អន្តរជាតិ
លោក ឡាវរ៉ូវ ៖ រុស្ស៊ីនឹងរារាំងសេចក្តីប្រកាស G20 ប្រសិនបើទស្សនៈរបស់ខ្លួនមិនត្រូវបានអើពើ 
×![]()
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បាននិយាយនាថ្ងៃទី១ ខែកញ្ញាថា រុស្ស៊ីនឹងរារាំងសេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) ក្នុងខែនេះ លុះត្រាតែវាឆ្លុះបញ្ចាំងពីជំហររបស់ទីក្រុងមូស្គូចំពោះអ៊ុយក្រែន និងវិបត្តិផ្សេងទៀត ។
ប្រមុខការទូតរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នឹងធ្វើជាតំណាងរុស្ស៊ីនៅក្នុងកិច្ចប្រជុំ G20 ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១០ខែកញ្ញា នៅទីក្រុងញូវដែលី។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងមិនទៅចូលរួមឡើយ ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនាពីបទសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
«វានឹងមិនមានសេចក្តីប្រកាសទូទៅក្នុងនាមសមាជិកទាំងអស់ទេ ប្រសិនជំហររបស់យើងមិនត្រូវបានឆ្លុះបញ្ចាំង»។ លោក ឡាវរ៉ូវ ប្រាប់និស្សិតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរ ជាតិរដ្ឋមូស្គូដែលជាវិទ្យាស្ថានការទូតដ៏ល្បីល្បាញមួយមុនជំនួបសប្ដាហ៍ក្រោយ។
អ្នកការទូតជើងចាស់រូបនេះបន្តថា លោកខាងលិចបានលើកឡើងពីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូល ដែលជាព្យាយាមរៀបចំប្រធានបទពិភាក្សាដោយខ្លួនឯង ហើយដែលធ្វើឱ្យខូចសិទ្ធិអំណាចនៃស្ថាប័នអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើមិនអាចឈានដល់ការឯកភាពគ្នានៅឯកិច្ចប្រជុំ G20 សេចក្តីថ្លែងការណ៍មួយអាចត្រូវបានចេញដោយប្រធាន G20 ឬជម្រើសមួយផ្សេងទៀតគឺការអនុម័ត ឯកសារមួយដែលអនុញ្ញាតឱ្សគ្រប់ប្រទេសលើកឡើងពីជំហររៀងៗខ្លួន។
ជាមួយការជំទាស់របស់រុស្ស៊ី ឥណ្ឌាទំនងជាចេញសេចក្ដីប្រកាសរបស់ប្រធានអង្គប្រជុំមួយដែលសង្ខេបពីជំហរមិនត្រូវគ្នារបស់សមាជិក G20 ដូចដែលម្ចាស់ផ្ទះមុនៗធ្លាប់ធ្វើ។ សមាជិក G20 មានចិន ឥណ្ឌា និងប្រេស៊ីលបានអំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែក៏រក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយទី ក្រុងមូស្គូផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com