សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើពិភពលោកនឹងទៅជាយ៉ាងណា នៅពេលដែលចិនជួបបញ្ហាសេដ្ឋកិច្ច?
27, Aug 2023 , 10:20 am        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន​ បានជះឥទ្ធិពលដល់ប្រទេសនានាជុំវិញពិភពលោកតួយ៉ាងតម្រូវការធ្លាក់ចុះ វិបត្តិអចលនទ្រព្យ ការវិនិយោគ ភ្ញៀវទេសចរចិនដែលធ្វើឱ្យប្រទេសដែលពឺងផ្អែកលើការនាំចេញទៅកាន់ចិនសុទ្ធតែរងផលប៉ះពាល់។

 
 
កាលពីប្រាំបីខែមុន សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងងើបឡើងវិញ។ គោលនយោបាយ សូន្យកូវីដត្រូវបានបញ្ចប់ អ្នកទិញទំនិញ និងអ្នកទេសចរក្នុងស្រុកត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសេរី ប៉ុន្តែការស្ទុះងើបឡើងវិញហាក់ដូចជាមានការរំពឹងតិចតួច។ 
 
កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនគិតត្រឹមត្រីមាសទីពីរ ត្រូវបានអ្នកសេដ្ឋកិច្ចរំពឹងទុកថានឹងកើនដល់ប្រហែល១០ភាគរយ ប៉ុន្តែតាមពិតវាមានត្រឹមតែជាង៣ភាគរយប៉ុណ្ណោះ។ ជាមួយ​គ្នានោះ ចិន​ធ្លាក់​ចូល​ក្នុង​បរិត្តផរណា។ ការឆ្លើយតបយ៉ាងប្រយ័ត្នប្រយែងរបស់ទីក្រុងប៉េកាំងនិងវិបត្តិអចលនទ្រព្យ បានបង្កើនការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេលយូរ។ 
 
ត្រង់ចំណុចនេះ គឺថាអ្វីដែលកើតឡើងចំពោះសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនឹងជះឥទ្ធិពលគ្រប់ទីកន្លែង។ ដោយសារតែប្រទេសចិនមានទំហំធំ ការផ្លាស់ប្តូរទ្រព្យសម្បត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះអាចជំរុញ ឬបន្ថយការរំពឹងទុកចំពោះកំណើនទៅដល់ប្រទេសផ្សេងទៀត  និងពិភពលោកទាំងមូលផងដែរ។
 
ប្រជាជន និងក្រុមហ៊ុនរបស់ប្រទេសនេះនឹងទិញទំនិញ ឬសេវាកម្មតិចជាងអ្វីដែលពួកគេអាចទិញបាន ដែលឱ្យបង្កការលំបាកសម្រាប់អ្នកផលិតទំនិញ និងអ្នកប្រើប្រាស់ផ្សេងទៀត។ 
 
អ្នក​ដែលនាំ​ចេញ​ទំនិញសំខាន់ៗនិង​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃសេដ្ឋកិច្ច​ចិន។ ប្រទេសនេះប្រើប្រាស់ជិត ២០ភាគរយនៃប្រេងឥន្ធនៈរបស់ពិភពលោក ៥០ភាគរយនៃទង់ដែងចម្រាញ់ នីកែល និងស័ង្កសី និងច្រើនជាង ៣ភាគ៥នៃរ៉ែដែករបស់ពិភពលោកទាំងមូល។ ទីផ្សារអចលនទ្រព្យកំពុងជួបបញ្ហា មានន័យថាប្រទេសនេះត្រូវការវត្ថុធាតុដើម ឬធានទាំងនេះតិចជាងមុន។
 
ប្រទេសណាខ្លះដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ?
 
ជាក់ស្តែងដូចជាប្រទេសសំប៊ី ​ដែលនាំចេញទង់ដែង និងលោហធាតុផ្សេងទៀតទៅកាន់ចិនមានចំនួន ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប ក៏ដូចជាអូស្ត្រាលីដែលជាអ្នកផ្គត់ផ្គង់ធ្យូងថ្ម និងដែកដ៏សំខាន់របស់ចិនផងដែរ។ នៅពីថ្ងៃទី២២ ខែសីហា ក្រុមហ៊ុន BHP Group ដែលជាក្រុមហ៊ុនរុករករ៉ែអូស្ត្រាលីដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ពីប្រាក់ចំណេញប្រចាំឆ្នាំទាបបំផុតរបស់ខ្លួនក្នុងរយៈពេលបីឆ្នាំ។​ ក្រុមហ៊ុននេះលើកឡើងថា ការឡើបឡើងវិញនៃសេដ្ឋកិច្ចចិនមិនបានបង្កើតការផ្លាស់ប្តូរជាក់ស្តែងនោះទេ។
 
