សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុនចង់ប្តឹងចិនទៅ WTO ជុំវិញការហាមឃាត់នាំចូលអាហារសមុទ្រពីតំបន់​ Fukushima
29, Aug 2023 , 9:29 pm        
រូបភាព
រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។ រូបថត Xinhua ។
រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។ រូបថត Xinhua ។
នៅថ្ងៃទី ២៩ ខែសីហា ជប៉ុនពិចារណាប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីឱ្យចិនលុបចោលការហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់របស់ខ្លួន បន្ទាប់ពីជប៉ុនបានបញ្ចេញទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima។

 
ចិនសម្រេចបិទនាំចូលគ្រឿងសមុទ្រទាំងអស់ពីជប៉ុនដើម្បីឆ្លើយតបនឹងការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មរួចរាល់ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Fukushima ។ ជប៉ុនក៏ព្រមានអូសចិនឡើងអង្គការពាណិជ្ជកម្មពិភពលោកជុំវិញការរឹតត្បិតនេះ។
 
« យើងកំពុងឈានចូលដំណាក់កាលមួយ ដែលយើងគួរតែពិចារណាលើវិធានការតបតប្រឆាំងនឹងការរឹតបន្តឹងការនាំចូលដែលដាក់ដោយចិន រួមទាំងការដាក់ពាក្យប្តឹងទៅស្ថាប័នពាណិជ្ជកម្មពិភពលោក ប្រសិនបើដាក់ការតវ៉ាតាមរយៈបណ្តាញការទូតមិន​មាន​ប្រសិទ្ធភាព»។ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន Sanae Takaichi បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៩ ខែសីហា។ 
 
ចំណែករដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi ក៏បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដោយឡែកមួយថា ជប៉ុននឹងចាត់វិធានការចាំបាច់នៅក្រោមក្របខ័ណ្ឌដូចជា WTO ព្រមទាំងជំរុញឱ្យទីក្រុងប៉េកាំងលុបចោលជាបន្ទាន់នូវការហាមឃាត់ការនាំចូលរបស់ខ្លួន។ លោក Hayashi អះអាងថា ៖« វិធានការរបស់ចិន គឺមិនផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រទេទាល់តែសោះ »។
 
ការអធិប្បាយខាងលើនេះ កើតឡើងបន្ទាប់អាជីវកម្មជប៉ុន និងកន្លែងសាធារណៈនៅតំបន់ហ្វូគូស៊ីម៉ា ដែលបន្តទទួលការហៅរំខានពីលេខទូរស័ព្ទមានលេខកូដ +៨៦ របស់ចិន ជុំវិញការត្អូញត្អែរអំពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរដែលជប៉ុនធ្វើកាលពីថ្ងៃទី ២៤ ខែសីហា។
 
ចំណាត់ការរបស់ជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ត្រូវបានប្រឆាំងយ៉ាងខ្លាំងពីប្រទេសជិតខាងជាពិសេសចិន ដែលទីក្រុងប៉េកាំងបានបញ្ឈប់ការនាំចូលផលិតផលគ្រឿងសមុទ្រទាំងអស់ដែលមានប្រភពមកពីខេត្តទាំងអស់របស់ប្រទេសជប៉ុន។
 
ក្រសួងការបរទេសជប៉ុនបានលើកឡើងកាលពីថ្ងៃទី២៨ ខែសីហា ថា អនុរដ្ឋមន្ត្រី Masataka Okano បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ លោក Wu Jianghao ទៅសួរនាំ ដោយនិយាយថា  វាគួរឱ្យសោកស្តាយ និងគួរឱ្យព្រួយបារម្ភខ្លាំងណាស់អំពីការយាយីតាមទូរស័ព្ទទៅកាន់ធុរកិច្ចជប៉ុន ដែលគេជឿថាមានប្រភពមកពីចិនពាក់ព័ន្ធនឹងការបញ្ចេញទឹកសំណល់វិទ្យុសកម្មទៅក្នុងសមុទ្រ។
 
ក្រសួងការបរទេសជប៉ុនបានបន្ថែមថា ការហៅទូរស័ព្ទបែបនេះ ក៏បានរំខានប្រជាជនជប៉ុននៅក្នុងប្រទេសចិនផងដែរ ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំងចាត់វិធានការសមស្របភ្លាមៗ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com