អន្តរជាតិ
ពេលបញ្ចូលសមាជិក ៦ បន្ថែមទៀត កម្លាំងសេដ្ឋកិច្ចរបស់ BRICS ប្រែប្រួលដូចម្ដេច?
03, Sep 2023 , 8:59 pm        
រូបភាព
មនុស្សដើរកាត់មជ្ឈមណ្ឌលសន្និបាត Sandton ដែលកន្លែងសម្រាប់កិច្ចប្រជុំកំពូល BRICS នៅទីក្រុងចូហានណេសប៊ឺក អាហ្វ្រិកខាងត្បូង ។ រូបថត ៖ Reuters ។
មនុស្សដើរកាត់មជ្ឈមណ្ឌលសន្និបាត Sandton ដែលកន្លែងសម្រាប់កិច្ចប្រជុំកំពូល BRICS នៅទីក្រុងចូហានណេសប៊ឺក អាហ្វ្រិកខាងត្បូង ។ រូបថត ៖ Reuters ។
ប្លុក BRICS បានពង្រីកសមាជិកដល់ ៦ បន្ថែមទៀតដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និង ២៩ភាគរយនៃផលិតផលក្នុងស្រុកសរុបសកល ប៉ុន្តែមិនទាន់មានភាពរីកចម្រើនដូចប្លុក G7 នោះទេ។

រយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ ពិភពលោកបានឃើញការផ្លាស់ប្តូរយ៉ាងច្រើននូវសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោក នៅពេលដែលមានការងើបឡើងបណ្តាប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ដែលមាននិន្នាការប្រឆាំងការគ្រប់គ្រងពិភពលោកបែបប្រពៃណីរបស់ក្រុម G7 (អង់គ្លេស អាម៉េរិក អាល្លឺម៉ង់ ជប៉ុន បារាំង កាណាដា និងអ៊ីតាលី)។
 
តុល្យភាពសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយនៃអំណាចប្លុកទាំងពីរនេះបានចាប់ផ្តើមបង្ហាញសញ្ញាថ្មីនៃការផ្លាស់ប្តូរបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី១៥ នៃក្រុម BRICS កាលពីសប្តាហ៍មុននៅទីក្រុងចូហានណេសប៊ឺក អាហ្វ្រិកខាងត្បូង។ BRICS បានប្រកាសពីការសម្រេចចិត្តជាផ្លូវការដើម្បីឱ្យប្រទេសចំនួន ៦ ចូលរួមជាមួយប្លុកនេះរួមមាន អាហ្សង់ទីន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ សមាជិកទាំងនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
 

ចំណែក GDP គិតតាមភាពស្មើគ្នានៃអំណាចការទិញ ( PPP) នៃក្រុម G7 (បៃតង) និង BRICS (ក្រហម) ។ ក្រាហ្វិក៖  Statista  ។

ប្លុកថ្មីនេះនឹងតំណាងឱ្យ ៤៦ភាគរយនៃចំនួនប្រជាជនដែលស្មើនឹង ២៩ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (GDP) និង ៣៧ភាគរយនៃផលិតផលក្នុងស្រុកសរុបសកលបើគិតតាមភាពស្មើគ្នានៃអំណាចទិញ (PPP) ។ ប្រធានាធិបតីចិនលោក ស៊ី ជិនភីងបាននិយាយថា ការពង្រីកនេះបានផ្តល់នូវជីវិតថ្មីដល់យន្តការកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍របស់ក្រុម BRICS ។
 
ប្រទេសជាច្រើនដែលបានអនុម័តឱ្យចូលរួមបានឃើញការរំពឹងទុកនៃកំណើន តួយ៉ាងអេត្យូពី គឺជាប្រទេសដែលមានចំណូលទាបជាងគេបំផុតនៅក្នុង។ នាយករដ្ឋមន្រ្តីអេត្យូពី Abiy Ahmed បានអះអាងថា វាជាពេលវេលាដ៏អស្ចារ្យសម្រាប់ប្រទេសរបស់លោក ។
 


សមាជិក G7 (ពណ៌ខៀវ) សមាជិក BRICS ចាស់ (ពណ៌ក្រហមដិត) សមាជិកថ្មីនៃ BRICS (ក្រហមស្រាល) ។ ក្រាហ្វ ៖ Statista ។

អាហ្សង់ទីនកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ការចូលរួមជាមួយប្លុកនេះ អាចជាមធ្យោបាយដ៏មានសក្តានុពលដើម្បីគេចចេញពីវិបត្តិ។ ប្រធានាធិបតី Alberto Fernández បាននិយាយថា នេះគឺជាសេណារីយ៉ូថ្មីសម្រាប់ប្រទេស។ លោកបន្តថា ៖«  យើងបើកចំហចំពោះលទ្ធភាពនៃការចូលទៅក្នុងទីផ្សារថ្មី ការពង្រឹងទីផ្សារដែលមានស្រាប់ បង្កើនការវិនិយោគ បង្កើតការងារ និងបង្កើនការនាំចូល»។
 
ចំណែកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បាននិយាយថា ការអនុម័តយល់ព្រមនេះ គឺផ្អែកលើគោលការណ៍ ស្តង់ដារ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃដំណើរការពង្រីក BRICS ។ យ៉ាងណាមិញ លក្ខណៈវិនិច្ឆ័យទាំងនោះមិនត្រូវបានផ្សព្វផ្សាយនោះទេ។ ជាឧទាហរណ៍ ឥណ្ឌូណេស៊ីដែលមានប្រជាជនចំនួន ២៧៤លាននាក់ និងមានសេដ្ឋកិច្ចធំនៅអាស៊ីបានដាក់ពាក្យចូលរួម ប៉ុន្តែមិនត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនេះទេ។
 

GDP សម្រាប់មនុស្សម្នាក់នៃប្រទេស G7 និង BRICS ។ ក្រាហ្វិក៖ Statista ។ 

លោក Gustavo de Carvalho អ្នកវិភាគគោលនយោបាយ និងស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិអាហ្វ្រិកខាងត្បូងបាននិយាយថា សមាជិកថ្មីនឹងមិនត្រឹមតែបង្កើនភាពមើលឃើញរបស់ប្លុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់អ្នកចូលរួមក្នុងការធ្វើអន្តរប្រតិបត្តិការបង្ហាញពីប្រតិបត្តិការក្នុងរូបិយប័ណ្ណរវាងគ្នាទៅវិញទៅមកជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។
 
ប្រធានាធិបតីប្រេស៊ីលលោក Da Silva បាននិយាយថា BRICS បន្តសិក្សាពីលទ្ធភាពនៃការបង្កើតរូបិយប័ណ្ណថ្មីរបស់ប្លុក ដែលអាចបង្កើនជម្រើសសម្រាប់មធ្យោបាយទូទាត់ និងកាត់បន្ថយភាពងាយរងគ្រោះពីការប្រើប្រាស់ប្រាក់ដុល្លារ។
 
អស់រយៈពេលជាយូរមកហើយ G7 បានគ្រប់គ្រងអំណាចគ្រប់គ្រង និងការសម្រេចចិត្តលើសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែនៅពេលសមាជិក BRICS បានកើនឡើងយ៉ាងឆាប់រហ័ស ឥទ្ធិពលរួម និងមហិច្ឆតារបស់ពួកគេក៏ចាប់ផ្តើមកើនឡើងផងដែរ។
 
ការកើនឡើងនៃសេដ្ឋកិច្ចចិនបានធ្វើឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកឡើងវិញ។ សមត្ថភាពផលិតរបស់ចិន ដែលមានទីផ្សារអ្នកប្រើប្រាស់ដ៏ធំ និងកំណើនជំរុញដោយការច្នៃប្រឌិត បានជំរុញប្រទេសនេះជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងសេដ្ឋកិច្ចពិភពលោក។
 
ទន្ទឹមនេះ ឥណ្ឌាដែលមានចំនួនប្រជាជនដ៏ច្រើន ជាមួយឧស្សាហកម្មបច្ចេកវិទ្យាដ៏រីកចម្រើនផងនោះ បានធ្វើឱ្យប្រទេសនេះក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរនៅក្នុងក្រុម BRICS ។ ម៉្យាងវិញទៀត ចំណែកនៃ GDP សកលលោក (ក្នុងលក្ខខណ្ឌនៃភាពស្មើគ្នានៃអំណាចទិញ) នៃប្រទេសរុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង បានថយចុះក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
 
ទោះបីជាប្រទេសទាំងបីនេះ មិនបានរីកចម្រើនខ្លាំងដូចការរំពឹងទុក ក៏ GDP រួមបញ្ចូលគ្នានៃសមាជិកទាំង ៥ នៃប្លុកនឹងលើសពី G7 ក្នុងឆ្នាំ២០២០ ប្រសិនបើវាស់វែងក្នុងភាពស្មើគ្នានៃអំណាចទិញ (PPP) ដែលត្រូវបានកែសម្រួលសម្រាប់ភាពខុសគ្នានៃការទិញថាមពល។
 
យោងតាម ​​IMF ប្លុកនេះនឹងមានចំនួនសរុប ៣២​,១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនៅឆ្នាំនេះ។ នេះគឺកើនឡើងខ្ពស់ជាង G7 ក្នុងអត្រា ២៩,៩ភាគរយបើធៀបឆ្នាំ១៩៩៥ ។ ការកើនឡើងនៃបណ្តាប្រទេស BRICS ទោះបីជាមានបញ្ហាប្រឈម និងភាពខុសគ្នានៅក្នុងក្រុមក៏ដោយ បានបន្ថែមទម្ងន់ដល់សំឡេងដែលខុសពីគោលនយោបាយ G7 ដែលដឹកនាំដោយលោកខាងលិច។
 
