ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភារកិច្ចនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្ត្រី នាអាណត្តិទី៧
23, Aug 2023 , 7:59 pm        
រូបភាព
រដ្ឋាភិបាល បានចេញសេចក្តីសម្រេច​កំណត់របៀបរបបការងារ និងបែងចែកភារកិច្ចដល់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការងារទូទៅរបស់រដ្ឋ។



សម្រាប់ការបែងចែកភារកិច្ចនេះ នាយករដ្ឋមន្ត្រី ត្រូវទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្រ្តី និងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងការទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រដ្ឋាភិបាល។ មិនតែប៉ុណ្ណោះនាយករដ្ឋមន្រ្តី នឹងដឹកនាំបញ្ជាផ្ទាល់លើបញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
 
តាមសេចក្តីសម្រេចបែងចែកការងារដដែលនោះ លោក ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យឧបនាយករដ្ឋមន្រ្តី ៣រូប ទទួលភារកិច្ចជានាយករដ្ឋមន្ត្រីស្តីទី នៅពេលអវត្តមានរូបលោក។ ក្នុងនោះឧបនាយករដ្ឋមន្រ្តី លោក នេត សាវឿន នឹងត្រូវជួយនាយករដ្ឋមន្រ្តីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្រ្តីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្រ្តីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្រ្តី ។


 
នាយករដ្ឋមន្រ្តីស្តីទី បន្ទាប់គឺលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវទទួលភារកិច្ចនេះ នាពេលនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក នេត សាវឿន អវត្តមានពីប្រទេសកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន មានសិទ្ធិជួយនាយករដ្ឋមន្រ្តីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។



ជាមួយគ្នានេះនាយករដ្ឋមន្ត្រី ក៏បានប្រគល់កិច្ចការងារឱ្យឧបនាយករដ្ឋមន្ត្រី ៨រូបផ្សេងទៀត ទៅមុខងារនីមួយៗទៀតដែរ។ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវជួយនាយករដ្ឋមន្រ្តីលើការងារទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោក ចាន់ថុល ក៏ត្រូវទទួលបន្ទុកជាសហប្រធានខាងភាគីកម្ពុជានៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ជាពិសេសជួយនាយករដ្ឋមន្រ្តីលើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ។



សម្រាប់លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ត្រូវទទួលបន្ទុកលើវិស័យអប់រំ យុវជន និងកីឡា ព្រមទាំងការអនុវត្តការងារ ឬបេសកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្រ្តីប្រគល់ឱ្យបំពេញ។ 



ចំណែកលោក សាយ សំអាល់ ត្រូវទទួលបន្ទុកលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឧបនាយករដ្ឋមន្រ្តីរូបនេះ ក៏ត្រូវមានតួនាទីជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។



លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដែលទទួលបន្ទុកលើកិច្ចការមហាផ្ទៃ ត្រូវដឹកនាំសម្របសម្រួលការងារកែទម្រងវិមជ្ឈការ និងវិសហមជ្ឈការ, ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងការការបំផ្លាញចោលអាវុធ។ ឧបនាយករដ្ឋមន្រ្តីរូបនេះ កឺជាសេនាធិការជួយនាយករដ្ឋមន្រ្តី លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។



ងាកទៅលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដែលទទូលខុសត្រូវលើវិស័យការពារជាតិ ត្រូវដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។



ជុំវិញវិស័យយុត្តិធម៌ និងការងារជាមួយតុលាការ និងអង្គការអយ្យការ មានលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ជាអ្នកទទួលខុសត្រូវ។ លោក កើត រិទ្ធ ត្រូវជួយការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការដឹកនាំសម្របសម្រួលការអនុវត្តគោលនយោបាយព្រហ្មទណ្ឌ និងជួយនាយករដ្ឋមន្រ្តីលើការដឹកនាំសម្របសម្រួលប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។



សម្រាប់កិច្ចការងារការទូតវិញ មានលោក សុខ ចិន្តាសោភា ជាអ្នកទទួលខុសត្រូវ។ ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរូបនេះ ត្រូវជួយផ្ដល់យោបល់ឱ្យនាយករដ្ឋមន្រ្តី អំពីក្របខណ្ឌគោលនយោបាយក្រៅប្រទេស, ការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធពីនាយករដ្ឋមន្រ្តី ក្នុងការពិនិត្យ និងសម្រេចលើសំណើស្មុំកូន និងការសុំលាសញ្ជាតិ។



ចុងក្រោយឧបនាយករដ្ឋមន្រ្តី វង្ស៊ី វិស្សុត ត្រូវទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការងារសម្រាប់គណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងបណ្ដាឧបនាយករដ្ឋមន្រ្តី ក៏ដូចជាជួយនាយករដ្ឋមន្ត្រីក្នុងការតាមដាន និងសម្របសម្រួលទាក់ទងកិច្ចការ ដែលនៅសេសសល់របស់តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។ ឧបនាយករដ្ឋមន្រ្តីរូបនេះ ក៏ត្រូវដឹកនាំក្រុមប្រឹក្សាអ្នកច្បាប់ដោយផ្ទាល់ ព្រមទាំងការងារទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា និងការរៀបចំចម្លើយតប នឹងសំនួររបស់សមាជិករដ្ឋសភា ស្របតាមនីតិវិធីដែលមានចែងក្នុងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ ។ ជាពិសេសដោះស្រាយការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្រ្តី តាមការប្រគល់សិទ្ធិឱ្យបំពេញ។



