សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រជាជនចិនសម្រុកទៅទិញផ្ទះនៅឌូបៃ
25, Aug 2023 , 7:39 pm        
រូបភាព
អគារនៅទីក្រុងឌូបៃ ។ រូបភាពពី AFP ។
អគារនៅទីក្រុងឌូបៃ ។ រូបភាពពី AFP ។
ជនជាតិ​ចិន​កំពុងស្វែងរក​ការ​វិនិយោគ​លើ​លំនៅដ្ឋាន​នៅ​ក្រៅ​ប្រទេស ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន​ក្នុង​ករណី​មាន​ការ​ផ្ទុះ​ឡើង​ការ​រាលដាល​ជំងឺ​ម្តង​ទៀត​។ ក្រោយពីគោលនយោបាយសូន្យកូវីដរបស់ទីក្រុងប៉េកាំងត្រូវបានបញ្ចប់ ជនជនជាតិបានសម្រុកទៅទិញលំនៅឋានក្រៅប្រទេសជាច្រើនដូចជា សិង្ហបុរី ថៃ ហើយក្នុងនោះអេមីរ៉ាតអារ៉ាប់រួមឃើញមានសន្ទុះនៃការទិញអចលនទ្រព្យដោយជនជាតិចិនកើនឡើង។

 
នៅឆមាសទីមួយឆ្នាំនេះ ក្រុមហ៊ុន Emaar Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ទីក្រុងឌូបៃ បានរកឃើញជនជាតិចិនមានចំនួន ៨ភាគរយនៃអតិថិជនសរុបរបស់ក្រុមហ៊ុនខ្លួន ខណៈពេលដែលឆ្នាំមុនមានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ។
 
ទោះបីតួលេខនេះហាក់នៅមានកម្រិតទាប បើធៀបកាលពីមុនមានរហូតដល់ ១៣ភាគរយ ទៅ១៤ភាគរយ ប៉ុន្តែវាអាចជាកត្តាសំខាន់មួយដែលជួយជំរុញកម្លាំងទិញនៅក្នុងទីផ្សារអចលនទ្រព្យរបស់អេមីរ៉ាតអារ៉ាប់រួម។ នេះបើយោងតាមក្រុមហ៊ុនហិរញ្ញវត្ថុ CI Capital ។ នៅក្នុងត្រីមាសទីមួយ ជនជាតិរុស្ស៊ី គឺជាក្រុមអតិថិជនដ៏ធំបំផុតរបស់ Emaar Properties ដែលតម្រូវការនៅតែមានកម្រិតខ្ពស់។
 
អ្នកជំនាញ CI Capital លោកស្រី Sara Boutros ប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់ Emaar អាចឈានដល់ ៩,៣ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ១០ភាគរយបើធៀបឆ្នាំ២០២២។ វាមានសារៈសំខាន់ណាស់ក្នុងការសង្កេតមើលស្ថានភាពអាជីវកម្មរបស់អ្នកអភិវឌ្ឍន៍នេះ ដោយសារ Emaar Properties មានចំនួន ៣០ភាគរយនៃចំណែកទីផ្សារប្រតិបត្តិការលក់ផ្ទះ មុនពេលសាងសង់គម្រោងនានានៅក្នុងទីក្រុងឌូបៃ។
 
ទីផ្សារអចលនទ្រព្យឌូបៃកំពុងរីកចម្រើន ដែលផ្ទុយទៅនឹងនិន្នាការនៅប្រទេសនានាជុំវិញពិភពលោក។ បន្ទាប់ពីការលក់ធ្លាក់ចុះ ៧ឆ្នាំជាប់ៗគ្នា ទីផ្សារនេះបានចាប់ផ្តើមងើបឡើងវិញក្រោយការស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ដោយសាររលកនៃអ្នកទិញបរទេសភាគច្រើនជាមហាសេដ្ឋីរូបិយប័ណ្ណឌីជីថល ជាពិសេសអ្នកមាននៅអាស៊ី និងរុស្ស៊ីដែលស្វែងរកទីតាំងមួយមានសុវត្ថិភាពដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ។
 
