ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តី នឹងបញ្ជាផ្ទាល់លើបញ្ជាការដ្ឋានអង្គរក្ស កម្លាំងពិសេសប្រឆាំងភេរវកម្ម និងអាវុធហត្ថលើផ្ទៃប្រទេស
23, Aug 2023 , 12:18 pm        
រូបភាព
រដ្ឋាភិបាល បានចេញសេចក្តីសម្រេចកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចដល់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការងារទូទៅរបស់រដ្ឋ។


 
សម្រាប់ការបែងចែកភារកិច្ចនេះ នាយករដ្ឋមន្ត្រី ត្រូវទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្រ្តី និងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងការទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រដ្ឋាភិបាល។ មិនតែប៉ុណ្ណោះនាយករដ្ឋមន្រ្តី នឹងដឹកនាំបញ្ជាផ្ទាល់លើបញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
 
តាមសេចក្តីសម្រេចបែងចែកការងារដដែលនោះ លោក ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យឧបនាយករដ្ឋមន្រ្តី ៣រូប ទទួលភារកិច្ចជានាយករដ្ឋមន្ត្រីស្តីទី នៅពេលអវត្តមានរូបលោក។ ក្នុងនោះឧបនាយករដ្ឋមន្រ្តី លោក នេត សាវឿន នឹងត្រូវជួយនាយករដ្ឋមន្រ្តីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្រ្តីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្រ្តីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងៗទៀត ដែលនាយករដ្ឋមន្រ្តីប្រគល់ជូន។
 
នាយករដ្ឋមន្រ្តីស្តីទី បន្ទាប់គឺលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវទទួលភារកិច្ចនេះ នាពេលនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក នេត សាវឿន អវត្តមានពីប្រទេសកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន មានសិទ្ធិជួយនាយករដ្ឋមន្រ្តីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត។
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com