ជាតិ
អាស៊ាន ​ចង់​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន
06, Sep 2023 , 11:59 am        
រូបភាព
លោក Airlangga Hartarto រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី។
លោក Airlangga Hartarto រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី។
រដ្ឋសមាជិកអាស៊ានកំពុងធ្វើការរួមគ្នាឆ្ពោះទៅរកការកសាងប្លុកសេដ្ឋកិច្ចដែលមាន​លក្ខណៈ​អំណោយ​ផលដល់ការការពារបរិស្ថានស្របតាមចក្ខុវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០៤៥។ នេះបើ​តាម​កា​រ​លើកឡើងរបស់រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី Airlangga Hartarto ក្នុង​វេទិកា​អាកាសធាតុអាស៊ាននៅទីក្រុងហ្សាការតា។

 
វេទិកាដែលធ្វើឡើងស្របគ្នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ផ្តោតលើគំនិតយុទ្ធសាស្ត្រ និង​ការ​គិត​យ៉ាងទូលាយទាក់ទងនឹងការកាត់បន្ថយការបំភាយឧស្ម័ន ការផ្លាស់ប្តូរ​ថាមពលដែលមានតម្លៃសមរម្យ យុទ្ធសាស្ត្រកាត់បន្ថយកាបូនដោយនិរន្តរភាព និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
 
យោងតាមលោក Hartarto តំបន់អាស៊ីអាគ្នេយ៍ នឹងរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ហើយអាចនឹងបាត់បង់ប្រហែល៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួននៅឆ្នាំ ២០៥០ ដោយសារតែការកើនឡើងសីតុណ្ហភាពពិភពលោក និងការកើនកំដៅខ្លាំងបំផុត។
 
ដូច្នេះ ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅអាស៊ីអាគ្នេយ៍ត្រូវកាត់បន្ថយពី១០ភាគរយទៅ២៥ ភាគរយនៅឆ្នាំ ២០៣០ ដើម្បីកម្រិតការឡើងកំដៅផែនដីមានត្រឹម១,៥អង្សា។ លោក​ Hartarto បាន​សង្កត់​ធ្ងន់​ថា ដើម្បី​សម្រេច​បានគោលដៅនេះ ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​រវាង​រដ្ឋាភិបាល និង​វិស័យ​អាជីវកម្ម​ពិត​​ចាំបាច់នាពេលនេះ។ លោកបានបន្ថែមថា បណ្តាប្រទេសអាស៊ានបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍ​ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី និងក្លាយជាផ្នែកមួយដ៏សំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។
 
កិច្ចសហប្រតិបត្តិការនេះរួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយ៍សាកថ្ម ការបង្កើត បរិយាកាសធុរកិច្ច និងវិនិយោគដើម្បីទាក់ទាញការវិនិយោគ និងការលើកទឹកចិត្តដល់​ភាព​ជា​ដៃគូ​សាធារណៈ និងឯកជន។ 
 
បច្ចុប្បន្ន ការអភិវឌ្ឍយានជំនិះអគ្គិសនីអាចដើរតួនាទីយ៉ាងសំខាន់ក្នុង​ការធានានិរន្តរភាព​បរិស្ថាន​ដោយចាប់ផ្តើមពីការកាត់បន្ថយការបំភាយផ្ទះកញ្ចក់ ការពន្លឿនការផ្លាស់ប្តូរថាមពល ការ​​សម្អាត​ការ​បញ្ចេញឧស្ម័នតាមផ្នែកដឹកជញ្ជូនតាមផ្លូវគោក ដើម្បី​សម្រេចបានគោលដៅការបំភាយឧស្ម័នសូន្យ ក៏ដូចជាការបង្កើនសន្តិសុខថាមពលនៅក្នុងតំបន់អាស៊ាន៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com