ជាតិ
លោក ឃឹម ហ្វី​ណង់ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​
22, Aug 2023 , 11:43 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់
រូបភាពពីហ្វេសប៊ុកលោក ឃឹម ហ្វីណង់
​ភ្នំពេញ​៖ ពី​អភិបាលរង​ខេត្តសៀមរាប លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​ព្រះហស្តលេខា​ដោយ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី នា​ថ្ងៃទី​២២ សីហា​នេះ​។​


 
​លោក ឃឹម ហ្វី​ណង់ អភិបាលរង​ខេត្តសៀមរាប និង​ជា​អតីត​អភិបាលស្រុក​បន្ទាយស្រី ដ៏​ល្បីល្បាញ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​អាណត្តិ​ទី​៧​នេះ​។ ឈ្មោះ​លោក ឃឹម ហ្វី​ណង់ ស្ថិតនៅ​លេខ​រៀង​ទី​៣៤ ក្នុងចំណោម​អនុរដ្ឋលេខាធិការ ៣៥​រូប នៃ​ក្រសួងកសិកម្ម​។ 
 
​បើតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ក្នុង​អាណត្តិ​ទី​៧​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​រដ្ឋលេខាធិការ​ចំនួន ២៥​រូប និង​អនុរដ្ឋលេខាធិការ ៣៥​រូប ដែល​ដឹកនាំ​លោក ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី​។ 
 
​គួរ​បញ្ជាក់ថា លោក ឃឹម ហ្វី​ណង់ បាន​បម្រើ​ការងារ​ក្នុងតួនាទី​ជា​អភិបាលរង​ខេត្តសៀមរាប បាន​រយៈពេល​ជិត​១​ឆ្នាំ ក្រោយ​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២​។ លោក ឃឹម ហ្វី​ណង់ ជា​កូនប្រុស​របស់លោក ឃឹម ប៊ុន​សុង អតីត​អភិបាល​សៀមរាប និង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com