ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក Pita ថា អត់សោកស្តាយសូម្បីបន្តិច ទោះមិនបានធ្វើនាយករដ្ឋមន្ត្រី
23, Aug 2023 , 5:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក Pita Limjaroenrat - พิธา ลิ้มเจริญรัตน์
រូបភាពពីហ្វេសប៊ុក Pita Limjaroenrat - พิธา ลิ้มเจริญรัตน์
លោក Pita Limjaroenrat  ជាមេដឹកនាំបក្សឆ្ពោះទៅមុខដែលបានឈ្នះឆ្នោតកាលពីខែឧសភា មិនមានការសោកស្តាយដែលខ្លួនមិនបានក្លាយជានាយករដ្ឋមន្ត្រី។ លោកអះអាងថា ការធ្វើជានាយករដ្ឋមន្ត្រី ជាជំហានមួយដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ ហើយគោលបំណងធំបំផុតនោះគឺ ក្លាយជាមេដឹកនាំដែលដាច់ណាត់នៅក្នុងសង្គមប្រជាធិបតេយ្យថៃ។

 
គណបក្សឆ្ពោះទៅមុខដែលដឹកនាំដោយលោក Pita បានឈ្នះឆ្នោតកាលពីខែឧសភាកន្លងទៅ។ ប៉ុន្តែលោកមិនបានក្លាយជានាយករដ្ឋមន្ត្រីទេ ដោយហេតុតែសមាជិកព្រឹទ្ធសភាភាគច្រើនមិនបានបោះឆ្នោតឱ្យ ព្រោះបក្សនេះមានបំណងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ 
 
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សិង្ហបុរី CNA លោក Pita បានលោកពីទស្សនៈ អតីនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ខ្វាន់យូ ថា ៖ « មានតែការតស៊ូឥតឈប់ឈរ ដើម្បីធ្វើឱ្យកើតឡើង នោះហើយគឺជាភាពជាអ្នកដឹកនាំ »។ 
 
លោកបន្តថា ស្ថានភាពនយោបាយថៃបច្ចុប្បន្ន​អាចសង្ខេបមកត្រឹម២ឬ៣ពាក្យនោះគឺ របបផ្តាច់ការភាគច្រើន ។ ទោះបីមិនបានក្លាយជានាយករដ្ឋមន្ត្រី លោក Pita មិនមានការសោកស្តាយអ្វីនោះឡើយ ហើយលោកបានសម្លឹងនូវចក្ខុវិស័យវែងឆ្ងាយពីការដឹកនាំប្រជាធិបតេយ្យផ្លាស់ប្តូរសង្គមថៃ។ 
 
ការធ្វើជានាយករដ្ឋមន្ត្រីគឺជាជំហានមួយដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសថៃ ហើយគោលបំណងធំបំផុតរបស់ខ្ញុំគឺក្លាយជាមេដឹកនាំដែលមិនជម្លោះនៅក្នុងសង្គមប្រជាធិបតេយ្យថៃ។ នេះជាការអះអាងរបស់លោក Pita ។ 
 
ជុំវិញសំណួរថាតើលោក Pita នឹងមានការទទួលខុសត្រូវយ៉ាងណាចំពោះម្ចាស់ឆ្នោត មេដឹកនាំបក្សឆ្ពោះទៅមុខរូបនេះបានបញ្ជាក់ថា ៖« ខ្ញុំបានឈ្នះ ប៉ុន្តែខ្ញុំត្រូវបានដកបេក្ខភាព ខ្ញុំមិនបានចុះចាញ់ទេ »។ 
 
ទោះបីក្លាយជាមេដឹកនាំប្រឆាំង ក៏លោកអាចធ្វើច្បាប់ បង្កើតច្បាប់ ត្រួតពិនិត្យពីតុល្យភាពនៅក្នុងសភា ដើម្បីជួយសង្គមថៃទោះស្ថិតនៅក្នុងតំណែងអ្វីក៏ដោយ ។
 
យ៉ាងណាមិញ ទោះបីមិនបានកាន់តំណែងនាពេលនេះ មេដឹកនាំរូបនេះជឿជាក់ថានឹងអាចកាន់តួនាទីកំពូលមួយនេះនៅពេលក្រោយ។ « ខ្ញុំទើបតែ ៤២ឆ្នាំ ខ្ញុំអាចរង់ចាំបាន នយោបាយប្រៀបដូចជាការរត់ម៉ារ៉ាតុង »។ 
 
នៅថ្ងៃទី២២ ខែសីហា សភាថៃបានបោះឆ្នោតគាំទ្របេក្ខភាពមកពីបក្សភឿ លោក Srettha Thavisin​ ជានាយករដ្ឋមន្រ្តីថៃជាផ្លូវការ៕ 
 
 

Tag:
 ថៃ
  Pita
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com