ជាតិ
CDC ឱ្យក្រុមហ៊ុន១០ ដែលមានទុនសរុបជាង១៤៦លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា
09, Sep 2023 , 7:39 pm        
រូបភាព
រូបភាពពី៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
រូបភាពពី៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ឱ្យ ក្រុមហ៊ុនចំនួន១០ បង្កើតរោងចក្រនៅកម្ពុជា។ បើតាមការចុះផ្សាយរបស់ CDC ក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគសរុបជាង ១៤៦លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋជិត ១៤ ៣៥២កន្លែង។


 
ក្រុមហ៊ុនទាំង១០ ដែលបោះទុនបង្កើតរោងចក្រនៅកម្ពុជានោះ នៅខេត្តកំពង់ស្ពឺ, កណ្តាល, ព្រះសីហនុ, ក្រចេះ, រាជធានីភ្នំពេញ និងតាកែវ។ ដោយឡែក ក្នុងនោះមាន  ក្រុមហ៊ុន CAMBODIAN TRANSMISSION II CO., LTD គ្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ ដើមទុនវិនិយោគប្រមាណ ៩២,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
 
សម្រាប់ ក្រុមហ៊ុន HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD នឹងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ មានទីតាំងនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងដើមទុនប្រមាណ ៨,៩លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋបានចំនួន ៣ ៦១៨កន្លែងផងដែរ។
 
ជាមួយគ្នានេះ ក្រុមហ៊ុន APOLLO PET PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម។ រោងចក្រនេះ មានទីតាំងនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រោងចក្រនេះចំណាយដើមទុនប្រមាណ ៨លានដុល្លារ និងជួយផ្តល់ការងារបានចំនួន ១ ១២៦កន្លែងដែរ។
 
ក្រុមហ៊ុន PRIME STORAGE SOLUTION (CAMBODIA) CO., LTD គម្រោងបង្កើត រោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ពីលោហធាតុកែច្នៃ មានដើមទុនប្រមាណ ៥,៨លានដុល្លារ។ ទីតាំងស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។
 
ទន្ទឹមនឹងនោះ ក្រុមហ៊ុន INTEGRITY UNION PACKAGING MATERIAL CO., LTD” នឹង បង្កើតរោងចក្រផលិតសម្ភារវេចខ្ចប់គ្រប់ប្រភេទ ដែលអាចបង្កើតការងារដល់ពលរដ្ឋចំនួន ៥៣៧កន្លែង។ រោងចក្រនេះ មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ ទីតាំងវិនិយោគ ស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 
 
ក្រុមហ៊ុនNEOCAMBO TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ នៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២ ៧៥៩កន្លែង។
 
ការបង្កើតរោងចក្ររបស់ក្រុមហ៊ុន FONTERNIG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៦៨៦កន្លែង។
 
ក្រុមហ៊ុន PACKAGING TECHNOLOGY CO., LTD” គម្រោងវិនិយោគកម្មន្តសាលសម្ភារធ្វើពីក្រដាស នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥ ១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។
 
ក្រុមហ៊ុន INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ២៨១កន្លែង។
 
ក្រុមហ៊ុនចុងក្រោយគឺ ក្រុមហ៊ុន HONGRUI BAG (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម នៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥ ០២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២ ៥៤០កន្លែងផងដែរ៕

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com