អន្តរជាតិ
ប្រមុខការទូតអង់គ្លេសលើកឡើងអំពីកង្វល់បញ្ហាសិទ្ធិមនុស្សនៅចិន
31, Aug 2023 , 3:09 pm        
រូបភាព
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនាថ្ងៃទី៣០ ខែសីហា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានលើកឡើងពីការព្រួយបារម្ភអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ចិន តែក៏មិនភ្លេចរិះរកមធ្យោបាយសម្រាប់ប្រទេសទាំងពីរក្នុងការប្រាស្រ័យទាក់ទងគ្នាកាន់តែប្រសើរឡើង។

 
ដំណើរ​ទស្សនកិច្ច​​ជា​លើក​ដំបូង​របស់​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ទៅ​កាន់​ចិន​ក្នុង​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​ធ្វើឡើងស្របពេលទំនាក់ទំនងប្រទេសទាំង២​ធ្លាក់​ចុះ​ដោយសារ​បញ្ហា​ជា​បន្តបន្ទាប់​រួម​ទាំង​ការ​រិះគន់លើ​សេរីភាព​​របស់​ក្រុង​ហុងកុង​ដែល​ជា​អតីត​អាណានិគម​របស់​អង់គ្លេស បញ្ហា​​ជនភាគតិច​មូស្លីម​តំបន់​ស៊ីនជាំង ការ​គាំទ្រ​របស់​ចិន​ចំពោះ​រុស្ស៊ី និង​ទំនាក់ទំនង​សន្តិសុខ​ជិតស្និទ្ធ​របស់​អង់គ្លេស​ជាមួយ​អាម៉េរិក​។
 
នៅប៉េកាំង លោក James Cleverly បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និង​អនុប្រធានាធិបតីចិន ហាន ចឹង Han ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃ។ អ្នកការទូតប្រទេសទាំង២ បាន គូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសន្ទនារវាងប្រទេសទាំងពីរ​ទោះបីជាមានភាពជូរចត់ក្នុងទំនាក់​ទំនង​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
 
«​កិច្ច​សន្ទនា ​និង​កិច្ច​សហប្រតិបត្តិការ​ ជា​ពាក្យគន្លឹះ​និង​ជា​សំឡេង​សំខាន់​នៃ​គោលនយោបាយ​របស់​ចិន​ចំពោះ​ចក្រភព​អង់គ្លេស​»។ លោក វ៉ាង បានលើកឡើងបែបនេះតែក៏ទទួលស្គាល់ថា ពីមួយ​ពេល​ទៅ​មួយពេលមានបញ្ហារំខានខ្លះៗនៅក្នុងទំនាក់ទំនងចិន-អង់គ្លេស ខណៈដែលកិច្ចសហប្រតិបត្តិការ​រវាង​ចិន និងអង់គ្លេសអាចមានផលប៉ះពាល់ជាសកលថែមទៀត។
 
ឯលោក Cleverly បាននិយាយថា វាជារឿងសំខាន់បំផុតក្នុងការថែរក្សាទំនាក់ទំនងជាមួយ​ទីក្រុង​ប៉េកាំងដើម្បីជៀសវាងការយល់ច្រឡំ។
 
«វាជារឿងសំខាន់ដែលប្រទេសដូចជាពួកយើងជួប និងនិយាយទល់មុខគ្នា ទៀងទាត់​ដើម្បី​បង្កើន​ការ​យល់ដឹង ជៀសវាងការយល់ច្រឡំ និងដោះស្រាយបញ្ហាប្រឈម និងភាពខុសគ្នា​ដែល​មាន​នៅ​ក្នុង​ទំនាក់ទំនងទ្វេភាគី»។ លោក Cleverly លើកឡើងបែបនេះក្រោយជំនួបជាមួយអនុប្រធានាធិបតីចិន។ ប្រមុខការទូតអង់គ្លេស ក៏បានសន្ទនាលើផ្នែកជាច្រើនជាមួយតំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលចិន ហើយក៏បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងរាល់ការប្រជុំទាំងអស់ ហើយលោកនឹងបន្តធ្វើដូច្នេះទៀត។ 
 
នៅពេលសួរអំពីដំណើរទស្សនកិច្ចរបស់លោក Cleverly ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ​នៅ​ថ្ងៃ​ដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ក្នុង​នាម​ជា​សមាជិកអចិន្ត្រៃយ៍ពីរក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសសេដ្ឋកិច្ចធំៗ ចិននិងអង់គ្លេសគួរតែផ្តល់តួនាទីរួមគ្នាក្នុងការលើក​កម្ពស់​សន្តិភាព​ពិភពលោក ស្ថិរភាព និងការអភិវឌ្ឍ។
 
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា បញ្ហាទាក់ទងនឹងហុងកុង និងស៊ីនជាំងជា​កិច្ចការ​ផ្ទៃ​ក្នុងរបស់ចិនសុទ្ធសាធ ហើយគ្មានប្រទេសណាមួយគួរជ្រៀតជ្រែកឡើយ។
 
ដំណើរទស្សនកិច្ចរបស់លោក Cleverly ក៏បានកើតឡើងនៅពេល​គណៈកម្មាធិ​ការ​កិច្ចការ​បរទេស​សភាអង់គ្លេសបានចេញផ្សាយរបាយការណ៍ដែលហៅ​សកម្មភាពរបស់បក្សកុម្មុយនិស្តចិនជា​ការ​គំរាម​ដល់ចក្រភពអង់គ្លេស និងផលប្រយោជន៍របស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com