អន្តរជាតិ
អាម៉េរិក ​និង​ចិន​យល់ព្រម​លើ​កិច្ចសន្ទនាស្ដីពី​ព័ត៌មានការ​គ្រប់គ្រង​ការនាំចេញ
29, Aug 2023 , 11:44 am        
រូបភាព
អាម៉េរិក និងចិនបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមកិច្ចសន្ទនាលើព័ត៌មានស្តីពី​ការ​អនុវ​ត្ត​ការ​ត្រួត​ពិនិត្យការនាំចេញ និងក្រុមការងារផ្លូវការថ្មីមួយស្តីពីបញ្ហាពាណិជ្ជកម្ម។ អាម៉េរិកក៏បញ្ជាក់ថា នេះ​ជា​ការ​ផ្ដល់ឱ្យទីក្រុងប៉េកាំងនូវសក្តានុពលមួយដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនលើបញ្ហាពាណិជ្ជកម្មទ្វេភាគី។

 
រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក Gina Raimondo បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao ក្នុងទស្សនកិច្ចនៅទីក្រុងប៉េកាំងដែលសំដៅសម្រួលទំនាក់ទំនងរអាក់រអួលរបស់មហាអំណាចទាំង២។ ភាគីទាំង២ ក៏ឯកភាពគ្នាបង្កើតយន្តការកិច្ចសន្ទនាមួយលើការគ្រប់គ្រងការនាំចេញ។
 
លោកស្រី Raimondo ជឿជាក់ថា ការផ្លាស់ប្តូរ​នេះជាវេទិកាមួយដើម្បីកាត់បន្ថយការ​យល់​ច្រឡំ​អំពី​គោលនយោបាយសន្តិសុខជាតិរបស់អាម៉េរិក។ យ៉ាងណាមិញ អាម៉េរិកនឹងមិនសម្របសម្រួលឬចរចា​លើបញ្ហាសន្តិសុខជាតិជាមួយចិននោះទេ។ 
 
បើតាមរដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក កិច្ចប្រជុំផ្ទាល់លើកដំបូងនៃការផ្លាស់ប្តូរព័ត៌មានអំពីការត្រួតពិនិត្យ​ការនាំចេញនឹងធ្វើឡើងនៅកម្រិតលេខាធិការជំនួយនៅទីក្រុងប៉េកាំង​នៅថ្ងៃទី២៩ ខែសីហា។ ក្រុម​ការងារផ្លូវការថ្មីនេះ ជាយន្តការពិគ្រោះយោបល់ដែលពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលអាម៉េរិក និងចិន និង​តំណាងវិស័យឯកជនដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងជំរុញផលប្រយោជន៍ពាណិជ្ជកម្មអាម៉េរិកនៅចិន។ 
 
ក្រុមការងារនេះ នឹងជួបប្រជុំគ្នាពីរដងក្នុងមួយឆ្នាំនៅថ្នាក់អនុរដ្ឋមន្ត្រីដោយអាម៉េរិកធ្វើជាម្ចាស់​ផ្ទះ​កិច្ច​ប្រជុំលើកដំបូងនៅដើមឆ្នាំ២០២៤ ។
 
អាម៉េរិក និងចិនក៏បានយល់ព្រមក្នុងការកោះប្រជុំអ្នកជំនាញពីភាគីទាំងពីរសម្រាប់ការពិភាក្សាផ្នែក​បច្ចេកទេសទាក់ទងនឹងការពង្រឹងការការពារភាពសម្ងាត់នៃពាណិជ្ជកម្មនិង ព័ត៌មានពាណិជ្ជកម្មរសើបថែមទៀត។
 
កន្លងមក ចិនបានរិះគន់កិច្ចខិតខំរបស់អាម៉េរិកដែលព្យាយាមរារារាំងចិនចូលប្រើប្រាស់​សឺមីកុងឌុចទ័រ​តាមរយៈការរឹតត្បិតការនាំចេញ។ ប៉ុន្តែលោកស្រី Raimondo បាននិយាយថា បញ្ហាទាំងនេះមិន​បើក​ចំហសម្រាប់ការពិភាក្សានោះទេ៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com