេញថ្លៃខ្លួនដើម្បីចូលរួមជាមួយ BRICS ។
 
ជាមួយគ្នានេះ អេត្យូពីដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់ទ្វីបអាហ្រ្វិកបាននិយាយកាលពីខែមិថុនាថា ខ្លួនបានស្នើសុំដើម្បីចូលរួមជាមួយ BRICS ។
 
ប្រធានាធិបតី Luis Arce នៃប្រទេសបូលីវីបានសម្តែងចំណាប់អារម្មណ៍លើសមាជិកភាព BRICS ហើយត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមនេះ។ រដ្ឋាភិបាលបូលីវីបាននិយាយកាលពីខែកក្កដាថា ខ្លួនបានប្តេជ្ញាចិត្តកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រាក់ដុល្លារសម្រាប់ពាណិជ្ជកម្ម ហើយជំនួសមកវិញការបង្កើនការប្រើប្រាស់ប្រាក់យ័ន ដែលជាការផ្លាស់ប្តូរស្របតាមគោលដៅរបស់មេដឹកនាំ BRICS ស្តីពីការកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណអាម៉េរិក។
 
នៅក្នុងខែកក្កដា អាល់ហ្សេរីបានលើកឡើងថា ខ្លួនបានដាក់ពាក្យចូលរួមជាមួយ BRICS និងក្លាយជាម្ចាស់ភាគហ៊ុននៃធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលត្រូវបានគេស្គាល់ថាជាធនាគារ BRICS ។ ប្រទេស​អាហ្វ្រិក​ខាង​ជើង​មួយនេះមាន​ធនធាន​ប្រេង និង​ឧស្ម័ន​ដ៏​ច្រើន ហើយ​មាន​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន និង​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​​ចិន និង​ប្រទេស​ដទៃ​ទៀត៕
 

Tag:
 BRICS​
  ប្រេស៊ីល
  រុស្ស៊ី
  ឥណ្ឌា
  ចិន
  អាហ្រ្វិកខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com