សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើចិនកំពុងស្តារសេដ្ឋកិច្ចឡើងវិញដោយរបៀបណា ?
01, Sep 2023 , 8:59 am        
រូបភាព
អគារក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande នៅ Huaian ក្នុងខេត្ត Jiangsu ភាគខាងកើតរបស់ប្រទេសចិន។ រូបថតដោយ AFP / China OUT ។
អគារក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande នៅ Huaian ក្នុងខេត្ត Jiangsu ភាគខាងកើតរបស់ប្រទេសចិន។ រូបថតដោយ AFP / China OUT ។
រយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងប៉េកាំងបានទម្លាក់អត្រាការប្រាក់ បន្ធូរបន្ថយគោលនយោបាយលើវិស័យអចលនទ្រព្យ និងកាត់បន្ថយការគ្រប់គ្រងលើវិស័យឯកជនក្នុងគោលបំណងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចប្រសើរឡើងវិញ។

 
បន្ទាប់​ពី​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​ជាច្រើន​ទសវត្សរ៍ សេដ្ឋកិច្ច​​ចិន​កំពុង​ប្រឈម​នឹង ​ឧបសគ្គ​មិន​ធ្លាប់​មាន​ពី​មុន​មក ។ សេដ្ឋកិច្ចដែលមានទំហំ១៨ទ្រីលានដុល្លារមួយនេះ កំពុងធ្លាក់ចុះយ៉ាងខ្លាំង ។ អ្នកប្រើប្រាស់ភ័យខ្លាចក្នុងការចំណាយ ខណៈការនាំចេញថមថយ តម្លៃធ្លាក់ចុះ ហើយ​យុវជន​ជាង២០ភាគរយអត់​ការងារ​ធ្វើ។ Country Garden ដែលជាក្រុមហ៊ុន​អចលនទ្រព្យ​ឯកជន​ធំ​ជាង​គេ​របស់​ប្រទេសនេះ ​​មាន​គម្រោង​ចំនួន ៣០០០ កំពុង​ស្ថិត​ក្នុងហានិភ័យជំពាក់បំណុល។
 
នៅ​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ មន្ត្រី​ចិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ដោយផ្តោតលើការជំរុញទីផ្សារភាគហ៊ុន ការលើកទឹកចិត្តទំនិញប្រើប្រាស់ និងការទិញរថយន្ត និងជំរុញឱ្យក្រុមហ៊ុនឯកជនបង្កើនការវិនិយោគ។
 
យ៉ាងណាមិញ ទីក្រុងប៉េកាំងមិនទាន់បានចាប់ផ្តើមការជំរុញខ្លាំងនិងវិស័យសារពើពន្ធ និងរូបិយវត្ថុដូចកាលពីមុននោះទេ។ មេដឹកនាំចិននៅតែស្ទាក់ស្ទើរក្នុងការចាត់វិធានការដូចជាការផ្តល់ប្រាក់ដល់ប្រជាជន ដែលជាគោលនយោបាយជួយសេដ្ឋកិច្ចដូចអាម៉េរិក និងប្រទេសជាច្រើនផ្សេងទៀតឱ្យងើបឡើងវិញពីជំងឺកូវីដ-១៩ ។ ការពិតដែលថារដ្ឋាភិបាលក្នុងតំបន់របស់ចិនជំពាក់បំណុលគេច្រើន ហើយក៏គ្មានបញ្ជីសារពើពន្ធសម្រាប់ចំណាយច្រើនដែរ។
 
ជុំវិញទីផ្សារហិរញ្ញវត្ថុ ចិនបានកាត់បន្ថយពន្ធផ្ទេរប្រាក់ចំនួន ៥០ភាគរយលើប្រតិបត្តិការភាគហ៊ុន ដោយចាប់ផ្តើមពីថ្ងៃទី ២៨ ខែសីហា។ នេះជាលើកទីមួយហើយដែលចិនបានកាត់បន្ថយពន្ធនេះចាប់តាំងពីឆ្នាំ ២០០៨។ ការផ្លាស់ប្តូរនេះ គឺមានបំណងជំរុញទីផ្សារភាគហ៊ុនស្ថិតក្នុងដំណាក់កាលនៃការលក់ចេញ។ 
 
