សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនប្រកាសកំណត់តម្លៃអង្ករក្នុងស្រុក​
01, Sep 2023 , 7:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានប្រកាសកំណត់ពិដានតម្លៃអង្ករ ក្នុងបរិបទនៃការឡើងថ្លៃខ្ពស់ចំពោះតម្លៃលក់រាយ ស្របពេលដែលអតិផរណាបានកើនឡើងវិញ។

 
ប្រធានាធិបតីហ្វីលីពីនបានចេញក្រឹត្យមួយ នៅថ្ងៃទី៣១ ខែសីហា ដោយកំណត់ថា តម្លៃអង្ករធម្មតាដែលអាចលក់លើទីផ្សារបានត្រឹមតែតម្លៃ៤១ប៉េសូ (០,៧២ដុល្លារ) ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈអង្ករ​ល្អអាច​លក់ក្នុងតម្លៃ៤៥ប៉េសូ(០,៨ដុល្លារ) ។ ក្រឹត្យនេះចូលជាធរមានភ្លាមៗ។
 
កាលពីមុន អង្ករទាំងពីរប្រភេទនេះ លក់បានថ្លៃជាងតម្លៃបានកំណត់ខាងលើ២៤ភាគរយ និង២៤ភាគរយរៀងគ្នា ។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្មហ្វីលីពីន។
 
ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃអង្ករអាចបណ្តាលឱ្យអតិផរណាកើនឡើងម្តងទៀត បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល ១៦ខែកាលពីខែកក្កដា។ បច្ចុប្បន្នអង្ករមានចំណែក ៩ភាគរយនៃទំនិញសរុបដែលត្រូវបានគណនាកម្រិតអតិផរណានៅហ្វីលីពីន។ ធនាគារកណ្តាលហ្វីលីពីនកត់សម្គាល់ថា អតិផរណាកាលពីខែមុនបានកើនឡើងវិញក្រោយរយៈពេលប្រាំពីរខែ ដែលជំរុញដោយប្រេងឥន្ធនៈ និងតម្លៃអង្ករកើនឡើង។
 
នៅឆ្នាំ ២០១៨ ការកើនឡើងតម្លៃអង្ករនៅហ្វីលីពីន ដោយសារតែកង្វះការផ្គត់ផ្គង់បានជំរុញឱ្យមានអតិផរណាខ្ពស់ ដែលបង្ខំឱ្យប្រទេសនេះដំឡើងអត្រាការប្រាក់។ កាល​ពី​ខែ​មុន តម្លៃ​អង្ករ​នៅ​អាស៊ី ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល ១៥ឆ្នាំ ខណៈ​​ឥណ្ឌា​ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​របស់​ពិភពលោក ​បាន​ហាម​ឃាត់​ការ​លក់​អង្ករ​ច្រើន​ប្រភេទ​ទៅ​បរទេស ។
 
ក្រសួងកសិកម្មហ្វីលីពីនព្យាករថា ការផ្គត់ផ្គង់អង្ករនៅឆមាសទីពីរឆ្នាំនេះនឹងកើនឡើងដល់ ១០,១៥លានតោន ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការបច្ចុប្បន្នចំនួន ៧,៧៦ លានតោន។
 
ប្រធានាធិបតី​ហ្វីលីពីន​ក៏​បាន​ស្នើ​ឲ្យ​មន្រ្តីត្រួតពិនិត្យ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ធានា​ការ​អនុវត្ត​ពិដាន​តម្លៃនេះ។ គយ​ហ្វីលីពីន​នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ឃ្លាំង​ស្តុក​អង្ករ ដើម្បី​បញ្ចៀស​ការ​សង្ស័យ ក៏ដូចជា​ការ​រត់ពន្ធ៕
 

Tag:
 ហ្វីលីពីន
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com