អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដ្បិតអត្រាអត់ការងារធ្វើកើនខ្ពស់ សិស្សចិនប្រជែងគ្នាប្រឡងចូលសាលាយោធា
23, Aug 2023 , 9:29 pm        
រូបភាព
រូបភាព Xinhua ។
រូបភាព Xinhua ។
សិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាល័យចំនួន១៧ពាន់នាក់ បានចូលរៀននៅសាលាយោធាចិននៅឆ្នាំនេះ។ នេះជាអត្រាចុះឈ្មោះខ្ពស់បំផុតចាប់តាំងពីការបញ្ចប់កំណែទម្រង់ក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធទំនើបជាងមុន។

 
បើតាមកាសែតកងទ័ពរំដោះប្រជាជនចិន PLA Daily ចំនួនអ្នកចូលរៀននៅសាលាយោធានីមួយៗទាំង​ ២៧របស់ចិនមានលើសពី ២០០០នាក់បើធៀបនឹងឆ្នាំមុន។ 
 
ការចុះឈ្មោះចូលរៀនយោធាដ៏ច្រើននេះ កើតឡើងនៅពេលអត្រាអត់ការងារធ្វើរបស់យុវជនចិនកើនកម្រិតខ្ពស់ ហើយសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងតស៊ូក្នុងការងើបឡើងវិញពីជំងឺរាលដាល កូវីដ-១៩។ ជាងមួយភាគប្រាំនៃមនុស្សពេញវ័យអាយុពី១៦ឆ្នាំ ទៅ២៤ឆ្នាំរស់នៅក្នុងទីក្រុងបានអត់ការងារធ្វើនៅក្នុងខែមិថុនា។
 
កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានផ្អាកការចេញផ្សាយទិន្នន័យជាតិអត់ការងារធ្វើរបស់យុវជនប្រចាំខែដោយពន្យល់ថា ស្ថិតិកម្លាំងពលកម្មចាំបាច់ត្រូវកែលម្អ និងធ្វើឱ្យប្រសើរបន្ថែមទៀត។
 
នៅឆ្នាំ២០២៣ សិស្ស ១៣៥ពាន់នាក់នៅទូទាំងប្រទេសបានដាក់ពាក្យសុំចូលរៀនសាលាយោធា កើន១៥ភាគរយបើធៀបឆ្នាំ២០២២។ បន្ទាប់មកមានតែ ៥០ពាន់នាក់បានឆ្លងផុតជុំទីមួយដើម្បីធ្វើការសម្ភាសន៍ និងពិនិត្យសុខភាព។ 
 
ជាលើកដំបូងនៅឆ្នាំនេះដែលការចុះឈ្មោះចូលរៀនបានបញ្ចូលជំនាញរួមគ្នានូវការបញ្ជា និងការហ្វឹកហ្វឺនបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់យោធាជំនាន់ថ្មីដែលមានទេពកោសល្យក្នុងការហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់សង្គ្រាម។
 
ថ្មីៗ​នេះ ប្រធានាធិបតី​ចិន ស៊ី ជិនភីង បាន​គូសបញ្ជាក់​ពី​បញ្ហា​សន្តិសុខ​ដ៏​ស្មុគស្មាញ​ដែល​ចិន​ប្រឈមមុខ។ លោក ស៊ី បានអំពាវនាវឱ្យយោធាផ្តោតលើសមត្ថភាពប្រយុទ្ធ ស្របពេលគោលដៅរបស់ចិនចង់ក្លាយជាកងកម្លាំងប្រដាប់អាវុធលំដាប់ពិភពលោកនៅឆ្នាំ២០២៧ ៕ 
 

Tag:
 សេដ្ឋកិច្ច
  ចិន
  យោធា​
 អត្រាអត់កាងារធ្វើ
© រក្សាសិទ្ធិដោយ thmeythmey.com