អាជ្ញាធរមូលបត្រចិនក៏បានសន្យាថានឹងកាត់បន្ថយល្បឿន IPO ( IPO ជាការបោះផ្សាយជាសាធារណៈដំបូង ឬការបើកលក់ភាគហ៊ុន ដែលជាការផ្តល់ជូនជាសាធារណៈ)  និងកំណត់ទំហំនិងភាពញឹកញាប់នៃការចេញភាគហ៊ុនបន្ថែម ដោយក្រុមហ៊ុនដែលមានលទ្ធផលអាជីវកម្មមិនសូវល្អ។ នៅដើមខែសីហា មន្ត្រីក៏បានស្នើរសុំមូលនិធិវិនិយោគមួយចំនួនកុំឱ្យលក់ភាគហ៊ុនសុទ្ធ។
 
ក្រៅពីនេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុក ធនាគារកណ្តាលនៃប្រទេសចិន (PBOC) បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ពួកគេកំណត់អត្រាយោងឡើងវិញជារៀងរាល់ថ្ងៃ។ ធនាគារពាណិជ្ជក៏កំពុងលក់យ៉ាងសកម្មនូវប្រាក់ដុល្លារផងដែរ។
 
ចំណាត់​ការ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ខែ​កក្កដា​របស់​មន្ត្រី​ចិន ។ នៅក្នុងនោះ មេដឹកនាំបានសន្យាថានឹងធ្វើឱ្យទីផ្សារមូលធនមានភាពរស់រវើក និងរក្សាតម្លៃប្រាក់យ័នឱ្យស្ថិតស្ថេរក្នុងកម្រិតមួយដែលមានតុល្យភាព។
 
ចំណែកអត្រា​ការ​ប្រាក់ ចិនបានបន្ធូរបន្ថយការប្រាក់មួយចំនួនដើម្បីជុំរុញការខ្ចីឡើងវិញ។ នៅថ្ងៃទី ១៥ ខែសីហា PBOC បានកាត់បន្ថយអត្រាការប្រាក់ច្រើនបំផុតចាប់តាំងពីឆ្នាំ ២០២០។ នេះគឺជាការកាត់បន្ថយអត្រាការប្រាក់ជាលើកទីពីរនៅឆ្នាំនេះ។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីទិន្នន័យខែកក្កដាបានបង្ហាញពីកំណើននៃការប្រើប្រាស់ខ្សោយ ការធ្លាក់ចុះនៃការវិនិយោគ និងការកើនឡើងនៃភាពអត់ការងារធ្វើ។
 
អ្នក​សេដ្ឋកិច្ច​ខ្លះ​បាន​ស្វាគមន៍​ការកាត់បន្ថយអត្រាការប្រាក់​​នេះ។ អ្នកទាំងនោះយល់ថា ការនេះនឹងកំណត់ដំណាក់កាលសម្រាប់ការជំរុញវិស័យសារពើពន្ធបន្ថែមទៀត។
 
ធនាគារចិនក៏បានរក្សាអត្រាការប្រាក់ដូចគ្នាសម្រាប់ប្រាក់កម្ចីទិញផ្ទះ។ នេះបង្ហាញពីភាពលំបាកដែលទីក្រុងប៉េកាំងកំពុងប្រឈមមុខ ដោយត្រូវបង្កើនការផ្តល់ប្រាក់កម្ចីដោយកាត់បន្ថយអត្រាការប្រាក់ ខណៈពេលដែលរក្សាស្ថិរភាពហិរញ្ញវត្ថុ។
 
ទន្ទឹមនេះអចលន​ទ្រព្យក៏មានសញ្ញាណមួយចំនួនធ្វើឱ្យប្រសើរឡើង។ នៅក្នុងកិច្ចប្រជុំខែកក្កដា មន្ត្រីចិនបានផ្តល់សញ្ញាដើម្បីបន្ធូរបន្ថយគោលនយោបាយទីផ្សារអចលនទ្រព្យ។ អ្នកសង្កេតការណ៍ជឿថា គោលនយោបាយរឹងមាំមួយចំនួនដែលបានអនុវត្តក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទប់ស្កាត់ទីផ្សារអចលនទ្រព្យនឹងនៅបានរក្សា។
 
