សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាលថៃថ្មី នឹងពិចារណា​ការ​ពន្យារ​ទិដ្ឋាការ​ដល់​៩០​ថ្ងៃឱ្យទេសចរចិន ឥណ្ឌា រុស្ស៊ី
28, Aug 2023 , 7:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន ។ រូបភាពពីបណ្តាញសង្គម X ឈ្មោះ  Srettha Thavisin ។
នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន ។ រូបភាពពីបណ្តាញសង្គម X ឈ្មោះ Srettha Thavisin ។
លោក សេដ្ថា ថាវីស៊ីន ដែលជានាយករដ្ឋមន្ត្រីថៃលើកឡើងថា រដ្ឋាភិបាលថ្មីនឹងពិចារណាលើការពន្យាសុពលភាពទិដ្ឋាការទេសចរណ៍ពី៣០ថ្ងៃ ទៅដល់ ៩០ថ្ងៃ ជាពិសេសសម្រាប់ប្រទេសចិន ឥណ្ឌា និងរុស្ស៊ី ព្រមទាំងបន្ធូរបន្ថយនីតិវិធីអន្តោប្រវេសន៍ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស។ នេះបើតាមសារព័ត៌មានថៃ Thia PBS ។

 
នៅថ្ងៃទី២៦ ខែសីហា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីបានទៅជួបពិភាក្សាជាមួយសមាគមន៍ និងប្រតិបត្តិករទេសចរណ៍នៅខេត្តផាងង៉ា ដើម្បីស្តាប់បញ្ហាព័ត៌មានមួយចំនួនជុំវិញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងសក្តានុពលនៃទេសចរសុខភាពតាមឆ្នេរសមុទ្រ Andaman ។
 
លោក ថាវីស៊ីន បានលើកឡើងថា ៖ « សន្តិសុខ​ជារឿង​សំខាន់ ដូច្នេះការលុបចោលទិដ្ឋាការឥតគិតថ្លៃសម្រាប់ប្រទេសចិន ឥណ្ឌា រុស្ស៊ី ដែលចាត់ទុកថាជាទីផ្សារដ៏ធំមួយ គឺជាអ្វីដែលពួកគេចង់ស្នាក់នៅទីនេះលើសពី ៣០ថ្ងៃបន្តរហូតដល់ ៩០ថ្ងៃ យើងនឹងធ្វើកិច្ចការនេះដើម្បីធ្វើឱ្យការចូលមកប្រទេសថៃកាន់តែមានល្អប្រសើរឡើង »។
 
ទន្ទឹមនេះ រដ្ឋាភិបាលថ្មីនឹងបន្ធូរបន្ថយនីតិវិធីអន្តោប្រវេសន៍ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ប្រតិបត្តិករអាជីវកម្មទេសចរណ៍ឱ្យរដ្ឋាភិបាលជំរុញឧស្សាហកម្មទេសចរណ៍កើនឡើង។ 
 
លោក សេដ្ឋា ក៏បានសន្យានឹងកែលម្អអាកាសយានដ្ឋានចាស់នៅខេត្តផាងង៉ា ដើម្បីសម្រួលដល់យន្តហោះពាណិជ្ជកម្មខ្នាតតូច និងការផ្សព្វផ្សាយទេសចរណ៍ក្នុងសហគមន៍មូលដ្ឋាន ជំរុញការលក់ផលិតផលក្នុងស្រុក និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
 
បើតាមការការបញ្ជាក់របស់ សេដ្ឋា ថាវីស៊ីន ទោះបីជាគណបក្សភឿថៃមិនទទួលបានសមាជិកសភានៅខេត្តផាងង៉ា ក្រាប៊ី ភូកេត ឬរ៉ាណុងក៏ដោយ ប៉ុន្តែលោកមិនបានរើសអើងខេត្តទាំងនេះនោះទេ ហើយនឹងព្យាយាមជំរុញទេសចរណ៍ ព្រោះលោកចង់ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ប្រជាជនថៃទាំងអស់គ្នា។ 
 
ថៃត្រូវបានគេរំពឹងថានឹងមានទេសចរកើនឡើងដល់ ២០លាននាក់ក្នុងឆ្នាំនេះ។ បច្ចុប្បន្ននេះ វិស័យទេសចរណ៍របស់ប្រទេសនេះ ដាក់គោលដៅត្រលប់ទៅកម្រិតឆ្នាំ ២០១៩វិញ ដោយស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឱ្យបានចំនួន ៣៩លាននាក់ក្នុងមួយឆ្នាំ៕
 

Tag:
 ទេសចរ
  ថៃ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com