ជាតិ
«ស្រែគំរូ» របស់ ARDB ប្រើពូជតែ៣០គីឡូក្រាមក្នុង១ហិកតា បានផលជាង៨តោន
04, Sep 2023 , 9:29 pm        
រូបភាព
«ស្រែគំរូ» ដែលអនុវត្តជោគជ័យនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រូបភាព៖ ARDB
«ស្រែគំរូ» ដែលអនុវត្តជោគជ័យនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រូបភាព៖ ARDB
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានប្រកាសជោគជ័យលើគម្រោងសាកល្បង «ស្រែគំរូ» ដោយប្រើពូជតែ៣០គីឡូក្រាមក្នុងមួយហិកតា បានផលស្រូវជាង៨តោន។ គម្រោងនេះ ទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងពីកសិករ ដោយហេតុថា វាបានកាត់បន្ថយថ្លៃដើមផលិត និងការប្រើប្រាស់ពូជរហូតដល់១០ដង។



លោក កៅ ថាច ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB បានឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ថា តាមរយៈគម្រោងសាកល្បង «ស្រែគំរូ» កាលពីខែមេសា លោកបានអញ្ជើញកសិករប្រមាណ២០០នាក់ ក្នុងខេត្តព្រៃវែង ឱ្យមកមើលពីរបៀបព្រោះស្រូវ ដោយបច្ចេកវិទ្យាដ្រូន ដែលប្រើប្រាស់ពូជត្រឹមតែ៣០គីឡូក្រាម ក្នុងមួយហិកតា តែទទួលបានផលជាង៨តោន។ គម្រោងសាកល្បងនេះ ផ្ដល់ចំណេញយ៉ាងច្រើន ដូចជា ការទទួលបានទិន្នផលខ្ពស់, ការកាត់បន្ថយប្រើពូជពី៣០០គីឡូក្រាម មកត្រឹម៣០គីឡូក្រាម និងការកាត់បន្ថយជីពី៨ប៉ាវ មកត្រឹម៦ប៉ាវ។  
 
ក្រោយអនុវត្តជោគជ័យលើផ្ទៃដី៥ហិកតា នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ធ្វើឱ្យកសិករមានការភ្ញាក់ផ្អើល ប៉ុន្តែ វាបានបង្ហាញប្រាប់ថា ការប្រើប្រាស់ពូជដែលល្អ ធនអាកាសធាតុ និងជំងឺ គួបផ្សំជាមួយបច្ចេកវិទ្យាទំនើប ពិតជាអាចជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករបានមែន។
 
លោក កៅ ថាច ប្រាប់ដូច្នេះថា៖« ខ្ញុំចង់នាំបច្ចេកវិទ្យាកសិកម្ម ហើយឱ្យកសិករគាត់មើល និងណែនាំឱ្យគាត់កាត់បន្ថយការប្រើប្រាស់ពូជ។ យើងដឹងហើយ កសិករខ្លះប្រើពូជរហូត៣០០គីឡូក្រាមឯណោះ ក្នុងផ្ទៃដីមួយហិកតា ដូច្នេះ វាខុសគ្នាចង់១០ដង។ ម្យ៉ាងទៀត កាលណាប្រើប្រាស់ពូជតិច ការចំណាយលើជី ក៏តិចតាមដូចគ្នាដែរ។ ទាំងនេះហើយ គឺការកាត់បន្ថយថ្លៃដើមផលិតរបស់គាត់»។
 
ចំពោះ ពូជស្រូវ ដែល ARDB យកមកអនុវត្តនៅខេត្តព្រៃវែងនេះ គឺជាពូជបរទេស ដែលមានរសជាតិឆ្ងាញ់ ទន់ និងក្រអូប។ ចំណែក ការដាំដុះវិញ ចំណាយពេលប្រមាណ៩០ថ្ងៃប៉ុណ្ណោះ។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មមួយនេះ ក៏មានគម្រោងរក្សាពូជនេះ ទុកដើម្បីចែកជូនសហគមន៍កសិកម្មក្នុងខេត្តព្រៃវែងផងដែរ ប្រសិនបើ សាកល្បងលើកទីពីរជោគជ័យ៕ 
 

Tag:
 កសិកម្ម
  ARDB
  ស្រែគំរូ
  កៅ ថាច
© រក្សាសិទ្ធិដោយ thmeythmey.com