អន្តរជាតិ
UN៖ អតីត​យោធា​អាហ្វហ្កានីស្ថាន​ជាង២០០នាក់​ត្រូវ​បាន​សម្លាប់​តាំង​ពី​​តាលីបង់ឡើងកាន់អំណាច
23, Aug 2023 , 3:22 pm        
រូបភាព
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្កានីស្ថាន (UNAMA) បាន​ប្រកាស​នា​ថ្ងៃទី២២ ខែសីហាថា សមាជិកជាង២០០នាក់នៃអតីតយោធា សមាជិកសភា និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថានត្រូវបានសម្លាប់ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់តំណែងបើទោះបីជាមានការធានាការលើកលែងទោសទូទៅក៏ដោយ។

 
ក្នុងរបាយការណ៍របស់ UNAMA យ៉ាងហោចណាស់ការសម្លាប់ក្រៅប្រព័ន្ធតុលាការចំនួន២១៨​ដែល​មានទំនាក់ទំនងជាមួយពួកតាលីបង់បានកើមានចាប់ពីការកាន់កាប់អាហ្វហ្កានីស្ថាននៅពាក់កណ្តាល​ឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ ចំនួនមនុស្សស្លាប់ពាក់កណ្ដាលកើត​ឡើង​ក្នុង​រយៈ​ពេល​៤ខែបន្ទាប់ពីពួកតាលីបង់បានចូលកាន់កាប់ក្នុងខែសីហាឆ្នាំ២០២១ និង៧០នាក់​ត្រូវ​បាន​កត់​ត្រា​នៅ​ឆ្នាំ២០២២ ។
 
«អំពីហិង្សាភាគច្រើនដែលត្រូវបានពិភាក្សាក្នុងរបាយការណ៍នេះ មិនមានព័ត៌មានអំពីមធ្យោបាយ​ដែល​ត្រូវបានប្រើប្រាស់ដោយអាជ្ញាធរបណ្ដោះអាសន្នដើម្បីស៊ើបអង្កេតឧប្បត្តិហេតុ និង​ឃុំ​ខ្លួន​ជន​ល្មើស​ឱ្យ​ទទួលខុសត្រូវឡើយ»។ UNAMA បញ្ជាក់បែបនេះ រួចអះអាងថា UNAMA​ ក្នុង​ករណី​ភាគ​ច្រើន បុគ្គល​ត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខមុនពេលត្រូវបានសម្លាប់។​​ 
 
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk បាននិយាយថា ការ​សម្លាប់នេះ ជាការក្បត់ការជឿទុកចិត្តរបស់ប្រជាជន។ ឯអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោក Jeremy Laurence បាននិយាយថា ទំហំនៃការសម្លាប់ជារឿងគួរឱ្យតក់ស្លុត ហើយចំនួនជាក់ស្ដែងអាចខ្ពស់ជាងនេះ។
 
ក្រសួងការបរទេសអាហ្វហ្កានីស្ថានដែលដឹកនាំដោយតាលីបង់ បានឆ្លើយតបទៅនឹង UNAMA វិញថា ខ្លួនមិនបានទទួលរបាយការណ៍អំពីករណីណាមួយដែលសមាជិកខ្លួនមិនអនុវត្តតាមបញ្ជាឡើយ ហើយបើមានករណីណាមួយកើតឡើងនោះ នឹងមានការស៊ើបអង្កេត។ កន្លងមក មេដឹកនាំ​តាលីបង់​ជាន់ខ្ពស់អះអាងថា មានការលើកលែងទោសដល់អតីតមន្ត្រី រដ្ឋាភិបាល និងសមាជិកនៃយោធាជាតិអាហ្វហ្កានីស្ថាន។
 
លើសពីនេះ UNAMA បានកត់ត្រាឧប្បត្តិហេតុចំនួន៨០០នៃការរំលោភសិទ្ធិមនុស្សដែលទាក់ទង​ជាមួយពួកតាលីបង់ប្រឆាំងនឹងអតីតបុគ្គលិករដ្ឋាភិបាល និងយោធា រួមទាំងការចាប់ខ្លួនដោយបំពាន ការបាត់ខ្លួន និងការធ្វើទារុណកម្ម៕
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com