បស្ចិមប្រទេសក៏បានឃើញផលប៉ះពាល់អវិជ្ជមានផងដែរ។ ការធ្លាក់ចុះនៃតម្រូវការពីចិន គឺជាហេតុផលមួយដែលសេដ្ឋកិច្ចអាល្លឺម៉ង់នៅទ្រឹងនាពេលថ្មីៗនេះ ក្រុមហ៊ុនលោកខាងលិចមួយចំនួនរងផលប៉ះពាល់ដោយការពឹងផ្អែកលើចិនសម្រាប់បង្កើនប្រាក់ចំណូល។
 
នៅឆ្នាំ ២០២១ ក្រុមចម្រុះជាតិសាសន៍ធំៗចំនួន២០០ នៅអាម៉េរិក អឺរ៉ុប និងជប៉ុន អាចរកបានប្រាក់ចំណូលរបស់ពួកគេតែ ១៣ភាគរយប៉ុណ្ណោះពីប្រទេសចិនដែលសរុបជាចំនួនទឺកប្រាក់ ៧០០ពាន់លានដុល្លារ។ តួយ៉ាងក្រុមហ៊ុន Tesla រកបានប្រហែល ២០ភាគរយនៃការលក់ឡាននៅក្នុងចិន ស្របពេលក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក Qualcomm ដែលពឹងផ្អែកលើពីរភាគបីនៃការលក់របស់ខ្លួនទៅកាន់ចិន ។
 
ដរាបណា​វិបត្តិសេដ្ឋកិច្ចចិន​មិនទាន់រាលដាលខ្លាំងទៅកាន់ពិភពលោក ទំហំនៃការខូចខាត​ដែលប៉ះពាល់នៅខាងក្រៅប្រទេសចិន​នឹងនៅមាន​កម្រិតនោះឡើយ។ ជាក់ស្តែងការលក់ទំនិញទៅកាន់ចិនមានត្រឹមតែ ៤ភាគរយ ទៅ៨ភាគរយនៃអាជីវកម្មរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីទាំងអស់នៅអាម៉េរិក អឺរ៉ុប និងជប៉ុន។
 
ការនាំចេញពីអាម៉េរិក អង់គ្លេស បារាំង និងអេស្ប៉ាញទៅកាន់ចិនមានត្រឹមតែ ១ភាគរយទៅ២ភាគរយប៉ុណ្ណោះនៃទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសនីមួយៗ។ 
 
ទោះបីជាចិនកំពុងតែជួបបញ្ហាក៏ពិតមែន ប៉ុន្តែបណ្តាប្រទេសភាគច្រើននៅជុំវិញពិភពលោកកំពុងដំណើរការល្អជាងការរំពឹងទុក។ កាលពីខែកក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែប្រែការព្យាករកំណើនពិភពលោករបស់ខ្លួនពីការព្យាករខែមេសា។ អាម៉េរិក ដែលជាប្រទេសនាំចូលធំបំផុតរបស់ពិភពលោកត្រូវបានព្យាករថានឹងមានកំណើនជិត ៥ភាគរយ។
 
ក្នុងទិដ្ឋភាពបែបនេះ កំណើនយឺតរបស់ចិននឹងផ្តល់អត្ថប្រយោជន៍មួយចំនួនដល់អ្នកប្រើប្រាស់ពិភពលោកផងដែរ មានន័យថានឹងទាញតម្រូវការទំនិញតិចជាងមុន ដែលធ្វើឱ្យតម្លៃទំនិញ និងការចំណាយលើនាំចូលធ្លាក់ចុះ។
 
នៅពេលដែលតម្លៃមានស្ថេរភាព និងអតិផរណាចុះត្រជាក់ ធនាគារកណ្តាលអាម៉េរិក (Fed) និងធនាគារកណ្តាលផ្សេងទៀតនឹងមិនសូវមានភាពស្ទាក់ស្ទើរក្នុងការបន្ទាបអត្រាការប្រាក់ត្រឡប់មកវិញ។ ប្រទេសខ្លះបានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទស្សវត្សមកហើយ ដែលនឹងមិនចង់ដំឡើងវាតទៅទៀតទេ។
 
លើសពីនេះ កំណើនសេដ្ឋកិច្ចយឺតនៅចិនក៏អាចផ្តល់អត្ថប្រយោជន៍ដល់អឺរ៉ុបផងដែរ ព្រោះវានឹងកាត់បន្ថយការប្រជែងនៅក្នុងទីផ្សារថាមពលពិភពលោក និងជាពិសេសឧស្ម័នធម្មជាតិ ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor International ។ បណ្តាប្រទេសអ៊ឺរ៉ុបមានភាពងាយរងគ្រោះ ប៉ុន្តែការធ្លាក់ចុះតម្លៃឧស្ម័នធម្មជាតិនឹងអាចជួយបន្ធូរបន្ថយសម្ពាធលើតម្លៃថាមពល។
 
តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើសេដ្ឋកិច្ចចិនមានស្ថានភាពកាន់តែអាក្រក់ទៅៗ ?
 
ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិន គួបផ្សំនឹងការថមថយនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគ នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងទំនិញ។ ដូច្នេះនៅក្នុងសេណារីយ៉ូដែលចិនធ្លាក់ចូលទៅក្នុងវិបត្តិ សេដ្ឋកិច្ចពិភពលោកអាចឃើញអត្រាកំណើនចន្លោះពី ០,១ភាគរយទៅ០,៥ភាគរយក្នុងអំឡុងឆ្នាំ២០២៣ និង២០២៤។ នេះបើតាមការព្យាករណ៍របស់ Euromonitor International។ 
 
សេណារីយ៉ូដ៏អាក្រក់បំផុតនោះ គឺវិបត្តិអចលនទ្រព្យអាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក។ ការសិក្សារបស់ធនាគារអង់គ្លេសឆ្នាំ ២០១៨ បានរកឃើញថា ប្រសិនបើការធ្លាក់ចុះសេដ្ឋកិច្ចចិនពីកំណើន GDP ៧ភាគរយមក -១ភាគរយភ្លាមៗនឹងធ្វើឱ្យតម្លៃទ្រព្យសកម្មសកលធ្លាក់ចុះ។ ទន្ទឹមនឹងនេះ រូបិយប័ណ្ណប្រទេសអ្នកមានបានឡើងថ្លៃនៅពេលដែលវិនិយោគិនបានសម្រុកទៅរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងមុន។
 
នៅពេលនោះ GDP របស់អង់គ្លេសនឹងធ្លាក់ចុះ ១,២ភាគរយ។ ទោះបីជាស្ថាប័នហិរញ្ញវត្ថុលោកខាងលិចភាគច្រើនមានការប៉ះពាល់តិចតួចជាមួយចិនក៏ដោយ ក៏មានករណីលើកលែងដូចជា HSBC និង Standard Chartered ដែលជាធនាគារអង់គ្លេសពីរមានទំនាក់ទំនងជាមួយចិនមានផលប៉ះពាល់ផងដែរ។
 
មួយវិញទៀត បើវិបត្តិសេដ្ឋកិច្ចបន្តអូសបន្លាយយូរជាងនេះ អាចជំរុញឱ្យចិនកាត់បន្ថយការវិនិយោគ និងការផ្តល់ប្រាក់កម្ចីនៅបរទេស។ ពីព្រោះថាអ្នកវិនិយោគទាំងនោះអាចនឹងត្រូវមមាញឹកច្រើនជាងនេះ ដោយសារពួកគេព្រួយបារម្ភអំពីការប្រយុទ្ធប្រឆាំងសេដ្ឋកិច្ចក្នុងស្រុក។
 
បន្ទាប់ពីបានក្លាយជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០១៧ ចិនបានកាត់បន្ថយបន្តិចម្តងៗនូវការផ្តល់មូលនិធិនៅក្រៅប្រទេស ដោយសារគម្រោងនានាបានជួបការលំបាក។ ក្រុមអ្នកសង្កេតការណ៍កំពុងមើលខួបមួយទសវត្សរ៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលចិនបានជះទឹកប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដូចជា ម៉ូសំប៊ិក ឬប៉ាគីស្ថាន  ដើម្បីជាទឡ្ហីករណ៍តាមដានសេដ្ឋកិច្ចចិនដែរ។
 
ជារួម នៅពេលដែលសេដ្ឋកិច្ចចិនធ្លាក់ចុះមានទាំងភាពវិជ្ជមាននិងអវិជ្ជមានដែលជះឥទ្ធិពលដល់ប្រទេសនានា។ វិជ្ជមានត្រង់ថា ប្រទេសដែលនាំចូលទំនិញកាត់បន្ថយការប្រើប្រាស់ជាងមុន ដែលធ្វើឱ្យការចំណាយថមថយ នៅពេលនោះនឹងទាញឱ្យមានស្ថេរភាពតម្លៃទំនិញ ធនាគារកណ្តាលនឹងបញ្ឍប់ការដំឡើងអត្រាការប្រាក់តទៀត។ លើសពីនេះ តម្លៃប្រេង និងឧស្ម័នធម្មជាតិធ្លាក់ចុះ។ 
 
ចំណែកភាពអវិជ្ជមានបានប៉ះពាល់ច្រើនទៅលើប្រទេសភាគច្រើនដែលនាំចេញទៅចិន  ជាពិសេសប្រទេសដែលពឹងផ្អែកលើវិនិយោគិន វិស័យទេសចរណ៍ និងការទទួលប្រាក់កម្ចីរបស់ចិនជាដើម៕ 

Tag:
 សេដ្ឋកិច្ច
  ចិន
 
© រក្សាសិទ្ធិដោយ thmeythmey.com