សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិននាំមុខគេលើពិភពលោកជុំវិញការផលិតថាមពលកកើតឡើងវិញ
26, Aug 2023 , 9:30 am        
រូបភាព
តំបន់ផលិតថាមពលខ្យល់នៅ Turpan តំបន់ស្វយ័ត Xinjiang Uygur ។ រូបភាព Xinhua ។
តំបន់ផលិតថាមពលខ្យល់នៅ Turpan តំបន់ស្វយ័ត Xinjiang Uygur ។ រូបភាព Xinhua ។
យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលបានជួយឱ្យចិនដឹកនាំពិភពលោកក្នុងវិស័យថាមពលកកើតឡើងវិញ។ ក្រុមហ៊ុនចិនមានចំនួនជិត ៦០ភាគរយនៃសមត្ថភាពដំឡើងឧបករណ៍ផលិតថាមពលខ្យល់នៅទូទាំងពិភពលោក។

 
 
ជាលើកដំបូងដែលថាមពលកកើតឡើងវិញមានចំនួន ៤៨,៨ភាគរយនៃសមត្ថភាពដំឡើងសរុបរបស់ចិនដែលមានប្រហែល ២,៧១ពាន់លានគីឡូវ៉ាត់ (2,710 GW) ដែលលើសពីសមត្ថភាពថាមពលធ្យូងថ្មសរុប។ នេះបើតាមរបាយការណ៍ក្រុមហ៊ុនចិន CJO GLOBAL ។ 
 
ជុំវិញការផលិតថាមពលខ្យល់ ក្រុមហ៊ុនចិនមានចំនួនជិត ៦០ភាគរយនៃសមត្ថភាពដំឡើងនៅទូទាំងពិភពលោកកាលពីឆ្នាំមុន ក៏ដូចជាចំណែកទីផ្សារដែលកំពុងកើនឡើងចំពោះបន្ទះស្រូបពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុន Goldwin Company របស់ចិនមានចំនួន ១៣ភាគរយនៃចំណែកទីផ្សារថាមពលខ្យល់របស់ពិភពលោក។
 
ក្នុងចំណោមក្រុមហ៊ុនថាមពលខ្យល់កំពូលទាំង១៥ របស់ពិភពលោក ចិនមានក្រុមហ៊ុនចំនួន១០ ស្មើនឹងជាង ៥៦ភាគរយនៃចំណែកទីផ្សារដំឡើងថាមពលខ្យល់របស់ពិភពលោកកើនឡើងពី ៣៧ភាគរយបើធៀបប្រាំឆ្នាំមុន។ ទន្ទឹមនឹងនេះចំណែកទីផ្សាររបស់ក្រុមហ៊ុនអឺរ៉ុបបានធ្លាក់ចុះពី ៥៥ភាគរយមកត្រឹម ៤២ភាគរយ។
 
តម្លៃនៃការដំឡើងទាប បច្ចេកវិទ្យាកាន់តែជឿនលឿន និងបណ្តាញលក់កាន់តែទូលំទូលាយនៅអឺរ៉ុប និងជប៉ុន បានធ្វើឱ្យអ្នកផលិតថាមពលខ្យល់នៅអាល្លឺម៉ង់ ដាណឺម៉ាក និងអេស្ប៉ាញមានការលំបាកក្នុងការប្រជែងជាមួយដៃគូចិនដោយសារតម្លៃកាន់តែខ្ពស់។
 
​ចិនកំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នូវ​គម្រោង​ថាមពល​ខ្យល់​នៅ​ឈូង​សមុទ្រ​ជា​ច្រើន ព្រមទាំង​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​ធំ​នៅ​វាលខ្សាច់ផងដែរ។ ជា​លើក​ដំបូង​ដែល​ចិន​បាន​ឡើង​មក​ឈរ​នៅ​លេខ​មួយ​​លើវិស័យថាមពល​ខ្យល់លើសពី​អឺរ៉ុប។ 
 
អ្នកជំនាញជឿថាចំណែកទីផ្សាររបស់ចិននៅអឺរ៉ុបសម្រាប់ថាមពលខ្យល់ នឹងកើនឡើងយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លី ដែលធ្វើឲ្យអាជីវកម្មអឺរ៉ុបជាច្រើនមានការព្រួយបារម្ភ៕

Tag:
 ចិន
  ពិភពលោក
  ថាមពលកកើតឡើងវិញ
© រក្សាសិទ្ធិដោយ thmeythmey.com