អន្តរជាតិ
អាស៊ាន
អាស៊ាន ជជែកពីតម្រូវការ​ពឹង​ផ្អែក​លើ​ជី​កសិកម្មខ្លួនឯង​ដើម្បី​ធានា​សន្តិសុខ​ស្បៀង
05, Sep 2023 , 9:45 am        
រូបភាព
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន លោក George Barcelon​ បានលើកឡើងថា ប្រទេសសមាជិកអាស៊ានបានពិភាក្សាអំពីតម្រូវការក្នុងការពឹងផ្អែកដោយខ្លួនឯងលើការផលិតជី​កសិកម្មដើម្បីសម្រេចបានសន្តិសុខស្បៀងអាហារក្នុងតំបន់ ស្របពេលដែលវិបត្តិអ៊ុយក្រែនបង្កក្ដីបារម្ភខ្លាំងលើផ្នែកនេះ។

 
«នៅក្នុងតំបន់របស់យើង យើងពឹងផ្អែកយ៉ាងខ្លាំងលើជីដែលមកពីបរទេស។ ពិតប្រាកដណាស់ អ្នក​ផលិតជីអាសូតគឺចិន អាម៉េរិក រុស្ស៊ី និងឥណ្ឌា»។ លោក Barcelon បាននិយាយនៅ​ក្នុងប​ទ​សម្ភាស​មួយជាមួយទូរទស្សន៍ GMA នៅក្រៅនៃកិច្ចប្រជុំធុរកិច្ច និងការវិនិយោគអាស៊ាននៅឥណ្ឌូណេស៊ី។
 
លោក Barceon ​កត់​សម្គាល់​ថា ឥណ្ឌូណេស៊ីដែលម្ចាស់​ផ្ទះនៃកិច្ចប្រជុំអាស៊ាន ក៏ជាប្រទេស​ផលិត​ជីផង​ដែរ ប៉ុន្តែ​ក៏នៅតែ​ត្រូវ​នាំ​ចូល​ជីបន្ថែមសម្រាប់​ផលិត​កម្ម​កសិកម្ម​។
 
«ជីមានសារសំខាន់ណាស់សម្រាប់តំបន់។ យើង​បាន​និយាយ​អំពី​សន្តិសុខ​ស្បៀង អាហារ ហើយ​យើង​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​យ៉ាង​ហោច​ណាស់​លើ​ផ្នែក​ធំ​នៃ​ជី​របស់​យើង»។ លោក Barcelon សង្កត់​ធ្ងន់​បែបនេះរួចក៏លើកឡើងពីតម្រូវការដែលរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើកសិករ​ខ្នាត​តូច​ដើម្បី​បង្កើនផលិតភាពនិងការក្លាយខ្លួន​ជា​សហគ្រិន​។
 
បើតាមមន្ត្រីហ្វីលីពីន ការជំរុញផលិតភាពកសិករខ្នាតតូចនោះរួមមានការផ្តល់ហិរញ្ញប្បទាន ការ​កែល​ម្អ​ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត ផ្លូវដឹកជញ្ជូនទំនិញពីកសិដ្ឋានទៅទីផ្សារ និងការអនុវត្ត​តាម​បែប​ឌីជីថល៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com