កាលពីថ្ងៃទី ២៥ ខែសីហា មន្ត្រីចិនបានស្នើឱ្យមេដឹកនាំនៅតំបន់មួយចំនួន ដកចេញនូវបទប្បញ្ញត្តិដែលមិនអនុញ្ញាតឱ្យប្រជាជនដែលធ្លាប់ទិញផ្ទះបង់រំលស់ គួរអាចបានទិញផ្ទះលើកដំបូងនៅក្នុងទីក្រុងធំៗ។ 
 
នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីចុងខែកក្កដា មន្ត្រីចិនបានជំរុញឱ្យទីក្រុងនានាបង្កើតវិធានការដើម្បីលើកទឹកចិត្តឱ្យមានការអភិវឌ្ឍប្រកបដោយភាពរលូននៃទីផ្សារអចលនទ្រព្យស្របតាមតម្រូវការ។ ទន្ទឹមនេះ ក៏បានជំរុញឱ្យបង្កើនការស្រាវជ្រាវ និងការសាងសង់គំរូឧស្សាហកម្មថ្មីៗផងដែរ ។
 
នៅថ្ងៃទី ១០ ខែកក្កដា ទីក្រុងប៉េកាំងក៏បានពន្យាពេលសងត្រលប់សម្រាប់ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ដើម្បីធានាបាននូវការប្រគល់គម្រោងទាន់ពេលវេលា។ PBOC ក៏បានជំរុញឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះដែលបានសាងសង់រួចរាល់ផងដែរ ។
 
លើសពីនេះ ពាក់ព័ន្ធទំនិញប្រើប្រាស់ចិនបានដាក់ចេញនូវវិធានការមួយចំនួន។  កាលពីថ្ងៃទី ១៨ ខែកក្កដា ភ្នាក់ងារពាក់ព័ន្ធរដ្ឋាភិបាលចិនជាង ១០ បានគូសបញ្ជាក់អំពីផែនការលើកកម្ពស់ការប្រើប្រាស់រាប់ចាប់ពីគ្រឿងប្រើប្រាស់ក្នុងផ្ទះ រហូតដល់គ្រឿងសង្ហារឹម។ មន្ត្រីមូលដ្ឋានបានលើកទឹកចិត្តឱ្យជួយប្រជាពលរដ្ឋជួសជុលផ្ទះរបស់ពួកគេ។ ប្រជាជនក៏នឹងទទួលបានការគាំទ្រផ្នែកឥណទានដើម្បីទិញគ្រឿងសង្ហារឹមផងដែរ។
 
នៅថ្ងៃទី ២៨ ខែកក្កដា ចិនបានបន្តដាក់ចេញនូវផែនការបង្កើនការផលិតទំនិញប្រើប្រាស់តូចៗ ដែលស្មើនឹង ២៥ភាគរយនៃការនាំចេញរបស់ចិន។ គោលនយោបាយរួមមានការបង្កើនការលក់ផលិតផលដែលមិនបំពុលបរិស្ថាន និងផលិតផលគាំទ្រផ្ទះឆ្លាតនៅតំបន់ជនបទ ខណៈមានការពង្រីកផលិតផលដែលប្រើអាគុយ ដូចជារថយន្តអគ្គិសនីជាដើម។ អាជីវកម្មខ្នាតតូចក៏នឹងមានលទ្ធភាពទទួលបានដើមទុនកាន់តែប្រសើរផងដែរ ។ 
 
