អន្តរជាតិ
ចិន រិះគន់ការយកពន្ធរបស់អាម៉េរិក ហើយស្នើឱ្យស្មើភាពគ្នាសម្រាប់ក្រុមហ៊ុនចិននៅអាម៉េរិក 
×![]()
នាជំនួបជាមួយសមភាគីអាម៉េរិក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន Wang Wentao បានទទូចឱ្យអាម៉េរិកផ្ដល់បរិយាកាសឱ្យក្រុមហ៊ុនចិនដែលកំពុងវិនិយោគនៅអាម៉េរិក ធ្វើប្រតិបត្តិការដោយស្មើភាពដូចក្រុមហ៊ុនឯទៀតដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី៣១ ខែសីហា។ លោក Wang ក៏ឆ្លៀតរិះគន់ការដាក់ពន្ធរបស់អាម៉េរិកលើការនាំចូលរបស់ចិន ដោយចាត់ទុកជាការរើសអើង។
ក្រសួងពាណិជ្ជកម្មចិន បានចេញរបាយការណ៍លទ្ធផលជំនួបរវាងលោក Wang Wentao រដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងសមភាគីអាម៉េរិក Gina Raimondo ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចនៅចិន។ ដ្បិតមិនមានលទ្ធផលអ្វីធំដុំ កិច្ចសន្ទនារវាងលោកស្រី Raimondo ជាមួយមេដឹកនាំកំពូលៗរបស់ចិនបានបញ្ចប់ដោយសញ្ញាសុទិដ្ឋិនិយមមួយចំនួនដែរ។
ទាក់ទងជំនួបទ្វេភាគីរវាងលោក Wang និងលោកស្រី Gina អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន អះអាងថា ភាគីចិនបានរិះគន់អាម៉េរិកក្នុងការដាក់សម្ពាធលើអាជីវកម្មចិនដែលកំពុងដំណើរការនៅអាម៉េរិក។
«ចិនទាមទារឱ្យអាម៉េរិកផ្តល់ការគ្រប់គ្រងស្មើៗគ្នាដល់សហគ្រាសចិនដែលវិនិយោគនៅអាម៉េរិកក្នុងលក្ខខណ្ឌនៃការទទួលបានទីផ្សារ ការអនុវត្តបទប្បញ្ញត្តិ លទ្ធកម្មសាធារណៈ និងការគាំទ្រផ្នែកគោលនយោបាយ»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting បញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣១ ខែសីហា រួចបន្តថា ចិនព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការរើសអើងផ្នែកពន្ធរបស់អាម៉េរិក។
ទោះជាយ៉ាងណាក៏ដោយ ក្រុងប៉េកាំងជឿជាក់ថាមធ្យោបាយល្អប្រសើរជាងមុនដើម្បីកាត់បន្ថយហានិភ័យគឺធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិក ត្រលប់ទៅដំណាក់កាលនៃការអភិវឌ្ឍដោយរឹងមាំ និងមានស្ថិរភាព។
ដំណើរទស្សកិច្ចរបស់រដហឋមន្រ្តីពាណិជ្ជកម្មអាម៉េរិកមានគោលបំណងពង្រឹងខ្សែទំនាក់ទំនងជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងការពារជាតិ សំដៅធានាថាការប្រឈមមុខរវាងប្រទេសមហាអំណាចទាំង២ មិនអាចទៅផុតពីការគ្រប់គ្រងឡើយ។ លោក Wang និង លោកស្រី Raimondo បានយល់ព្រមជួបគ្នាយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំដើម្បីបន្ដការពិភាក្សាលើបញ្ហាពាណិជ្ជកម្មនេះ។
គួររំលឹកថា មហាអំណាចសេដ្ឋកិច្ចទាំង២ ធ្លាប់ជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់រៀងៗខ្លួន ប៉ុន្តែរង្គោះរង្គើដោយសារតែជម្លោះពាណិជ្ជកម្មទាំងទងនឹងពន្ធដែលបានផ្ទុះឡើងអំឡុងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ ចាប់តាំងពីពេលនោះមក ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសម្ព័ន្ធមិត្តរបស់អាម៉េរិកមួយចំនួនទៀត ចាប់ផ្ដើមរឹតបន្តឹងការនាំចេញទៅកាន់ចិន។
បច្ចុប្បន្ននេះ ចិនកំពុងធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយអាស៊ីអាគ្នេយ៍ ខណៈអាម៉េរិកក៏ងាកទៅរកស៊ីជាមួយប្រទេសជិតខាងដូចជាកាណាដា និងម៉ិកស៊ិក៕
© រក្សាសិទ្ធិដោយ thmeythmey.com