សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុនជួយអ្នកនេសាទតំបន់ Fukushima ក្រោយចិនហាមឃាត់ការនាំចូលអាហារសមុទ្រ
31, Aug 2023 , 8:19 pm        
រូបភាព
អ្នកនេសាទតំបន់ Fukushima ។ រូបភាព ៖ AP ។
អ្នកនេសាទតំបន់ Fukushima ។ រូបភាព ៖ AP ។
ជប៉ុនគ្រោងនឹងប្រើប្រាស់មូលនិធិបន្ថែមដើម្បីគាំទ្រដល់វិស័យនេសាទ បន្ទាប់ពីចិនហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុន ជាការឆ្លើយតបទៅប្រទេសនេះដែលបង្ហូរទឹកចេញពីរោងចក្រ Fukushima ។ ជាវិធានការ ជប៉ុនបានបង្កើតមូលនិធិចំនួនពីរដែលមានតម្លៃ៨០ពាន់លានយ៉េន (៥៤៧,៩លានដុល្លារ) ដើម្បីជួយអភិវឌ្ឍបណ្តាញអ្នកលក់ថ្មី និងអ្នករក្សាការបង្កកត្រីរហូតដល់តម្រូវការងើបឡើងវិញ ។

 
បន្ទាប់ពីជប៉ុនបញ្ចេញទឹកប្រព្រឹត្តកម្មពីរឿងចក្រនុយក្លេអ៊ែរ Fukushima ទៅសមុទ្រ ប្រទេសជិតខាងដូចជាចិន និងកូរ៉េខាងត្បូងបានហាមឃាត់ការនាំចូលអាហារសមុទ្រពីតំបន់នេះ ដោយបារម្ភខ្លាចមានសារធាតុពុលប៉ះពាល់ដល់សុខភាពប្រជាជន។ 
 
បើតាមសារព័ត៌មានជប៉ុន Nikkei រដ្ឋាភិបាលជប៉ុននឹងប្រើប្រាស់រាប់រយលានដុល្លារ ពីទុនបម្រុងថវិកាជាតិ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio បានធ្វើទស្សនកិច្ចទៅកាន់ទីផ្សារត្រី Toyosu នៅទីក្រុងតូក្យូនៅថ្ងៃទី ៣១ ខែសីហា។
 
រដ្ឋាភិបាលជប៉ុនបានបង្កើតមូលនិធិចំនួនពីរដែលមានតម្លៃ ៨០ ពាន់លានយ៉េន (៥៤៧,៩លានដុល្លារ) ដើម្បីជួយអភិវឌ្ឍបណ្តាញអ្នកលក់ថ្មី និងអ្នករក្សាការបង្កកត្រីរហូតដល់តម្រូវការងើបឡើងវិញ ក្នុងចំណោមវិធានការណ៍ផ្សេងទៀតដែលពាក់ព័ន្ធតំបន់ Fukushima។ តែកន្លង​មក មន្ត្រី​ជប៉ុន​ធ្លាន់បដិសេធ​លទ្ធភាព​នៃ​វិធានការ​សារពើពន្ធ​បន្ថែម​ដើម្បី​គាំទ្រ​ដល់វិស័យ​នេសាទ។
 
ក្រុមហ៊ុនជប៉ុនជាង៧០០ បាននាំចេញផលិតផលគ្រឿងសមុទ្រប្រហែល ៦០០លានដុល្លារទៅកាន់ចិនក្នុងឆ្នាំ ២០២២ ដោយហេតុនេះធ្វើឱ្យចិនក្លាយជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ផលិតផលអាហារសមុទ្ររបស់ជប៉ុន។ ទីផ្សារធំទី២របស់ជប៉ុន គឺតំបន់រដ្ឋបាលពិសេសហុងកុង ក៏បានចេញបម្រាមនាំចូលអាហារសមុទ្រពីខេត្តទាំង ១០ របស់ជប៉ុន បន្ទាប់ពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រ Fukushima។
 
កាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន លោក Tetsuro Nomura បាននិយាយថា រដ្ឋាភិបាលជប៉ុននឹងចាត់វិធានការដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញសម្រាប់ផលិតផលអាហារសមុទ្រដែលពឹងផ្អែកខ្លាំងលើលើចិនដូ​ចជា ងាវ ។ ជប៉ុនបាននាំចេញងាវទៅចិនមានចំនួនច្រើនជាង ៥០ភាគរយកាលឆ្នាំ ២០២២។
 
លើសពីនេះ ជប៉ុននឹងចាត់វិធានការការទូត រួមទាំងពិចារណាប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំរុញឱ្យចិនលុបចោលបម្រាមខាងលើដែលខ្លួនបានបដិសេធថា គ្មានមូលដ្ឋានវិទ្យាសាស្ត្រ៕
 

Tag:
 ជប៉ុន
  Fukushima
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com