ជាតិ
ក្រសួងវប្បធម៌ ព្រមានចាត់វិធានការលើអ្នកដែលយករូប«វត្ថុបុរាណ»ទៅផ្សព្វផ្សាយលក់តាមបណ្ដាញសង្គម
05, Sep 2023 , 11:09 am        
រូបភាព
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ភ្នំពេញ៖ ក្រសួងវប្បធម៌ ព្រមានចាត់វិធានការលើអ្នកដែលយករូបថត«វត្ថុបុរាណខ្មែរ» ដែលក្រសួងធ្លាប់បង្ហោះ ទៅផ្សព្វផ្សាយបន្តលើបណ្ដាញសង្គម ដើម្បីអាជីវកម្មផ្ទាល់ខ្លួន។ ការប្រើប្រាស់រូបថតវត្ថុបុរាណនេះ គឺជាសកម្មភាពខុសឆ្គង ដែលនាំឱ្យការភាន់ច្រឡំ ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការទាមទារវត្ថុបុរាណខ្មែរដែលបាត់បង់មកវិញ។



សេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែកញ្ញា បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ មន្រ្តីជំនាញនៃក្រសួងវប្បធម៌ សង្កេតឃើញថា មានអាជីវករ និងអ្នកលក់អនឡាញមួយចំនួន បានប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងធ្លាប់បង្ហោះកន្លងមក ទៅផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក ដើម្បីលក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។ 
 
ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ គឺជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ ទង្វើនេះក៏អាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថាវត្ថុបុរាណខ្មែរដែលគេបានប្រគល់ឱ្យវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារ ដោយខ្វះការគ្រប់គ្រង់ និងការពារពីរដ្ឋាភិបាលកម្ពុជា។
 
ករណីនេះ ក៏ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការទាមទារវត្ថុបុរាណខ្មែរមកវិញ និងបាត់បង់ទំនុកចិត្តមកលើរដ្ឋាភិបាលកម្ពុជាដែលប្រឹងប្រែងក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុស ច្បាប់ទៅក្រៅប្រទេស។
 
ក្រសួងវប្បធម៌ បានអំពាវនាវដល់អាជីវករ និងអ្នកលក់អនឡាញនានា ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់រូបភាពវត្ថុបុរាណខ្មែរ ដើម្បីផ្សព្វផ្សាយលក់វត្ថុសិល្បៈរបស់ខ្លួន។ ករណី អាជីវករ ឬ អ្នកលក់អនឡាញណា ដែលមិនបញ្ឈប់នូវទង្វើមិនស្របច្បាប់នេះ ក្រសួង នឹងចាត់វិធានការចាំបាច់ តាមច្បាប់ជាធរមាន៕ 
 
 
 
 
 

Tag:
 ក្រសួងវប្បធម៌
  វត្ថុបុរាណខ្មែរ
  បេតិកភណ្ឌវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com