ក្រៅពីនេះ វិស័យរថយន្តចិនបានខ្នះខ្នែងគាំទ្រក្នុងការលក់ចេញ។ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍របស់ចិន (NDRC) កាលពីថ្ងៃទី ២១ ខែកក្កដា បានប្រកាសពីផែនការ ១០ជំហានដើម្បីបង្កើនការទិញរថយន្ត ជាពិសេសរថយន្តដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ស្របពេលដែលកាត់បន្ថយតម្លៃបញ្ចូលភ្លើង និងពន្យាពេលបន្ថយពន្ធ។ កាល​ពី​ខែ​មុន ក្រសួង​ពាណិជ្ជកម្ម​​ចិន​បាន​ចាប់​ផ្តើម​យុទ្ធនាការ​រយៈពេល ៦ ខែ​ដើម្បី​បង្កើន​ការ​លក់​រថយន្ត ជាពិសេសលក់​រថយន្ត​អគ្គិសនី​នៅ​តាម​តំបន់​ជន​បទ។
 
ពាក់ព័ន្ធសហគ្រាស​ឯកជនវិញ កាលពីដើមខែនេះ NDRC បាននិយាយថា ខ្លួននឹងលើកកម្ពស់យន្តការមួយដើម្បីកត់ត្រា និងកាត់បន្ថយសកម្មភាពមិនសមរម្យរបស់ភ្នាក់ងាររដ្ឋជាមួយសហគ្រាសឯកជន ដូចជាការទូទាត់យឺត ឬការរំលោភលើកិច្ចសន្យាលទ្ធកម្ម និងការដេញថ្លៃ។ ចំណាត់ការ​នេះ​មាន​គោលបំណង​កែលម្អ​បរិយាកាស​អាជីវកម្ម​សម្រាប់​សហគ្រាស​ឯកជន។
 
NDRC ក៏បានសន្យាថានឹងបង្កើនការផ្តល់ប្រាក់កម្ចី និងពង្រីកគោលនយោបាយគាំទ្រដើមទុនផ្សេងទៀតសម្រាប់អាជីវកម្មខ្នាតតូច។ ពួកគេលើកទឹកចិត្តក្រុមហ៊ុនឱ្យវិនិយោគលើវិស័យសំខាន់ៗដូចជា ការដឹកជញ្ជូន ទឹក ថាមពលស្អាត ការផលិតទំនើប និងឧបករណ៍កសិកម្មទំនើប។
 
រដ្ឋាភិបាលក្នុងតំបន់បានចេញផ្សាយបញ្ជីគម្រោងជាង ២៩០០គម្រោងដែលមានតម្លៃសរុប ៣២០០ពាន់លានយ័ន (៤៤៥ពាន់លានដុល្លារ) ដែលអាជីវកម្មអាចវិនិយោគបាន។
 
ចំពោះវិស័យបច្ចេកវិទ្យា និយតករអ៊ីនធឺណិតចិននៅខែនេះ បានជួបជាមួយអ្នកដឹកនាំក្រុមហ៊ុនបរទេសរាប់សិបនាក់ ចាប់ពី Walmart ដល់ PayPal ដើម្បីពិភាក្សាអំពីច្បាប់ឯកជនភាពទិន្នន័យថ្មី។ នេះនឹងធានាដល់ក្រុមហ៊ុនពហុជាតិសាសន៍ឡើងវិញអំពីប្រតិបត្តិការរបស់ពួកគេជាមួយប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។
 
កាល​ពី​ចុង​ខែ​កក្កដា រដ្ឋាភិបាល​ចិន​ក៏​បាន​ប្រកាស​ពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ប្រតិបត្តិការ​សម្រាប់​សហគ្រាស​ឯកជន​បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​រយៈពេល ២ ឆ្នាំ។ មន្ត្រីបានសន្យាថា នឹងធ្វើការជាមួយសហគ្រាសឯកជនក៏ដូចជាសហគ្រាសរដ្ឋ ដើម្បីពិគ្រោះជាមួយអ្នកដឹកនាំអាជីវកម្មនៅពេលបង្កើតគោលនយោបាយថ្មី និងកាត់បន្ថយឧបសគ្គសម្រាប់ក្រុមហ៊ុនថ្មី។
 
អាជ្ញាធរចិនក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់សេវាកម្មមួយចំនួនដូចជា ChatGPT និងបានស្នើឱ្យធនាគារបង្កើនការគាំទ្រសម្រាប់ការទិញយកទាក់ទងនឹងបច្ចេកវិទ្យាផងដែរ៕​
 

Tag:
 ចិន
  អចលនទ្រព្យ ​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com