ជាតិ
មន្ត្រីអាជ្ញាធរអប្សរា ថាទេសភាពបៃតងនឹងក្លាយជាសេដ្ឋកិច្ចទេសចរណ៍ នៅតំបន់អង្គរ
23, Aug 2023 , 9:09 am        
រូបភាព
ដោយ:
សៀមរាប៖ ថ្លែងក្នុងពិធីដាំស្មៅ និងកូនឈើក្នុងតំបន់អង្គរ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា ការដាំដើមឈើ និងដាំស្មៅក្នុងតំបន់អង្គរ គឺជួយឱ្យបរិវេណតំបន់នេះ ប្រែក្លាយជាទេសភាពបៃតង ដែលអាចទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែមកទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។

 
«គោលដៅចម្បង ក្រៅពីតំបន់ទេសចរណ៍បែបវប្បធម៌ អាជ្ញាធរជាតិអប្សរាចង់បង្កើតឱ្យមានតំបន់ទេសចរណ៍បែបបៃតងមួយទៀត»។ នេះជាការលើកឡើងរបស់លោក ជូ រ៉ាឌីណា ដោយបន្ថែមថា នេះជាការគិតគូរមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែសម្បូរបែប។
 
សម្រាប់ដើមឈើដែលអាជ្ញាធរជាតិអប្សរា បានយកទៅដាំនៅតំបន់អង្គរ រួមមាន ពពេល ត្រយឹង ចង្ក្រម តាត្រាវ ឈើទាល គគីរជាដើម។ ចំណែកដើមឈើប្រណិត មានដូចជា បេង ធ្នង់ នាងនួន និងគ្រញ៉ូង  និងរុក្ខជាតិមាន ដើមផ្ការំដួល ថ្កុល ដែលសុទ្ធសឹងតែជារុក្ខជាតិដ៏កម្រ នៅកម្ពុជា ដើម្បីឱ្យកូនចៅជំនាន់ក្រោយ បានឃើញ និងស្គាល់ពីប្រភេទរុក្ខជាតិទាំងនេះ។

លោក ជូ រ៉ាឌីណា (ស្តាំ)ពេលផ្តល់បទសម្ភាសផ្ទាល់

ចំពោះការថែទាំកូនឈើ និងស្មៅវិញ ខាងមន្រ្តីគ្រប់គ្រងនៅតាមតំបន់ បានចាត់ចែងកម្លាំងកម្មករកាត់ស្មៅថែទាំ ស្រោចទឹកជាប្រចាំ។ នេះបើតាមមន្ត្រីអាជ្ញាធរអប្សរា។ លោក ជូ រ៉ាឌីណា និយាយថា៖«យើងត្រូវតែធានាចំពោះការថែទាំកូនឈើ ព្រោះនេះជាមុខមាត់របស់ជាតិយើងនៅទីនេះ។ តំបន់អង្គរជាទីតាំងមានសារៈសំខាន់ជាអត្តសញ្ញាណ និងជាព្រលឹងជាតិរបស់យើង អញ្ជឹងបរិវេណនេះ ត្រូវតែស្អាត ស្រស់បំព្រង ត្រូវតែបៃតង ក្រោមការថែទាំរបស់អាជ្ញាធរជាតិអប្សរា»។
 
ចំពោះទីតាំងដែលបានដាំកូនឈើឡើងវិញ រួមមាន បរិវេណត្រពាំងសេះ ផ្លូវទៅភ្នំបាក់ខែង ខាងស្តាំកសិណអង្គរវត្ត និងមុខប្រាសាទអង្គរវត្តជាដើម។
 
មន្រ្តីអាជ្ញាធរជាតិអប្សរា ក៏បានលើកឡើងពីផលវិបាកចំពោះការទន្ទ្រានពីសត្វពាហនៈ ដែលបានលុកលុយ ក៏ដូចជាពលរដ្ឋខ្លះ ដែលបានធ្វើឱ្យខូចសោភណភាពក្នុងបរិវេណតំបន់អង្គរ។ យ៉ាងណា លោក រ៉ាឌីណា ក៏សំណូមពរទៅដល់ពលរដ្ឋ ឱ្យចូលរួមថែទាំកូនឈើ និងស្មៅឡើងវិញ ដើម្បីជាសម្បត្តិរួម។
 
គួរបញ្ជាក់ផងដែរថា ក្នុងពិធីដាំកូនឈើ និងស្មៅឡើងវិញក្នុងតំបន់អង្គរ មានអ្នកចូលរួម៣០០នាក់ មកពីស្ថាប័នអង្គភាពចំនួន៨ ។ ចំពោះស្មៅដែលបានដាំនេះ លើផ្ទៃដី៤ពាន់ម៉ែត្រ​ការ៉េ និងកូនឈើជាង ១ពាន់ដើម៕
 

Tag:
 ទេសចរ
 ជូ រ៉ាឌីណា
© រក្សាសិទ្ធិដោយ thmeythmey.com