អន្តរជាតិ
ឥណ្ឌា នឹងហាមឃាត់ការនាំចេញស្ករសជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ
26, Aug 2023 , 8:30 am        
រូបភាព
ឥណ្ឌា នឹងហាមឃាត់ការនាំចេញស្ករសក្នុងរដូវបន្ទាប់ចាប់ពីខែតុលាតទៅ ដែលជាការរឹតត្បិតជា​លើក​ដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំដោយសារកង្វះទឹកភ្លៀងដែលបានកាត់បន្ថយទិន្នផលអំពៅ។

 
អវត្តមានស្ករសរបស់ឥណ្ឌាពីទីផ្សារពិភពលោក ទំនងជានឹងបង្កើនតម្លៃគោលស្ករសនៅទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ដែលពឹងផ្អែកខ្លាំងលើឥណ្ឌាអស់ពេលជាច្រើនឆ្នាំ ហើយក៏បង្កឱ្យមានការភ័យខ្លាច​ដល់​អតិផរណាបន្ថែមទៀតលើទីផ្សារអាហារពិភពលោក។
 
«ការផ្តោតសំខាន់របស់យើងគឺបំពេញតម្រូវការស្ករក្នុងស្រុក និងផលិតអេតាណុលពីអំពៅដែល​លើស​ចំនួន»។ ប្រភពរដ្ឋាភិបាលបានបញ្ជាក់បែបនេះរួចបន្តថា សម្រាប់​រដូវ​កាលខាង​មុខ ឥណ្ឌានឹង​មិន​មាន​ស្ករ​គ្រប់​គ្រាន់​សម្រាប់​បែងចែក​ដល់ចំនួនកំណត់ក្នុងការនាំ​ចេញឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
 
សព្វថ្ងៃ ឥណ្ឌាបានអនុញ្ញាតឱ្យរោងម៉ាស៊ីននាំចេញស្ករសត្រឹមតែ៦,១លានតោនក្នុងរដូវប្រមូលផលបច្ចុប្បន្នដែលគិតដល់ថ្ងៃទី៣០ ខែកញ្ញា។ នារដូវកាលមុន ឥណ្ឌាលក់បាន១១,១លានតោន។
 
បម្រែបម្រួលអាកាសធាតុ ជាកត្តាចម្បងដែលនាំដល់ការរឹតត្បិតនេះ។ នាយកដ្ឋានទិន្នន័យអាកាសធាតុឥណ្ឌា អះអាងថា ភ្លៀងមូសុងធ្លាក់នៅរដ្ឋភាគខាងលិច Maharashtra និងរដ្ឋភាគខាងត្បូង Karnataka ដែលរូមបញ្ចូលគ្នាមានផ្ទៃដីដាំអំពៅធំជាងគេ និងផ្ដល់ទិន្នផលច្រើនជាងពាក់កណ្តាល​នៃផលិតកម្មស្ករសរុបរបស់ឥណ្ឌាបានធ្លាក់ចុះដល់ទៅ៥០ភាគរយក្រោមមធ្យមភាគ។ 
 
លើសពីនេះ ឥណ្ឌាក៏បារម្ភពីអតិផរណាម្ហូបអាហារដែរ ហើយការកើនឡើងនៃតម្លៃស្ករ​នាពេ​លថ្មី​ៗ​នេះ​ទាញចុះលទ្ធភាពនៃការនាំចេញថែមទៀត។ អតិផរណាលក់រាយនៅក្នុងឥណ្ឌាបាន​កើន​ឡើង​ដល់​កម្រិតខ្ពស់រយៈពេល១៥ខែ ដល់ទៅ៧,៤៤ភាគរយនៅក្នុងខែកក្កដា ហើយអតិផរណា​ម្ហូប​អាហារ​ដល់​១១,៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com