ជាតិ
ក្រុមការងារអភិរក្ស ប្រទះឃើញកូនត្រយងយក្ស២ក្បាល នៅដែនជម្រកសត្វព្រៃកែវសីមា
22, Aug 2023 , 5:19 pm        
រូបភាព
ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំខេត្តមណ្ឌលគិរី បា​នប្រទះឃើញកូនសត្វត្រយងយក្ស ២ក្បាល នៅដែនជម្រកសត្វព្រៃកែវសីមា។ នេះបើតាមការប្រកាសព័ត៌មានរបស់ទំព័រហ្វេសប៊ុក គម្រោងរេដបូក កែវសីមា នៅថ្ងៃទី២២ ខែសីហា។



ប្រភពដដែលបញ្ជាក់ថា កូនត្រយងយក្ស ២ក្បាលនេះ ត្រូវបានរកឃើញក្នុងសម្បុកនៅលើដើមឈើមួយដើម ស្ថិតក្នុងតំបន់ការពារសម្បុកសត្វស្លាប នៃដែនជម្រកសត្វព្រៃកែវសីមា។ សត្វស្លាបកម្រទាំងនេះ បានញាស់ធំធាត់ និងអាចហើរចេញពីសម្បុកនាពេលឆាប់ៗខាងមុខ។  
 
ត្រយងយក្ស គឺជាបក្សីតំណាងអត្តសញ្ញាណជាតិកម្ពុជា។ វាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលត្រូវបានប៉ាន់ប្រមាណថានៅសល់ក្នុងព្រៃធម្មជាតិត្រឹម តែ ២០០ទៅ៣០០ក្បាលតែប៉ុណ្ណោះ។​ កម្ពុជា គឺជាប្រទេសមានចំនួនសត្វត្រយងយក្សច្រើនជាងគេបំផុត ដែលស្មើរនឹង៩០ភាគរយ នៃចំនួនសរុបលើពិភពលោក។ 
 
យ៉ាងណា បក្សីដែលជានិមិត្តរូបរបស់កម្ពុជានេះ កំពុងទទួលរងការគំរាមកំហែងយ៉ាងច្រើនពីសកម្មភាពនានារបស់មនុស្ស ដូចជាការកាប់បំផ្លាញទីជម្រក ការបង្កសំលេងរំខាន ការបរបាញ់ និង ការដាក់អន្ទាក់ខុសច្បាប់ជាដើម៕ 
 

Tag:
 បរិស្ថាន
  ត្រយង
  ក្រុមការងារស្រាវជ្រាវសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com