ក្រៅពីកិច្ចការងារទាំងនេះ ឧបនាយករដ្ឋមន្រ្តីទាំង១០រូបខាងលើ ក៏ត្រូវទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងៗទៀត ដែលនាយករដ្ឋមន្រ្តីប្រគល់ឱ្យបំពេញដែរ។
 
សម្រាប់ឧបនាយករដ្ឋមន្រ្តី ១រូប អាចមានទីប្រឹក្សា៤រូប ក្នុងនោះ២រូប មានឋានៈស្មើរដ្ឋលេខាធិការ ហើយ២រូបទៀត មានឋានៈស្មើអនុរដ្ឋលេខាធិការ។ ឧបនាយករដ្ឋមន្ត្រី ក៏មានជំនួយ៥រូបដែរ ក្នុងនោះ ១រូបមានឋានៈស្មើអគ្គនាយក ហើយ២រូប មានឋានៈស្មើអគ្គនាយករង និង២រូបទៀត មានឋានៈស្មើប្រធាននាយកដ្ឋាន។
 
ទន្ទឹមនេះប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏បានបែងចែកការងារឱ្យទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ចំនួន២១រូបផ្សេងទៀតដែរ។ ក្នុងនោះលោក គន់ គីម ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ហើយក៏ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
 
លោក អ៊ុក រ៉ាប៊ុន ទទួលកិច្ចការងារជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ។
 
លោក ឱម យ៉ិនទៀង ទទួលបន្ទុកជាប្រធានអង្គភាពប្រឆាំងអំពើពុក ខណៈលោក អៀង ម៉ូលី ត្រូវទទួលបន្ទុកដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ចំណែកលោក ថោង ខុន មានភារកិច្ចជំរុញការអភិវឌ្ឍចលនាកីឡា និងដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
 
ជាមួយគ្នានេះលោក ពេជ សោភ័ន ជួយពង្រឹងការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ រីឯលោក ព្រំ សុខា ជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ដោយឡែកលោក សក់ សេដ្ឋ ត្រូវមានភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
 
ងាកទៅលោក អូស្មាន ហាស្សាន់ វិញ ត្រូវទទួលបន្ទុកជួយនាយករដ្ឋមន្រ្តីលើការងារចលនាមូស្លីម ខណៈលោក អ៊ី ឈាន ត្រូវជួយនាយករដ្ឋមន្រ្តី លើការងារទាក់ទងនឹងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
 
ដោយឡែកលោក អ៊ុក ប្រាថ្នា មានភារកិច្ចជួយនាយករដ្ឋមន្រ្តីលើកិច្ចការសង្គម និងវប្បធម៌។ ចំណែកលោក អ៊ុច បូររិទ្ធ ជួយនាយករដ្ឋមន្រ្តី លើការងារសម្របសម្រួលកិច្ចការទំនាក់ទំនងបរទេស ក្នុងផ្នែកគណបក្សនយោបាយ និងអង្គការមហាជន។
 
សម្រាប់លោក ស្វាយ ស៊ីថា ជួយនាយករដ្ឋមន្រ្តីលើកិច្ចការងារព័ត៌មាន និងសាធារណៈមតិ ។ ឯលោក ឆៃ ស៊ីណារិទ្ធ ជួយនាយករដ្ឋមន្រ្តីលើការងារសេវាប្រមូល និងវិភាគព័ត៌មានផ្នែកសន្តិសុខ។ លោក លី ធុជ ទទួលបន្ទុកជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន។
 
ទន្ទឹមនេះលោក ឆែម គាតរិទ្ធី ទទួលបន្ទុកជាប្រធានក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ ខណៈលោក ឈៀង យ៉ាណារ៉ា ជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកលើការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
 
លោក សុក ស៊ីផាន់ណា ទទួលបន្ទុកជួយនាយករដ្ឋមន្រ្តីលើការងារទំនាក់ទំនងជាមួយអង្គការអន្តរជាតិ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាអាទិ៍ ASEM BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ។ ជាមួយគ្នានោះ លោក កែវ រ៉េមី ត្រូវជួយនាយករដ្ឋមន្រ្តី លើការសម្របសម្រួលកិច្ចការងារសិទ្ធិមនុស្ស និងទទួលបន្ទុកជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
 
ចំណែកលោក គី តិច ជួយនាយករដ្ឋមន្រ្តីលើការដឹកនាំ និងគ្រប់គ្រងក្រុមមេធាវីរដ្ឋាភិបាល ខណៈលោក ហូ សិទ្ធី ទទួលបន្ទុកជានាយកខុទ្ធកាល័យនាយរដ្ឋមន្រ្តី។
 
ក្រៅពីភារកិច្ចទាំងនេះ ទេសរដ្ឋមន្ត្រីទាំង២១រូបខាងលើ ក៏ត្រូវទទួលបន្ទុកអនុវត្តលើកិច្ចការងារផ្សេងៗទៀត ដែលនាយករដ្ឋមន្រ្តី ប្រគល់ឱ្យបំពេញផងដែរ។
 
ចំពោះទេសរដ្ឋមន្រ្តីទទួលបន្ទុកពិសេស១រូប អាចមានជំនួយការ៥រូប ។ ក្នុងនោះ ២រូប មានឋានៈស្មើអគ្គនាយក , ១រូប មានឋានៈស្មើអគ្គនាយករង និង២រូបទៀត មានឋានៈស្មើប្រធាននាយកដ្ឋាន៕
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com