កីឡាជាតិ
ជាតិ
លោក Felix៖ ការមើលឃើញតែកំហុស ហើយរំលងការខំប្រឹង នឹងបំបាក់ទឹកចិត្តកីឡាករ
09, Sep 2023 , 4:06 pm        
រូបភាព
លោក Felix G. Dalmas ពាក់វែនតា នៅខាងឆ្វេងដៃគេ រូបពី Cambodian Premier League
លោក Felix G. Dalmas ពាក់វែនតា នៅខាងឆ្វេងដៃគេ រូបពី Cambodian Premier League
លោក Felix G. Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានប្រាប់ថា ការមើលឃើញកំហុស កីឡាករតែម្ខាង ដោយមិនបានស្វែងយល់ពីចំណុចវិជ្ជមាន និងការខំប្រឹងអស់ពីសមត្ថភាព របស់ពួកគេ គឺជារឿងអយុត្តិធម៌បំផុត និងជាការបំបាក់ឆន្ទៈផងដែរ។ គ្រូបង្វឹករូបនេះ បាន បន្ថែមថា អ្នកគាំទ្រ គួរតែចេះថ្លឹងថ្លែង ពីកំហុស និងមូលហេតុ នៃការបង្កើតកំហុសដោយអចេតនារបស់កីឡាករ។


 
ក្រោយបញ្ចប់ការប្រកួតជាមួយ ហុងកុង ក្នុងលទ្ធផល ១-១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋានជាតិអូឡាំពិក លោក Felix G. Dalmas បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា កីឡាបាល់ទាត់ គឺជាការប្រកួតពោពេញទៅដោយកំហុស។ គ្រូបង្វឹករូបនេះ ពន្យល់ថា កំហុស គឺជាផ្នែកមួយនៃការប្រកួត និងការអភិវឌ្ឍខ្លួន ព្រោះតាមរយៈកំហុស កីឡារ អាចរៀនកែប្រែ និងរកចំណុចខ្វះខាត និងចំណុចខ្លាំងឃើញ។
 
គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ ប្រាប់ថារាល់ការប្រកួតទាំងកីឡាករ ក៏ដូចជាអ្នកគាំទ្រ តែងចង់ឈ្នះ។ ដោយឡែក ការបង្កើតកំហុសអំឡុងពេលប្រកួត គឺជៀសមិនផុត ប៉ុន្ដែគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ លោក Felix G. Dalmas បាននិយាយថា អ្នកគាំទ្រ គួរតែចេះមើលស្ថានការណ៍ និងកាលៈទេសៈ នៃការប្រកួត ព្រោះគ្មានកីឡាករណា ចង់បង្កើតកំហុសនោះទេ។ 

ជម្រើសជាតិកម្ពុជា អរគុណដល់អ្នកគាំទ្រ រូបពី Cambodian Premier League
 
«យើងមិនអាចនិយាយបានទេថា អ្នកបានបង្កើតកំហុស។ ដូច្នេះអ្នកត្រូវតែចេញ។ យើង ត្រូវសម្លឹងមើលតើគេបង្កើតកំហុសបែបណា? ហើយតើមានរឿងអ្វីកើតឡើងចំពោះគេ បានជាគេបង្កើតកំហុស? តើក្រុមទាំងមូលពិតជាមានចេតនា បង្កើតកំហុស? ចុះប្រសិនជាខ្ញុំ ដាក់អ្នកឲ្យលេងជាមួយគេ ដែលមានមាឌធំជាងអ្នកដល់ទៅ ៣ដង ដូចជាក្រុមហុងកុង តើអ្នកអាចលេងបានរបៀបណា?»។ គ្រូបង្វឹកជម្រើសជាតិកម្ពុជា បាននិយាយដូច្នេះ។
 
គ្រូបង្វឹករូបនេះ មិនគាំទ្រចំពោះការសម្លឹងឃើញតែចំណុចអវិជ្ជមានរបស់កីឡាករ ដោយមិនបានមើលឃើញ ការប្រឹងប្រែងរបស់ពួកគេ ក្នុងទីលានប្រកួត។ លោក Felix បានលើកឧទាហរណ៍ជាក់ស្ដែង ចំពោះការប្រកួតជាមួយហុងកុង ថាកីឡាករក្រុមភ្ញៀវ មានមាឌធំជាងកម្ពុជា ដល់ទៅ៣ដង ប៉ុន្ដែកីឡាករកម្ពុជា បានព្យាយាមលេងបាល់។ នេះមិនត្រឹមតែជាការប្រកួតបាល់ទាត់ទេ ប៉ុន្ដែកីឡាករ ក៏ប្រជែងលើកម្លាំងកាយសម្បទា ដែលមានមាឌធំជាងខ្លួនផងដែរ។ លោក Felix G. Dalmas ចាត់ទុកថា នេះគឺជារឿងអយុត្តិធម៌ និងបំបាក់ទឹកចិត្តកីឡាករ ដែលប្រឹងអស់ពីសមត្ថភាពខ្លួន។
 
«គេបង្កើតកំហុស ប៉ុន្ដែគេប្រជែងជាមួយក្រុមដែលមានមាឌធំជាងខ្លួន ដល់ទៅ៣ដង។ យើងត្រូវដឹងថា ពួកគេបានប្រឹងអស់ពីសមត្ថភាព ប្រជែងជាមួយក្រុមដើម្បីឲ្យបានស្មើ។ ពួកគេ ព្យាយាមលេងបាល់ ហើយក៏ព្យាយាមប្រកួតជាមួយកាយសម្បទា ដែលមានមាឌធំជាងផងដែរ។ ខ្ញុំ គិតថាមិនយុត្តិធម៌សម្រាប់កីឡាករ ដែលយើង មើលឃើញតែកំហុស។»។ គ្រូបង្វឹកជម្រើសជាតិកម្ពុជា រូបនេះ បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរ កម្ពុជា បានប្រកួតស្មើជាមួយ ហុងកុង ក្នុងលទ្ធផល ១-១ នៃការប្រកួតមិត្តភាពអន្ដរជាតិ Vattanac International Friendly កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្ពុជា ត្រូវស្វាគមន៍ ម៉ាកាវ នៅថ្ងៃទី១១កញ្ញា នៅកីឡដ្ឋានដដែលនេះ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ MinebeaMitsumi International Friendly វេលាម៉ោង ៧:០០ យប់៕
 

Tag:
 បាល់ទាត់
  Felix G. Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com