កីឡាជាតិ
ជាតិ
កម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាវាយកូនបាល់អាយុក្រោម១៤ឆ្នាំ ITF Asian លើកដំបូង
24, Aug 2023 , 6:59 pm        
រូបភាព
កីឡាករវាយកូនបាល់កម្ពុជា ពៅ វីរៈ។ រូបពី TC
កីឡាករវាយកូនបាល់កម្ពុជា ពៅ វីរៈ។ រូបពី TC
ដោយ: ហៀក ឆក
លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ​បង្ហាញក្តីរំភើបដែលកម្ពុជាទទួលបានសិទ្ធិពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ(ITF) និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី(ATF) រៀបចំការប្រកួតកីឡាវាយកូនបាល់យុវជនអាយុក្រោម ១៤ឆ្នាំ (ITF Asian 14U Junior Championships) ឆ្នាំ២០២៣។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៤ ខែសីហា តាមសារអេឡិចត្រូនិកតេលេក្រាម អគ្គលេខាធិការរូបនេះ បាននិយាយាថា៖«ក្នុងនាមខ្ញុំជាមន្រ្តីសហព័ន្ធ រំភើបក្រៃលែងព្រោះយើងបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាយុក្រោម ១៤ឆ្នាំ ជាលើកទី១»។ លោក ជា ពៅ បន្តថាទោះបីជាលើកដំបូងក៏ពិតមែន ក៏ប៉ុន្តែសម្រាប់សហព័ន្ធគឺបានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ជាច្រើនលើករួចមកហើយដែរដូចនេះមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។
 
សម្រាប់វត្តមានអត្តពលិកគិតមកត្រឹមពេលនេះនៅពុំទាន់អាចកំណត់ចំនួនប្រទេសដែលមកចូលរួមនៅឡើយទេ ព្រោះថានៅមានទទួលការចុះឈ្មោះចូលរួមជាបន្តបន្ទាប់។ «ព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិអាយុក្រោម១៤ឆ្នាំនេះ យើងមានកីឡាករ២៤រូប និងកីឡាការិនី២៤រូប តែចំនួនប្រទេសពុំទាន់អាចកំណត់បានទេដោយការចុះឈ្មោះយើងនៅបន្តទទួល»។ លោក ជា ពៅ បន្ថែម។

កីឡាករវាយកូនបាល់កម្ពុជា សភ្ត័ រតនៈ។ រូបពី TC
សម្រាប់អត្តពលិកក្នុងនាមជាម្ចាស់ផ្ទះ សហព័ន្ធបានបញ្ចូលកីឡាករវ័យក្រោម ១៤ឆ្នាំពីររូប ដែលត្រៀមបង្ហាញសមត្ថភាពក្នុងការប្រកួតកម្រិតអាស៊ីមួយនេះ ដោយក្នុងនោះមានកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ លើពីរវិញ្ញាសា គឺវិញ្ញាវាយគូ និងវាយឯកត្តជន។
 
គួបញ្ជាក់ផងដែរថា ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកអាស៊ីយុវជនអាយុក្រោម ១៤ឆ្នាំ(ITF Asian 14U Junior Championships)ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ ក្នុងបរិវេណពហុកីដ្ឋានជាតិមរតកតេជោ៕
 

Tag:
 កីឡាវាយកូនបាល់
 ជា ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com