តួយ៉ាងនៅក្នុង​ជម្លោះ​អ៊ុយក្រែន គ្មាន​សមាជិក​ BRICS ចូល​រួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុស្ស៊ី​ឡើយ។ នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី បាននិយាយថា ការពង្រីក និងទំនើបកម្មនៃក្រុម BRICS ជាសារមួយដែលស្ថាប័នទាំងអស់នៅក្នុងពិភពលោកត្រូវកែតម្រូវតាមពេលវេលា។
 
ទោះបីជាប្រទេសដែលទើបចូលជាសមាជិកថ្មីបង្ហាញសុទិដ្ឋិនិយមច្រើនក៏ដោយ អ្នកសង្កេតការណ៍ខាងក្រៅនៅតែវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន។ បើតាមក្រុមសង្កេតការណ៍ទាំងនេះ មិនទាន់ច្បាស់ទេថាតើការពង្រីកនេះនឹងបង្កើនឥទ្ធិពលរបស់ប្លុកនៅលើឆាកអន្តរជាតិប៉ុណ្ណានោះទេ ព្រោះថាវានឹងអាស្រ័យលើសមត្ថភាពរបស់ប្លុកនេះ ក្នុងការធ្វើសកម្មភាពរួមគ្នា ។ 
 
លោកស្រី Margaret Myers នាយកកម្មវិធីអាស៊ី និងអាម៉េរិកឡាទីននៅឯកិច្ចសន្ទនាអន្តរអាម៉េរិកបាននិយាយថា វាមិនច្បាស់ទេថាតើសមាជិកថ្មីរបស់ BRICS នឹងសម្រេចបានអ្វីខ្លះបន្ទាប់ពីចូលរួម។ 
 
ចំពោះអត្ថប្រយោជន៍​សេដ្ឋកិច្ច​មិន​ទាន់​មាន​ភ្លាមៗ​ទេ ព្រោះ​សមាជិក​ថ្មី​មាន​ទំនាក់ទំនង​ទ្វេភាគី​យ៉ាង​ទូលំទូលាយ​ជាមួយ​ចិន។ ធនាគារអភិវឌ្ឍន៍ថ្មីរបស់ BRICS នៅតូចនៅឡើយ ​យ៉ាង​នេះ​ក្តី វិធានការ​ពង្រីក​ប្លុក​នេះ​មិន​គួរ​ត្រូវ​បាន​លោក​ខាង​លិច​មើល​ស្រាល​។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី Margaret Myers។ 
 
ស្រដៀងគ្នានេះដែរ លោក Gustavo de Carvalho បាននិយាយថា វាមិនប្រាកដថានឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែវាច្បាស់ណាស់ថាផ្តល់កន្លែងថ្មីសម្រាប់ពាណិជ្ជកម្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ សេចក្តីថ្លែងការណ៍ភាគច្រើនដែលបានធ្វើឡើងបន្ទាប់ពីសន្និសីទបានឆ្លុះបញ្ចាំងពីសំឡេងរួមមួយស្តីពីតម្រូវការផ្លាស់ប្តូរស្ថាប័នអន្តរជាតិ ជាពិសេសស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជាធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការពាណិជ្ជកម្មអន្តរជាតិ។
 
រហូតមកដល់បច្ចុប្បន្ន BRICS បានដើរទាន់ក្រុម G7 ទាក់ទងនឹង GDP សរុបដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញ (PPP) ប៉ុន្តែនៅតែតាមពីក្រោយសេដ្ឋកិច្ច G7 ទាក់ទងនឹង GDP សម្រាប់មនុស្សម្នាក់ដែលជារង្វាស់ដែលប្រើជាទូទៅដើម្បីវាស់ស្ទង់ការអភិវឌ្ឍន៍។
 
យោងតាម ​​IMF គ្មានសមាជិកណាម្នាក់ក្នុងចំណោមសមាជិក BRICS ទាំងប្រាំអាចសម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ដូចជប៉ុនដែលជាប្រទេសទាបបំផុតក្នុងចំណោមប្រទេស G7 ។ 
 
រហូតមកដល់ពេលនេះ មានប្រទេសចំនួន ២៣ បានដាក់ពាក្យសុំចូលជាសមាជិក BRICS ជាផ្លូវការហើយ ប៉ុន្តែត្រូវតែមានការយល់ព្រមពីសមាជិកទាំង ៥ ទើបអាចចូលបាន៕
 

Tag:
 BRICS
  G7
© រក្សាសិទ្ធិដោយ thmeythmey.com