វិនិយោគិនចិនបានឈរនៅលើកំពូលតារាងអ្នកទិញគម្រោងអចលនទ្រព្យរបស់ Emaar ក្នុង ២០១៨ និង ២០២០ ប៉ុន្តែបានធ្លាក់ចុះមកត្រឹមលេខរៀងទី៥ ក្នុងឆ្នាំ២០២២ ដោយសារគោលនយោបាយគ្រប់គ្រងជំងឺរាតត្បាតដ៏តឹងរ៉ឹងដាក់កម្រិតលើការធ្វើដំណើរ។ នៅពេលប្រទេសបានបើកឡើងវិញ មនុស្សជាច្រើនកំពុងសម្លឹងរកការបណ្តាក់ទុននៅក្រៅប្រទេស។
 
កាលពីដើមខែនេះ ឈ្មួញកណ្តាលអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឌូបៃរបស់ក្រុមហ៊ុន Allsopp & Allsopp បាននិយាយថា ការលក់ផ្ទះទៅឱ្យជនជាតិចិនបានកើនឡើង ១៣០ភាគរយនៅក្នុងឆមាសទីមួយឆ្នាំនេះ។ ក្នុងនោះប្រតិបត្តិការសាច់ប្រាក់កើនដល់ ៧៨ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន។
 
«ជនជាតិចិនតែងតែទូទាត់ជាសាច់ប្រាក់ផ្ទាល់សម្រាប់ប្រតិបត្តិការអចលនទ្រព្យ»។ នេះបើតាមការអះអាងរបស់ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Allsopp & Allsopp លោកស្រី Faline Huang ។ បើតាមលោកស្រី ដោយសារអតិថិជនមួយក្រុមនេះមានដើមទុនគ្រប់គ្រាន់មុននឹងសម្រេចចិត្តទៅបណ្តាក់ទុននៅក្រៅប្រទេស ដូច្នេះពួកគេអាចទូទាត់ជាសាច់ប្រាក់ភ្លាមៗ ដើម្បីទទួលបានភាពងាយស្រួល។
 
លោក Lewis Allsopp នាយកប្រតិបត្តិនៃក្រុមហ៊ុន Allsopp & Allsopp ព្យាករថា ភ្ញៀវទេសចរចិននឹងប្រជែងជាមួយនឹងភ្ញៀវរុស្ស៊ីនៅក្នុងទីផ្សារអចលនទ្រព្យឌូបៃនៅចុងឆ្នាំនេះដែលពួកគេនិយមការអភិវឌ្ឍន៍បែបប្រណីតមានម៉ាកយីហោ និងវីឡាទំនើបៗ។ លោក​បន្ត​ថា​៖ «​តម្រូវការ​វីឡា ផ្ទះ​ល្វែង និង​អាផាតមិន​ប្រណីត​ដែលនៅទល់នឹងមាត់​ទឹក ​នឹង​បន្ត​កើនឡើង​ខ្លាំងនៅឆមាស​ទី​ពីរ​​នេះ​»​។
 
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា តម្លៃលំនៅដ្ឋាននៅទីក្រុងឌូបៃបានកើនឡើង ១៦,៩ភាគរយ ដែលជាអត្រាកើនលឿនបំផុតក្នុងរយៈពេលមួយទសវត្សរ៍។ ទន្ទឹមនឹងនេះ ការជួលជាមធ្យមបានកើនឡើង ២២,៨ភាគរយ ។ បើតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE តម្លៃជាមធ្យមនៃអាផាតមិនមានតម្លៃប្រហែល ៣៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងវីឡា ប្រហែល ៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕
 

Tag:
 ចិន
  ឌូបៃ
  អចលនទ្រព្យ
  ឌូបៃ
© រក្សាសិទ្ធិដោយ thmeythmey.com