អន្តរជាតិ
រុស្ស៊ីបដិសេដដាច់ខាតចំពោះការចោទប្រកាន់ថាខ្លួនសម្លាប់មេទាហានស៊ីឈ្នួល Wagner
26, Aug 2023 , 8:00 pm        
រូបភាព
វិមានក្រេមឡាំងនាថ្ងៃទី២៥ ខែសីហាបានច្រានចោលការលើកឡើងរបស់លោកខាងលិចដែលថាមេក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវបានសម្លាប់ដោយរដ្ឋាភិបាលរុស្ស៊ី។ វិមានក្រេមឡាំងចាត់ទុកការលើកឡើងនេះជាការកុហកទាំងស្រុង ហើយមិនក៏មិនបញ្ជាក់​លម្អិត​អំពីការស្លាប់របស់លោក Prigozhin ដោយរង់ចាំលទ្ធផលស៊ើបអង្កេត។

 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី២៤ ខែសីហា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារ របស់លោក Prigozhin បន្ទាប់ពីយន្តហោះរបស់មេដឹកនាំទាហានស៊ីឈ្នួលរូបនេបានធ្លាក់នៅថ្ងៃទី២៣ ខែសីហា ដោយគ្មានអ្នកនៅរស់រានមានជីវិតនោះឡើយ។ 
 
ខណៈដែលលោក Prigozhin ត្រូវសន្មត់ថាស្លាប់ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីកំពុងស៊ើប​អង្កេត​លើ​អ្វី​ដែល​បានកើតឡើង ប៉ុន្តែមិនទាន់បានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់ភ្លាមៗពីអាកាស​នៅភាគពាយព្យទីក្រុងមូស្គូឡើយ។ ​អត្តសញ្ញាណ​សាកសព​ទាំង១០នាក់​ដែល​បាន​រក​ឃើញ​ពី​បំណែក​យន្តហោះ​នោះក៏មិនត្រូវបានបញ្ចេញដែរ។ 
 
ទោះជាយ៉ាងណា ការសង្ស័យធ្លាក់លើអាជ្ញាធររុស្ស៊ី ពិសេសលោក ពូទីន ដើម្បីជាការសងសឹកចំពោះ​ការបះបោរមួយដែលបរាជ័យកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា។ អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov បាននិយាយថា ការចោទប្រកាន់នេះ គឺខុសទាំងស្រុង។
 
«ឥឡូវនេះមានការរំពឹងទុកជាច្រើនជុំវិញការធ្លាក់យន្តហោះនេះ និងការស្លាប់ដ៏សោកនាដកម្មរបស់​អ្នកដំណើរក្នុងយន្តហោះរួមទាំងលោក Yevgeny Prigozhin ផងដែរ។» លោក Peskov លើក​ឡើង​បែបនេះដោយចង់សំដៅថា អ្វីដែលបណ្ដាប្រទេសលោកខាងលិចមើលឃើញ និងលើកឡើង​ទាំង​អស់​នេះជាការកុហកទាំងស្រុង។ លោក Peskov សង្កត់ធ្ងន់ពីសារសំខាន់ក្នុងការរង់ចាំលទ្ធផលនៃ​ការ​ធ្វើ​តេស្តផ្សេងៗក៏ដូចជាលទ្ធផលនៃការស៊ើបអង្កេតផងដែរ៕

Tag:
 (រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com